កីឡាករក្លឹប Liverpool បានលុតជង្គង់បង្ហាញសាមគ្គីភាព និងសម្តែងការគោរពទៅដល់មរណភាពរបស់លោក George Floyd ដែលត្រូវបានប៉ូលិសអាមេរិក សង្កត់ករហូតដល់ស្លាប់នៅរដ្ឋមីនីសូតា កាលពីសប្តាហ៍មុន។
មរណភាពរបស់លោក George Floyd ផ្តើមចេញពីការប្រើប្រាស់ក្រដាស់ប្រាក់២០ដុល្លារក្លែងក្លាយ នៅក្នុងភោជនីយដ្ឋានមួយកន្លែង។
កាលពីថ្ងៃចន្ទ កីឡាករក្លឹប Liverpool បានលុតជង្គង់ធ្វើជារង្វង់នៅក្នុងពហុកីឡដ្ឋាន Anfield ដើម្បីរំឮកទៅដល់វិញ្ញាណខន្ធ របស់លោក Floyd ។
នៅក្នុងឱកាសនោះ កីឡាករខ្សែការពារ Virgil Van Dijk បាននិយាយថា “ការរួបរួមគ្នាគឺខ្លាំង។ មិនត្រឹមតែក្លឹប Liverpool ប៉ុណ្ណោះទេ ដែលសម្តែងក្តីកង្វល់ទៅនឹងមរណភាពរបស់ជនជាតិអាមេរិក ស្បែកខ្មៅរូបនេះ និយាយរួម វាបានធ្វើឱ្យកក្រើក ពិភពលោកតែម្តង”។
មិនថាតែកីឡាករក្លឹប Liverpool ប៉ុណ្ណោះទេ កីឡាករអត្តពលិកល្បីៗជាច្រើនទៀតក៏បានសម្តែងការចូលរួមតវ៉ា និងទាមទាររកយុត្តិធម៌ជូនបុរសជនជាតិស្បែកខ្មៅនេះដែរ។
ចំណែកកីឡាករ Marcus Rashford ខ្សែប្រយុទ្ធក្លឹប Man UTD បានសម្តែងក្តីបារម្ភពីការបែងចែក សង្គមជាពីររវាងស្បែកស និងស្បែកខ្មៅ។
ខ្សែបបម្រើ Paul Pogba បាននិយាយ ថា “អំពើហិង្សា ការប្រកាន់ពូជសាសន៍ គឺជាទង្វើមិនគួរឱ្យអត់ឱនបាននោះទេ”។
ដោយឡែក កាលពីចុងសប្តាហ៍មុន កីឡាករខ្សែប្រយុទ្ធ Jadon Sancho បានសរសេរនៅលើអាវយឺត របស់ខ្លួនដែលមានន័យថា រកយុត្តិធម៌ឱ្យលោក George Floyd ៕
ប្រភពពី ៖ Reuter
ប្រែសម្រួលដោយ ៖ ដេត