Thursday, May 9, 2024
Homeព័ត៌មានជាតិលោក​កឹម សុខា សង្ឃឹម​ស្ថាន​ការណ៍​វិល​​រក​ភាព​ប្រ​ក្រ​តី ក្រោយ​​ចេញ​ទៅ​ចុះ​ឈ្មោះ​បោះ ឆ្នោត​ដោយ​សុ​វត្ថិ​ភាព

លោក​កឹម សុខា សង្ឃឹម​ស្ថាន​ការណ៍​វិល​​រក​ភាព​ប្រ​ក្រ​តី ក្រោយ​​ចេញ​ទៅ​ចុះ​ឈ្មោះ​បោះ ឆ្នោត​ដោយ​សុ​វត្ថិ​ភាព

ភ្នំពេញ ៖ ក្រោយពីបានទៅចុះឈ្មោះបោះឆ្នោត ប្រកបដោយសុវត្ថិភាព លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានបង្ហាញ ក្តីសង្ឃឹមថា ស្ថានការណ៍នយោបាយរវាងគណបក្សទាំង២ គឺគណបក្សប្រឆាំង និងគណបក្ស កាន់អំណាច នឹងវិលមករកភាពប្រក្រតីវិញ ដើម្បី ឱ្យការបោះឆ្នោតមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ លោកកឹម សុខា បានចាកចេញពីទីស្នាក់ការ កណ្តាលគណបក្សសង្គ្រោះជាតិ ជាលើកដំបូង បន្ទាប់ពីស្នាក់នៅទីនេះជិត៥ខែ ឬមានរយៈ ពេល១៣២ថ្ងៃ បើគិតចាប់តាំងពីការឃុំខ្លួនឯង ពីថ្ងៃទី២៦ ខែឧសភា ជាថ្ងៃដែលតុលាការ សម្រេចចោទប្រកាន់រូបលោកពីបទ “បដិសេធ ក្នុងការចូលខ្លួន” ដើម្បីទៅចុះឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលរៀបចំ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (..)

kha-3

បើតាមលិខិតបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន លោកកឹម សុខា មានលំនៅក្នុងសង្កាត់ បឹងកក់២ ខណ្ឌទួលគោក និងមួយទៀត នៅ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ប៉ុន្តែលោក បានទៅចុះឈ្មោះនៅការិយាល័យដែលមិនមែន ជាលំនៅរបស់លោក គឺនៅសង្កាត់ចាក់អង្រែលើ។

ប្រជាពលរដ្ឋជាច្រើនដែលអ្នកគាំទ្រលោក កឹម សុខា ក៏បានឡើងមកជួបជុំគ្នានៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ដើម្បីលើក ទឹកចិត្តលោកកឹម សុខា ព្រោះពួកគាត់មាន ការព្រួយបារម្ភពីការចាប់ខ្លួនលោកកឹម សុខា។ ប៉ុន្តែជាទិដ្ឋភាពនៅថ្ងៃនោះ លោកកឹម សុខា បានធ្វើដំណើរតាមរថយន្ត ដែលអមដោយរថយន្ត និងម៉ូតូមួយចំនួនប៉ុណ្ណោះ ដោយមិនមានការ ហែហមច្រើនពីសំណាក់អ្នកគាំទ្រនោះឡើយ។

មុនទៅចុះឈ្មោះបោះឆ្នោតនោះ លោក កឹម សុខា ក៏បានថ្លែងប្រាប់អ្នកគាំទ្រថា ក្នុងនាម ជាពលរដ្ឋខ្មែរម្នាក់ លោកមានសិទ្ធិគ្រប់គ្រាន់ ក្នុងការទៅចុះឈ្មោះបោះឆ្នោត ហើយលោក ក៏បានអំពាវនាវដល់ប្រជារាស្ត្រខ្មែរទាំងអស់ ឱ្យ ទៅចុះឈ្មោះបោះឆ្នោត ដើម្បីបានចូលរួមបោះឆ្នោតស្របច្បាប់។

kha-4

លោកកឹម សុខា មានប្រសាសន៍ថា “ការ ចុះឈ្មោះបោះឆ្នោតនេះ គឺជាសិទ្ធិស្របច្បាប់ របស់ខ្ញុំក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំមានកាតព្វកិច្ច ដើម្បីចូលរួមការបោះឆ្នោត ដើម្បីសម្រេច នូវជោគវាសនាអនាគតរបស់ប្រទេសជាតិ និង ប្រជាពលរដ្ឋខ្មែរយើង ហើយក្នុងឱកាសនេះដែរ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ និមន្តព្រះសង្ឃទាំងអស់ ដែលមានព្រះជន្ម និងមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ គិតដល់ ថ្ងៃបោះឆ្នោត សូមមេត្តានិមន្តនិងអញ្ជើញទៅ ចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ព្រោះបងប្អូនខ្លះមានការយល់ច្រឡំថា ខ្លួនធ្លាប់មានឈ្មោះ ក្នុងបញ្ជីពីអាណត្តិមុនៗហើយ បើយល់បែបនេះ គឺខុសហើយ គឺបច្ចុប្បន្ននេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកធ្វើបញ្ជីថ្មីឡើង វិញទាំងអស់ ទោះបីបងប្អូនណាដែលធ្លាប់មាន ឈ្មោះក្នុងបញ្ជីចាស់ក៏ដោយ បើមិនទៅចុះឈ្មោះ បោះឆ្នោតក្នុងពេលនេះទេ គឺមិនអាចមាន ឈ្មោះបោះឆ្នោតទេ គឺដំណើរការចុះឈ្មោះ បោះឆ្នោតនេះ មានរហូតទៅដល់ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៦នេះ។ ដូច្នេះខ្ញុំកឹម សុខា ក៏នឹង ទៅចុះឈ្មោះបោះឆ្នោត ហើយសុំបងប្អូនទាំង អស់ និមន្តព្រះសង្ឃទាំងអស់ ទៅចុះឈ្មោះ បោះឆ្នោតទាំងអស់គ្នា ដើម្បីបំពេញតួនាទីយើង ជាពលរដ្ឋខ្មែរទាំងអស់គ្នា”។

ដោយឡែក បន្ទាប់ពីវិលត្រឡប់ពីចុះឈ្មោះ បោះឆ្នោតមកដល់ទីស្នាក់ការកណ្តាលគណបក្ស សង្គ្រោះជាតិវិញ លោកកឹម សុខា ក៏បានថ្លែង ទៅកាន់អ្នកគាំទ្រនិងអ្នកសារព័ត៌មានថា ការ ដែលលោកបន្តស្នាក់នៅតែក្នុងបក្សជាង៤ខែ មកនេះ គឺជាការតស៊ូបែបអហិង្សាឱ្យមានដំណោះស្រាយដោយសន្តិវិធី។ ហើយចាប់ពីថ្ងៃនេះទៅ លោកសង្ឃឹមថា ស្ថានការណ៍នយោបាយនឹង វិលទៅរកប្រក្រតីភាពឡើងវិញ។

លោកកឹម សុខា មានប្រសាសន៍ថា “ខ្ញុំ បានចុះឈ្មោះបោះឆ្នោតហើយ ខ្ញុំបានបំពេញ កាតព្វកិច្ចហើយ មានឈ្មោះក្នុងបញ្ជីហើយ។ អ្វីដែលជាកិច្ចការសំខាន់របស់គណបក្សសង្គ្រោះជាតិ គឺយើងមានគោលដៅច្បាស់លាស់ ទី១ គឺ គោលដៅយើងធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន នេះហើយជាគោលដៅ។ អ៊ីចឹងដើម្បីឱ្យមាន គោលដៅនេះ ក្នុងនាមខ្ញុំជាអ្នកដឹកនាំ ខ្ញុំត្រូវតែចូលរួមនូវដំណើរការបោះឆ្នោតនេះ ចូលរួម ចុះឈ្មោះបោះឆ្នោត ចូលរួមបោះឆ្នោតនៅក្នុង ពេលខាងមុខនេះទៀត។ ដូច្នេះ នេះជាគោលដៅគណបក្សសង្គ្រោះជាតិ អត់មានកែប្រែ អត់ មានផ្លាស់ប្តូរទេ គឺធ្វើដំណើរឆ្ពោះទៅរកការ បោះឆ្នោត ដើម្បីនាំមកនូការផ្លាស់ប្តូរជាវិជ្ជមាន។ ទី២ គោលបំណងដើម្បីឱ្យសម្រេចនូវគោលដៅ នៃការបោះឆ្នោតនេះមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឆ្លុះបញ្ចាំងអំពីឆន្ទៈពិតប្រាកដ របស់ប្រជាពលរដ្ឋខ្មែរ គណបក្សសង្គ្រោះជាតិ គឺមានគោលបំណងចង់ឱ្យមានបរិយាកាសនយោបាយប្រក្រតីឡើងវិញ បរិយាកាសនយោបាយ ស្មើភាពគ្នា ដើម្បីឱ្យមានការបោះឆ្នោត ឆ្លុះបញ្ចាំង ពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ នេះហើយ ជាគោលបំណងរបស់គណបក្សសង្គ្រោះជាតិ។ កាលណាយើងមិនមានរៀបចំបរិយាកាសនយោបាយល្អទេ ការបោះឆ្នោតអត់បានឆ្លុះបញ្ចាំងពី ឆន្ទៈទេ។ ការបោះឆ្នោតដែលគេវាយតម្លៃថា មានលក្ខណៈសេរី យុត្តិធម៌ យ៉ាងណានោះ គឺវា មិនអាស្រ័យតែថ្ងៃបោះឆ្នោតទេ វាអាស្រ័យ បរិយាកាសទូទៅ តាំងពីមុនបោះឆ្នោត ថ្ងៃ បោះឆ្នោត ហើយក្រោយបោះឆ្នោត នៅពេល ប្រកាសលទ្ធផល។ អ៊ីចឹងវាត្រូវការបរិយាកាស ទាំងអស់ហ្នឹង។ អ៊ីចឹងហើយបានជាគណបក្ស សង្គ្រោះជាតិ យើងមានគោលបំណងចង់ឱ្យ មានបរិយាកាសនយោបាយមួយប្រក្រតី ដើម្បី ឱ្យមានការបោះឆ្នោតនេះ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ទី៣ ក្រោយពីយើងមានគោលដៅច្បាស់លាស់ហើយ យើងមានគោលបំណង ពិតប្រាកដហើយ គឺយើងសុំបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ជានិច្ចជាកាល គឺយើងចង់ ឱ្យមានដំណោះស្រាយនយោបាយ យើងអត់ ចង់ឱ្យមានអំពើហិង្សាជាដាច់ខាត យើងចង់ ឱ្យមានដំណោះស្រាយនយោបាយដោយសន្តិវិធី ដោយអហិង្សា ដំណោះស្រាយនយោបាយ ដើម្បីសម្រេចឱ្យបាននូវបរិយាកាសនយោបាយមួយដែលមានភាពប្រក្រតី ស្មើភាព។ បរិយាកាសនយោបាយ ដែលយើងចង់បាននោះ  គឺជាបរិយាកាសដើម្បីឱ្យគ្រប់ភាគីនយោបាយ ទាំងអស់អាចចូលរួមការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ ហើយឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតហ្នឹង គឺមានសិទ្ធិធ្វើសេចក្តីសម្រេចដោយ សេរី ត្រឹមត្រូវ។ នេះហើយដែលជាបរិយាកាស ហើយដែលជាបំណងរបស់យើង ហើយយើង ត្រូវធ្វើអីគឺយើងរកដំណោះស្រាយនយោបាយ ដោយអហិង្សា ដោយសន្តិវិធី ហើយដែលខ្ញុំ ស្នាក់នៅទីនេះអស់រយៈពេលជាង៤ខែនេះ គឺ ដើម្បីធ្វើការតស៊ូមតិ ដើម្បីទាមទាររកដំណោះស្រាយនយោបាយ ដើម្បីវិលទៅរកភាពប្រក្រតី វិញ។ ដូច្នេះរកច្រកណាក៏ដោយ ឱ្យតែអាចឈាន ទៅរកដំណោះស្រាយនយោបាយ វិលទៅរកភាព ប្រក្រតីឡើងវិញ ដើម្បីឱ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋ គណបក្សសង្គ្រោះជាតិ ត្រូវតែធ្វើដំណើរទៅហ្នឹង ធ្វើដំណើរទៅ រកកន្លែងណាដែលអាចមានដំណោះស្រាយ ដោយអហិង្សា ដោយសន្តិវិធី។ នេះជាចំណុច ដែលខ្ញុំចង់ជម្រាបជូនបងប្អូនទាំងអស់ ហើយខ្ញុំ ជឿថា ពីថ្ងៃនេះទៅ យើងសង្ឃឹមថា នឹងអាច ធ្វើដំណើរទៅរកភាពប្រក្រតីវិញ ហើយធ្វើដំណើរ ទៅរកដំណោះស្រាយនយោបាយ ហើយធ្វើ ដំណើរទៅរកការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ពិតប្រាកដ”។

គួរបញ្ជាក់ថា តុលាការកាត់ទោសលោក កឹម សុខា ឱ្យជាប់ពន្ធនាគារ៥ខែ និងពិន័យជា ប្រាក់៨សែនរៀល ពីបទ “បដិសេធចូលខ្លួន” ពាក់ព័ន្ធសំណុំរឿង “សញ្ចារកម្ម” គណបក្ស ប្រឆាំង បានប្រកាសឱ្យអ្នកគាំទ្រខ្លួនត្រៀមធ្វើ បាតុកម្មដោយទាមទារឱ្យមានការពារសិទ្ធិសេរីភាពបញ្ចោញមតិ របបប្រជាធិបតេយ្យ សេរីពហុបក្ស និងអភ័យឯកសិទ្ធិសភា។ ប៉ុន្តែប្រមុខ រាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានប្រើកម្លាំងប្រដាប់អាវុធបង្ក្រាប បើមានបាតុកម្ម។

ចំពោះនីតិវិធីតុលាការ ទាក់ទងនឹងករណី លោកកឹម សុខា ចៅក្រមសាលាដំបូងរាជធានី  ភ្នំពេញ បានចេញសេចក្តីជូនដំណឹងថា សាលក្រមនឹងចូលជាស្ថាពរ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ បើគ្មានការប្តឹងឧទ្ធរណ៍ ចំពោះសាលក្រមរបស់សាលារាជធានីភ្នំពេញ ទេនោះ។

ដូច្នេះហើយ ទើបកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ មេធាវីទាំង៥រូប របស់លោកកឹម សុខា បានធ្វើពាក្យបណ្តឹងឧទ្ធរណ៍ទៅប្រធាន សាលាដំបូងរាជធានីភ្នំពេញ។

ពាក្យបណ្តឹងឧទ្ធរណ៍របស់សហមេធាវី លោកកឹម សុខា ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ មានខ្លឹមសារថា “១លោកមេធាវីផែង ហេង  ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រ កម្ពុជា អត្តលេខ៦៥២ មានការិយាល័យផ្ទះ លេខ១៤ ជ ផ្លូវលេខ៣៨៨ សង្កា់ត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកស្រីមេធាវីម៉េង សុភារី ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ៣០៤ មានការិយាល័យផ្ទះលេខ៨៧ជ ផ្លូវ លេខ៣៤៨ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកមេធាវីចាន់ ចេន ជាសមាជិក គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ៦៤០ មានការិយាល័យអគារលេខ១៣៨  មហាវិថីព្រះនរោត្តម សង្កាត់ទន្លបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

លោកមេធាវីសំ សុគង់ ជាសមាជិក គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ៣២១ មានការិយាល័យផ្ទះលេខ១៤ជ ផ្លូវលេខ៣៨៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

លោកមេធាវីហែម សុជាតិ ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ១៤២ មានការិយាល័យផ្ទះលេខ១៤ពៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។

សហមេធាវីការពារសិទ្ធិឯកឧត្តមកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ។

សូមគោរពចូលមក

លោកប្រធានសាលាដំបូងរាជធានីភ្នំពេញ

កម្មវត្ថុ ៖ ប្តឹងឧទ្ធរណ៍លើសាលក្រម ព្រហ្មទណ្ឌលេខ២៤៦៧ “គ” ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ របស់សាលាដំបូងរាជធានីភ្នំពេញ  ត្រង់ចំណុចនៃសេចក្តីសម្រេចទាំងមូល។

យោង ៖ សាលក្រមព្រហ្មទណ្ឌលេខ ២៤៦៧ “គ” ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ របស់សាលាដំបូងរាជធានីភ្នំពេញ

លិខិតប្រគល់សិទ្ធិ ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦

តបតាមកម្មវត្ថុនិងយោងខាងលើ សហមេធាវី សូមជម្រាបជូនលោកប្រធានជ្រាបថា ៖  សាលក្រមព្រហ្មទណ្ឌ លេខ២៤៦៧“គ” ចុះថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៦ របស់សាលាដំបូងរាជធានីភ្នំពេញ បានធ្វើឡើងដោយភាពអយុត្តិធម៌ ដល់កូនក្តីយើងខ្ញុំយ៉ាងធ្ងន់ធ្ងរបំផុត មិនអាច ទទួលយកបានឡើយ។ ហេតុនេះយើងខ្ញុំសូមប្តឹង ឧទ្ធរណ៍នឹងសាលក្រមព្រហ្មទណ្ឌលេខ២៤៦៧ “គ” ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ របស់សាលា ដំបូងរាជធានីភ្នំពេញ ត្រង់ចំណុចទាំងមូលនៃ សេចក្តីសម្រេច។

អាស្រ័យហេតុនេះ សូមលោកប្រធាន  ទទួលពាក្យបណ្តឹងឧទ្ធរណ៍របស់សហមេធាវីយើងខ្ញុំ និងចាត់ការតាមនីតិវិធីច្បាប់ តាមការគួរ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES