ភ្នំពេញ ៖ ម្តាយបង្កើតរបស់អតីតជើងឯកប្រដាល់គុនខ្មែរ ដែលសព្វថ្ងៃជាគ្រូបង្វឹក លោកអេ ភូថង បានទទួលមរណភាពនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ដោយជំងឺមហារីក បន្ទាប់ពីត្រូវបានទទួលការលើកលែងទោសនិងដោះលែងចេញពីពន្ធនាគារ បានជាង៣ខែ។
លោកអេ ភូថង បានឱ្យដឹងថា ម្តាយរបស់លោក គឺអ្នកស្រីអ៊ុត អន បានស្លាប់នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្នុងអាយុ៥៨ឆ្នាំ ដោយជំងឺមហារីកក្បាល។ សពត្រូវបានតម្កល់ធ្វើបុណ្យនៅផ្ទះរបស់លោក ស្ថិតនៅបុរីសន្តិភាព២ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងនៅ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ថា ក្រោមកិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌យ៉ាងឆាប់រហ័ស និងទាន់ពេលរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ម្តាយរបស់អតីតអ្នកប្រដាល់សេរីល្បី ឈ្មោះអេ ភូថង គឺលោកស្រី អ៊ុត អន ដែល មានជំងឺមហារីកក្បាលធ្ងន់ដំណាក់កាលចុងក្រោយ បានទទួលនូវការលើកលែងទោស និងដោះលែងឱ្យមានសេរីភាព កាលពីថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ដើម្បីបានជួបជុំជាមួយក្រុមគ្រួសារសម្រាប់ពេលវេលាដែលនៅសេសសល់ ហើយពេលនេះលោកស្រីបានទទួលមរណភាពហើយ។

លោកជិន ម៉ាលីន ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារលោកអេ ភូថង ផងដែរ។
គួរបញ្ជាក់ថា ស្ត្រីឈ្មោះអ៊ុត អន ហៅ អាត អុន អាយុ៥៨ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់អតីតកីឡាករប្រដាល់ អេ ភូថង ត្រូវបានចាប់ឃុំខ្លួននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ពីបទ “លក់មនុស្សសម្រាប់ឆ្លងដែន” ហើយត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់៨ឆ្នាំ តាមអំណាចសាលដីកាលេខ៩០ក្រ៤ “ណ” ចុះថ្ងៃទី០៣ ខែតុលា ឆ្នា២០១៩ របស់សាលាឧទ្ធរណ៍។

ការចាប់ខ្លួន និងឃុំខ្លួនស្ត្រីខាងលើ ធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះហេង ឡាណែត ជាមនុស្សគ និងម្តាយឈ្មោះលី សំអឿន អាយុ៤៧ឆ្នាំ។
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ម្តាយលោកអេ ភូថង ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ តាមព្រះរាជក្រឹត្យលេខនស,រកត,០៣២០,៣៥៨ ក្រោមកិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយសារទណ្ឌិតរូបនេះមានជំងឺមហារីកក្បាលធ្ងន់ដំណាក់កាលចុងក្រោយ។

ទោះជាយ៉ាងណា ក្រោយបានទទួលការ លើកលែងទោស និងដោះលែងចេញពីពន្ធនាគារ បានតែជាង៣ខែ ម្តាយលោកអេ ភូថង ក៏បានទទួលមរណភាពដោយសារជំងឺប្រចាំកាយ (មហារីកក្បាល)។
ដោយឡែក នៅថ្ងៃនេះ លោកអុឹម ជីវ៉ា ក៏បានយកថវិកាសប្បុរសធម៌ដើម្បីចូលរួមចំណែកសម្រាលទិក្ខលំបាករប់លោកអេ ភូថង ក៏បានបង្ហោះសារថា “ហុឺ.. អាណិតកីឡាករប្រដាល់ លោកអេ ភូថង ណាស់ ចង់ធ្វើបុណ្យ៧ថ្ងៃម្តាយតែគ្មានលុយ ហើយត្រូវជំពាក់លុយគេជិត3000$ទៀត ដោយសារចំណាយលើពិធីបុណ្យសពម្តាយរបស់ខ្លួន។

ថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា បាននាំយកថវិកាចំនួន1000000 (១លានរៀល) ដែលជាថវិការផ្ទាល់របស់លោកស្រីនឹម វណ្ណៈ កូនបង្កើតលោកជំទាវ ហ៊ុន ស៊ីណាត និងជាទីប្រឹក្សានៃក្រុមមេធាវី HNS អេជ អេន អេស និងលោកវេជ្ជបណ្ឌិត ម៉ម សុខវិសាល ចូលរួមពិធីបុណ្យសពម្តាយលោកអេភូថង ដែលទួលមរណៈដោយសារជំងឺមហារីក។

ក្នុងនោះដែរ លោកស្រី នឹម វណ្ណៈ កូនបង្កើតលោកជំទាវហ៊ុន ស៊ីណាត និងស្វាមី និងក្រុមការងារ បានផ្តាំផ្ញើចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំចំពោះក្រុមគ្រួសារនៃសពផងដែរ។
សូមបញ្ជាក់ពិធីបុណ្យសពគឺត្រូវបូជា នៅវត្តឬស្សីសាញ់វេលារម៉ោងមួយរសៀល ថ្ងៃទី 24 ខែ មិនថុនា ឆ្នាំ2020”៕
ខៀវទុំ