យោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្លឹបបាល់ទាត់ប្រឺមីញេលីក ត្រូវបានគេអនុញ្ញាតឱ្យចូលរួមប្រកួតមិត្តភាពបានមុនពេលការប្រកួតចាប់ផ្តើមនៅថ្ងៃទី១៧ ខែមិថុនា។
ប្រភពព័ត៌មានខាងលើ បានឱ្យដឹងទៀតថា ពហុកីឡដ្ឋានដែលត្រូវទទួលការប្រកួតមិត្តភាព គឺមិនត្រូវប្រើរយៈពេលច្រើនជាង៩០នាទី ហើយកីឡាករនីមួយៗត្រូវធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន ហើយត្រូវស្លៀកសម្លៀកបំពាក់ឱ្យរួចរាល់។ ការប្រកួតត្រូវមានអាជ្ញាកណ្តាលដែលជ្រើសរើសចេញពីសមាជិក បុគ្គលិក គ្រូបង្វឹករបស់ក្លឹប ហើយកីឡាករត្រូវតែវិលត្រឡប់មកវិញជាមួយនឹងការធ្វើតេស្តរកមេរោគកូវីដ-១៩ អវិជ្ជមាន។
បាល់ទាត់អង់គ្លេសប្រឺមីញេលីក នៅសល់៩ប្រកួតទៀតទើបចប់ការប្រកួត ខណៈដែលរដ្ឋាភិបាល ទើបតែបើកខៀវ ឱ្យចូលហ្វឹកហាត់កាលពីសប្តាហ៍មុន។
ទាក់ទងនឹងបញ្ហានេះ លោក Bredan Rogers គ្រូបង្វឹកក្លឹប Leicester បាននិយាយថា “ក្លឹបរបស់ខ្ញុំនឹងធ្វើការប្រកួតទ្រង់ទ្រាយធំនៅក្នុងពហុកីឡដ្ឋាន King Power ដើម្បីជួយឱ្យកីឡាករបង្កើនល្បឿនដូចការប្រកួតមែនទែន។
លោកបានបន្តទៀតថា យើងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការវិលត្រឡប់មកប្រកួតបញ្ចប់រដូវកាលវិញ។ យើងនឹងធ្វើការប្រកួតមិត្តភាពនៅក្នុងពហុកីឡដ្ឋានរបស់យើង មុនពេលដែលបើកទ្វារទទួលក្លឹបផ្សេងៗទៀត៕
ប្រភពពី ៖ Reuters
ប្រែសម្រួលដោយ ៖ ដេត