Tuesday, May 14, 2024
Homeព័ត៌មានជាតិអម្រឹត​ប្រារព្ធ​​​ទិវា​​គ្រូ​បង្រៀន​​ក្រោម​​ប្រធាន​បទ​“បង្រៀន​អ្នក ដើម្បី​អ្នក”

អម្រឹត​ប្រារព្ធ​​​ទិវា​​គ្រូ​បង្រៀន​​ក្រោម​​ប្រធាន​បទ​“បង្រៀន​អ្នក ដើម្បី​អ្នក”

លោកគ្រូ ខៀវ ប៊ុនថាល់ រស់នៅភូមិទី ៥ ឃុំ វាលវង់ ហើយត្រូវធ្វើដំណើរប្រមាណជាមួយគីឡូម៉ែត្រដើម្បីទៅសាលារៀនវិទ្យាល័យព្រះសីហនុ ស្ថិតនៅក្នុងស្រុក កំពង់ចាម ខេត្តកំពង់ចាម។ បច្ចុប្បន្ន គាត់មានអាយុ ៥០ ឆ្នាំ ហើយបានបម្រើការងារជាគ្រូបង្រៀនអស់រយៈពេល ២៧ឆ្នាំមកហើយដែរ ។

ក្នុងរយៈកាលជាច្រើនឆ្នាំមកនេះ គាត់បានបង្រៀនកូនសិស្សរាប់រយរាប់ពាន់នាក់ឯណោះ ដោយក្នុងនោះគាត់បានមើលឃើញថា កូនសិស្សរបស់គាត់ក្លាយជាគ្រូពេទ្យ វិស្វករ មន្ត្រីរាជការ និងបុគ្គលិកក្រុមហ៊ុនឯកជនជាច្រើនថែមទៀតផង ។

លោកគ្រូប៊ុនថាល់ បានមានប្រសាសន៍ថា៖“អ្នកខ្ញុំបណ្ដុះបណ្ដាលហ្នឹងគឺអ្នកខ្លះអាចទៅធ្វើជា អភិបាលស្រុក វេជ្ជបណ្ឌិត វិស្វករ អ្នកជំនួញ ខាងធនាគារ ។ …អ៊ីចឹង ខ្ញុំធ្វើគ្រូ បានត្រឹមតែគ្រូទេ ឥសី នៅតែឥសី អត់បានឡើងទៅអីទេ ។

លោកគ្រូប៊ុនថាល់បានបន្ថែមទៀតថា៖ “ខ្ញុំមានមោទនភាពពេញចិត្តក្រៃលែង ដែលថាយើងបានបណ្ដុះបណ្ដាលមនុស្សឲ្យទៅជាមនុស្សល្អ មានឋានៈខ្ពង់ខ្ពស់ រកស៊ីមានបាន បើខាងអាជីវករ អ្នកជំនួញអី គេរកស៊ីមានបាន ហើយខាងមន្ត្រីរាជការ គែមានឋានៈខ្ពង់ខ្ពស់ ។ អ៊ីចឹង ខ្ញុំមានមោទនភាព ក្រៃលែង គឺរំភើប” ។

លោក ជា ផល្លារិន ដែលជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ធ្លាប់ជាសិស្សនៅក្នុងសាលា វិទ្យាល័យព្រះសីហនុនេះដែរ ។លោក បានមានប្រសាសន៍ថា ជោគជ័យរបស់មនុស្សទូទៅ សុទ្ធតែមានការរួមចំណែកពីគ្រូបង្រៀនតាំងពីខ្លួននៅជាសិស្សមត្តេយ្យ រហូតដល់ថ្នាក់ឧត្តមសិក្សា ។

លោកបានបញ្ជាក់ថា៖ “ខ្ញុំគិតថា ពលរដ្ឋគ្រប់រូប ទាំងយើង ដែលកំពុងតែធ្វើការងារនៅក្នុងស្ថាប័នរដ្ឋ ឬក៏ស្ថាប័នឯកជនក្តីចាំបាច់ត្រូវតែដឹងគុណចំពោះអ្នកដែលធ្វើអំពើល្អចំពោះយើងសព្វថ្ងៃនេះ ហើយជាពិសេស គ្រូបង្រៀនដែលជាអ្នកបណ្ដុះបណ្ដាលធនធានមនុស្សដល់សង្គមជាតិយើងទាំងមូល ។………អ៊ីចឹង ខ្ញុំគិតថា លោកគ្រូអ្នកគ្រូប្រៀបបានដូចជាអ្នកមានគុណទីពីរសម្រាប់យើងទាំងអស់គ្នា ។អ៊ីចឹង យើងអាចធ្វើការងារនេះបាន មានកិត្តិយសនៅក្នុងសង្គម ក៏ដោយសារលោកគ្រូអ្នកគ្រូដែលបានបណ្ដុះបណ្ដាលនូវចំណេះដឹងមូលដ្ឋានសម្រាប់យើងទាំងអស់គ្នា”។

ដូចគ្នានឹងប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័ននានា ទាំងវិស័យរដ្ឋ និងឯកជន ដើម្បីជាការបង្ហាញពីការដឹងគុណដល់គ្រូបង្រៀន លោក ជា ផល្លារិនបានដឹកនាំបុគ្គលិកអម្រឹតទាំងអស់ឲ្យរៀបចំទិវាគ្រូបង្រៀន ពីរឆ្នាំជាប់គ្នាមកហើយ រាប់បញ្ចូលទាំងឆ្នាំនេះផងដែរដោយក្នុងឆ្នាំនេះអម្រិតបានប្រារព្ធទិវាគ្រូបង្រៀនក្រោមប្រធានបទ “បង្រៀនអ្នក ដើម្បីអ្នក” ក្នុងនោះអម្រឹតបានផ្ដល់នូវសម្ភារសិក្សា សម្ភារប្រើប្រាស់ក្នុងការិយាល័យ និងតាមអគារទីធ្លាសាលា ក៏ដូចជាការងារជួសជុលផ្សេងៗ ដល់សាលារៀនជាច្រើនតាមបណ្ដាខេត្តក្រុងទូទាំងប្រទេស។

លោក ជា ផល្លារិន បានមានប្រសាសន៍ថា៖”ខ្ញុំគិតថា ការចូលរួមរបស់អម្រឹតនេះ ថ្វីដ្បិតតែមិនមានរូបភាពធំ សម្រាប់ជួយទៅក្នុងវិស័យអប់រំក្តី ប៉ុន្តែ គឺយើងបានចូលរួមចំណែកខ្លះ ទាំងផ្នែកធនធានសម្ភារ និងស្មារតី ដល់លោកគ្រូអ្នកគ្រូ ក៏ដូចជា វិស័យអប់រំទាំងមូល ដើម្បីលើកកម្ពស់នូវស្មារតី សីលធម៌ កត្តញ្ញូតាធម៌ ចំពោះលោកគ្រូអ្នកគ្រូ ដើម្បីជាមូលដ្ឋានមួយដើម្បីពង្រីកនូវសីលធម៌ សង្គម រវាងសិស្ស និងលោកគ្រូអ្នកគ្រូរបស់យើងទៅថ្ងៃខាងមុខ” ។

សម្រាប់សិស្សានុសិស្សដែលកំពុងតែរៀនជាមួយនឹងលោកគ្រូ ប៊ុនថាល់ បានជំរុញឲ្យសិស្សានុសិស្សទូទៅត្រូវចេះដឹងគុណដល់គ្រូបង្រៀនដូចគ្នា ។

ឆឺន ពិលាម ដែលជា សិស្សថ្នាក់ទី ១២ ម្នាក់បាននិយាយថា៖ “ខ្ញុំអត់មានអីក្រៅពីរអរគុណ នឹងម្រាមដៃដប់ដើម្បីអរគុណដល់គាត់ដែលបានខំប្រឹងបង្រៀនខ្ញុំតាំងពីខ្ញុំដល់ថ្នាក់បឋម រហូតដល់ខ្ញុំរៀនដល់ថ្នាក់ទី ១២ នេះ”។

កញ្ញា លឹម បុប្ផា ជាសិស្សថ្នាក់ទី ១២ ម្នាក់ទៀត បាននិយាយថា៖ “យើងត្រូវដឹងគុណគាត់ ព្រោះថា តាំងពីតូចដល់ធំមក មានតែគាត់ទេ ជួយបង្រៀនយើងរហូតដល់យើងចេះមានចំណេះដឹងច្រើន” ។

ដូចគ្នានឹងគ្រូបង្រៀនផ្សេងទៀតដែរ សម្រាប់លោកគ្រូ ខៀវ ប៊ុនថាល់ការចេះឲ្យតម្លៃ និងតបស្នងគុណមកគ្រូបង្រៀនវិញ គឺជាកម្លាំងចិត្តមួយផ្នែក ឲ្យគាត់ជួយបន្តអប់រំក្មេងៗជំនាន់ក្រោយតទៅទៀត ហើយនឹងនៅតែមានមោទនភាពថា គាត់ជាកម្លាំងចលករមួយជួយដល់កិច្ចអភិវឌ្ឍន៍របស់ប្រទេសជាតិ ។

“ជាចុងក្រោយនេះ ខ្ញុំសូមផ្ដាំផ្ញើដល់ប្អូនៗទាំងអស់ ខិតខំរៀនសូត្រ ស្ដាប់គ្រូពន្យល់ ។ កុំគេចពីសាលារៀន កុំជឿតាមមិត្តភក្តិ អូសទាញទៅរកអំពើអបាយមុខផ្សេងៗ ។ ចូរខិតខំរៀនសូត្រ ហើយកាលណាខំរៀន យើងមុខតែមានអនាគតល្អ ។ សូមចៀសវាងដាច់ខាតអំពើអបាយមុខទាំងឡើយដែលសង្គមស្អប់ខ្ពើម” ៕

RELATED ARTICLES