Betis បានក្លាយជាក្លឹបបាល់ទាត់លើកដំបូងគេនៅក្នុងក្របខណ្ឌ Spain Premira Liga ដែលបានបណ្តេញគ្រូបង្វឹកចេញពីតំណែង ក្រោយពេលវិលត្រឡប់មកប្រកួតវិញ បន្ទាប់ពីផ្អាកដោយសារជំងឺកូវីដ-១៩ តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០។ នេះបើយោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះ។
ការសម្រេចបណ្តេញលោក Rubi ចេញពីតំណែងបានកើតឡើងបន្ទាប់ពីក្លឹបនេះ ប្រកួតចាញ់ Sevilla ២-០ ស្មើ ២-២ ជាមួយ Granada និងបន្តចាញ់ Bilbao ១-០ ថែមទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹប Betis បាននិយាយថា ក្លឹបសម្រេចបណ្តេញលោក Rubi ចេញពីតំណែង ហើយលោក Alexis Trujillo អតីតកីឡាករក្លឹបនេះ និងបច្ចុប្បន្នជានាយកប្រតិបត្តិ ត្រូវធ្វើជាគ្រូបង្វឹកស្តីទីរហួតរដល់ចប់ រដូវកាលនេះ។
បរាជ័យនេះបានធ្វើឱ្យក្លឹប Beyis រអិលធ្លាក់មកដល់ចំណាត់ធ្នាក់លេខរៀងទី១៤ ក្នុងតារាង មាន៣៤ពិន្ទុ ក្នុង៣០ប្រកួត និងមាន៨ពិន្ទុ ខ្ពស់ផុតពីតំបន់កាត់ចោល។
លោក Rubi បានចូលមកដឹកនាំក្លឹប Betis កាលពីរដូវក្តៅកន្លងទៅ បន្ទាប់ពីដឹកនាំក្លឹប Espanyol ទទួលបានចំណាត់ថ្នាក់លេខ៧។ លោកចូលមកស្នងតំណែងលោក Quique Setien ដែលទៅដឺកនាំក្លឹប Barcelona កាលពីខែមករា ឆ្នាំ២០២០។
លោកបានដឹកនាំឈ្នះ តែ៨ប្រកួត ក្នុងចំណោម៣០ប្រកួត។ លទ្ធផលដ៏ល្អបំផុត គឺយកឈ្នះ Real Madrid ៕
ប្រភពពី ៖ Reuters
ប្រែសម្រួលដោយ ៖ ដេត