ទីបំផុតក្លឹប Napoli បានលើកពាន Italy Cup ដែលជាពានលើកដំបូង ក្រោយការវិលត្រឡប់មកប្រកួតជាថ្មី បន្ទាប់ពីផ្តួល Juventus ដោយការស៊ុតបាល់ប៉េណាល់ទីយកឈ្នះ ៤-២។ នេះបើយោងតាមប្រភពព័ត៌មាន Reuter ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងដំណើរការប្រកួតក្រុមទាំង២ មិនអាចរកគ្រាប់បញ្ចូលទីគ្នាបានទាំងតង់១ និងតង់ទី២ បើទោះជាគេមានឱកាសស៊ុតបាល់បញ្ចូលទីក៏ដោយ។ លទ្ធផល៩០នាទី គឺស្មើ ០-០ ធ្វើឱ្យការប្រកួតអូសបន្លាយដល់ការកាត់សេចក្តីដោយស៊ុតបាល់ប៉េណាល់ទី។
កីឡាករ២នាក់របស់ក្លឹប Juventus គឺ Paulo Dybala និង Danilo ស៊ុតបាល់ប៉េណាល់ទីអត់ចូលទាំង២គ្រាប់ ខណៈដែលកីឡាករក្លឹប Napoli ស៊ុតចូលទីទាំង៤គ្រាប់។
នេះគឺជាពានរង្វាន់ទី៦របស់ក្លឹប Napoli ហើយក៏ជាពានរង្វាន់ទី១ របស់លោក Gennaro Gattuso ក្នុងអាជីពជាគ្រូបង្វឹក។ ជ័យជម្នះរបស់ក្លឹប Napoli បានធ្វើឱ្យក្តីសង្ឃឹមលើកពាន៣ក្នុងមួយរដូវ កាលរបស់ Juventus ត្រូវរលាយអស់។
លោក Gennaro Gattuso វ័យ៤២ឆ្នាំ ទើបបានចូលមកដឹកនាំក្លឹប Napoli កាលពីខែធ្នូ ឆ្នាំ២០១៩ បាននិយាយថា តាមពិតទៅ ក្លឹប Napoli ឈ្នះពាននេះដោយមិនរង់ចាំរហូតដល់ស៊ុតបាល់ប៉េណាល់ទីនោះទេ ប៉ុន្តែកីឡាករចាំទី Buffon សង្គ្រោះបាល់បានជាច្រើនគ្រាប់។
លោកបានបន្តទៀតថា ក្លឹប Napoli មានឱកាសច្រើនបំផុតក្នុងការបំប៉ោងសំណាញ់ទី Juventus ប៉ុន្តែមិនអាចគេចផុតពីកីឡាករចាំទីដៃស្អិត Buffon ៕
ប្រភពពី ៖ Reuters
ប្រែសម្រួលដោយ ៖ ដេត