យោងតាមប្រភពព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានគ្រប់គ្រងការប្រកួតកីឡាប្រដាល់ Bob Arum បានឱ្យដឹងថា ស្តេចប្រដាល់សកលកម្រិតពិភពលោក Manny Pacquiao នឹងអាចប្រឈមមុខទល់នឹងកីឡាករវ៉ៃមិនដែលចាញ់ Terence Crawford ដែលជាម្ចាស់ខ្សែក្រវាត់ WBO ប្រភេទទម្ងន់មធ្យម Welterweight Champions ចុងឆ្នាំនេះ នៅប្រទេសបារ៉ែន។
លោក Bob Arum បានប្រាប់កាសែតអង់គ្លេស The Sun ថា ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao នឹងមានការប្រកួតនៅចុងឆ្នាំនេះ ជាមួយ Crawford ដែលអាចធ្វើឡើងនៅទឹកដីបារ៉ែន ដែលជំនួបនេះ បានពិភាក្សាយ៉ាងស្វិតស្វាញផងដែរ។
ស្តេចប្រដាល់ Manny Pacquiao មានវ័យ៤១ឆ្នាំ កំពុងកាន់កាប់ខ្សែក្រវាត់កម្រិតមធ្យម WBA Super Welterweight ដែលដណ្តើមបានពីកីឡាករអាមេរិក Keith Thurman កាលពីឆ្នាំមុន។
សម្រាប់អ្នកប្រដាល់សញ្ជាតិអាមេរិក Terence Crawford វ័យ៣២ឆ្នាំវិញ បានកាន់កាប់ខ្សែក្រវាត់ទម្ងន់ស្រាលក្នុងឆ្នាំ២០១៧ មុនឡើងមកឈ្នះខ្សែក្រវា់ត់ទម្ងន់មធ្យម WBO ក្នុងឆ្នាំ២០១៨ ដែលរូបគេកំពុងតែកាន់កាប់កំណត់ត្រាមិនទាន់ស្គាល់ចាញ់នោះទេ ក្នុងការប្រកួតទាំង៣៦លើក និងបានផ្តួលគូប្រជែងឱ្យបោះបង់ការប្រកួតលើសង្វៀនបាន២៧លើក ខណៈដែលស្តេចប្រដាល់ Manny Pacquiao ធ្លាប់ប្រកួតឈ្នះ៦២លើក ចាញ់៧លើក និងស្មើ២លើក៕
ប្រភពពី ៖ Daily Mail
ប្រែសម្រួលដោយ ៖ ដេត