យោងតាមប្រភពព័ត៌មានពីកីឡាករ Zabaleta បានទម្លាយឲ្យដឹងថាលោក Pep Guardiola គ្រូបង្វឹកក្លឹបមេឃខៀវ Man City ជានិច្ចកាលតែងតែប្រាប់បុគ្គលិក នៅកន្លែងហ្វឹកហាត់ឲ្យផ្តាច់ Wifi មិនឲ្យកីឡាករប្រើប្រាស់។
គោលបំណងរបស់លោក Pep គឺចង់ឲ្យកីឡាករទាំងអស់ មានពេលវេលាគ្រប់គ្រាន់ផ្តោតអារម្មណ៍ហ្វឹកហាត់ ជាមួយក្លឹបMan City ដើម្បីទទួលបានជោគជ័យ ។ នេះចាត់ទុកថាជាយុទ្ធសាស្ត្រដ៏ល្អមួយសម្រាប់ពង្រឹងសមត្ថភាពកីឡាករ ទាំងបច្ចេកទេសលេង សីលធម៌ និង ជួយឲ្យកីឡាករមិនបែកអារម្មណ៍។
Zabaleta បាននិយាយថា៖ ’’គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបាន តម្រូវឲ្យកីឡាករទាំងអស់បរិភោគអាហារពេលព្រឹក និងថ្ងៃត្រង់នៅកន្លែងហ្វឹកហាត់ជុំគ្នា ហើយលោកបានបញ្ជាឲ្យបុគ្គលិកទៅទីនោះបិទប្រព័ន្ធអ៊ីនធឺណិត Wifi ឬ 3G ធ្វើឲ្យកីឡាករមិនអាចប្រើប្រាស់បានដាច់ខាត’’ ។
គួររំឮកថា Pep Guardiola បានមកដឹកនាំ Man City ជំនួសតំណែងលោក Manuel Pellegrini ក្នុងរដូវកាលថ្មី ហើយបានជួយឲ្យក្លឹបនេះឈរតំណែងកំពូលតារាង គិតត្រឹមសប្ដាហ៍ទី៧ បើទោះជាប្រកួតចុងក្រោយនេះចាញ់ម្ចាស់ផ្ទះ Tottenham ២-០ ក៏ដោយ៕
ដោយ៖ ហេង ដេត