កាលពីថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ ២០២០ ក្លឹប Brescia បានគំរាមលុបចោលកុងត្រាខ្សែប្រយុទ្ធ Mario Balottelli បន្ទាប់ពីខកខានមិនបានវិលត្រឡប់មកហ្វឹកហាត់ទាន់ពេលវេលាកាលពីដើមខែនេះ។
កីឡាករខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ បានចុះកុងត្រាជាមួយក្លឹប Brescia រយៈពេល៣ឆ្នាំ កាលពីឆ្នាំទៅមិញ ហើយបានជួយឱ្យក្លឹបនេះឡើងមកលីកកំពូលអ៊ីតាលីស៊េរី A ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១១។
Mario Balotelli ត្រូវបានគេទទួលស្គាល់ថាជាកីឡាករម្នាក់ដែលចូលចិត្តបង្កបញ្ហាអំឡុងពេលគាត់លេងឱ្យក្លឹប Inter, Man City, Milan, Liverpool, Nice, Marseille និង ចុងក្រោយលេងឱ្យ Brescia ។
បើយោងតាមប្រពភព័ត៌មាន Sky Sport បានឱ្យដឹងថា កីឡាកររូបនេះកំពុងមានជម្លោះជាមួយលោក Massimo Cellino ប្រធានក្លឹប Brescia ក្រោយពេលដែលខ្សែប្រយុទ្ធរូបនេះបដិសេធមិនវិលត្រឡប់មកហ្វឹកហាត់ ដោយបារម្ភខ្លាចជំងឺកូវីដ-១៩។ ដោយសារតែបញ្ហានេះ ប្រធានក្លឹបមានគម្រោងលុបចោលកុងត្រា Mario Balotelli ។
សម្រាប់រដូវកាលនេះ ខ្សែប្រយុទ្ធដែលសម្បូររឿងអាស្រូវមិនចេះចប់ រកគ្រាប់បាល់បញ្ចូលទី៥គ្រាប់ ក្នុងចំណោម១៩ប្រកួត មុនពេលផ្អាកការប្រកួត។
ក្លឹបបាល់ទាត់អ៊ីតាលីស៊េរី A បានផ្អាកការប្រកួតតាំងពីថ្ងៃទី០៩ ខែមីនា ហើយគ្រោងនឹងវិលត្រឡប់មកវិញនៅថ្ងៃទី២០ ខែមិថុនា ខាងមុខនេះ៕
ប្រភពពី ៖ Sky Sport
ប្រែសម្រូលដោយ ៖ ដេត