យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា បាល់ទាត់ English Championship នឹងវិលត្រឡប់មកវិញនៅថ្ងៃទី២០ ខែមិថុនា។
យោងតាមការប្រកាសរបស់លីកបាល់ទាត់អង់គ្លេស (EFL) បាននិយាយថា ការកំណត់កាលបរិច្ឆេទបណ្តោះអាសន្ននឹងស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងតឹងរឹង និងការណែនាំរបស់រដ្ឋាភិបាល។ ការប្រកួតបាល់ទាត់ English Championship នៅសល់១០៨ប្រកួតទៀត ទើបបញ្ចប់រដូវកាល។
EFL ក៏បានឱ្យដឹងដែរថា ទោះជាយ៉ាងណាក្តី ត្រូវតែវិលត្រឡប់មកប្រកួតបញ្ចប់រដូវកាលឱ្យបាន រួមទាំងការប្រកួតវគ្គ Play off អាចធ្វើនៅថ្ងៃទី៣០ ខែកក្កដា។ ជាមួយគ្នានោះ ដែរ ក្របខណ្ឌ Championship ក៏កំពុងពិភាក្សាពីលទ្ធភាពផ្លាស់ប្តូរកីឡាករ៥នាក់ ដូចក្នុងក្របខណ្ឌ Premier Leagueដែរ។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលអង់គ្លេស បានកំណត់ឱ្យបាល់ទាត់ English Premier League វិលត្រឡប់មកប្រកួតវិញ នៅថ្ងៃទី១៧ ខែមិថុនា។
លោក Rick Parry ប្រធាន EFL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កាលបរិច្ឆេទថ្ងៃទី២០ ខែមិថុនា គ្រាន់តែជាកាលបរិច្ឆេទបណ្តោះអាសន្ន យើងត្រូវរង់ចាំការបញ្ជាក់ច្បាស់លាស់ពីក្រសួងពាក់ព័ន្ធដើម្បីធានាសុវត្ថិភាពដល់កីឡាករ និងមន្ត្រីក្លឹប។ នៅក្នុងដំណើរការធ្វើតេស្តកីឡាករ និងបុគ្គលិកក្លឹបទាំង២៤ក្លឹប គេបានរកឃើញកីឡាករមួយចំនួនផ្ទុកមេរោគកូវីដ-១៩។
កីឡាករ២នាក់របស់ក្លឹប Hull ត្រូវបានធ្វើតេស្តរកឃើញផ្ទុកកូវីដ-១៩ ក្នុងការធ្វើតេស្តជុំទី១ ខណៈដែលកីឡាករ Fullham ២នាក់ និង Blackburn ម្នាក់ ក៏មានផ្ទុកមេរោកកូវីដ-១៩ ក្នុងការធ្វើតេស្តជុំទី២។
គួររំឭកថា ប្រទេសអង់គ្លេស នៅមានករណីឆ្លង និងស្លាប់ដោយកូវីដ-១៩ច្រើនគួរសមដែរ។ តួលេខនៅថ្ងៃចន្ទនេះ មានអ្នកឆ្លងថី១៩៣៦ ស្លាប់១១៣នាក់។ តួលេខសរុបមានអ្នកឆ្លង២៧៤៧៦២ ស្លាប់៣៨៤៨៤ និងព្យាបាលជាគ្មានតួលេខ៕