Friday, March 29, 2024
Homeព័ត៌មានជាតិក្រមួន​និង​ដីឥដ្ឋ​ត្រូវ​ថ្ងៃ

ក្រមួន​និង​ដីឥដ្ឋ​ត្រូវ​ថ្ងៃ

ឆាកនយោបាយរបស់អ្នកដឹកនាំប្រទេស និងអ្នកដឹកនាំបក្ស តែងបត់បែនកាច់កុងមើលមិនធ្លុះ ស្ទុះដោលទៅមុខរហូត ដើម្បីយកឈ្នះគ្នាលើសង្វៀនប្រជាធិបតេយ្យ។ ទោះបីជាមជ្ឈដ្ឋានមហាជនមើលឃើញថា សព្វថ្ងៃបក្សកាន់អំណាច មាន ប្រៀបជាងបក្សប្រឆាំងក្តី ក៏ល្ខោននយោបាយនៅតែបន្តសម្តែងមិនឈប់ ខណៈដែលលោកសម រង្ស៊ី និងលោកកឹម សុខា បានក្លាយទៅជា “ក្រមួននិងដីឥដ្ឋត្រូវថ្ងៃ” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ

បន្ទាប់ពីបង្ខាំងសេរីភាពខ្លួនឯងក្នុងទីស្នាក់ការកណ្តាលគណបក្ស នៅសង្កាត់ចាក់អង្រែ អស់រយៈពេលជិត៥ខែ ដោយ រងការចោទប្រកាន់ពីតុលាការនោះ លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានសម្រេចចិត្តចេញទៅចុះឈ្មោះ បោះឆ្នោត ដោយមានអ្នកហែហមរាប់សិបនាក់។ បន្ទាប់ពីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្នុងកុំព្យូទ័រជាផ្លូវការមក លោក កឹម សុខា បានថ្លែងថា “ក្រោយភ្លៀង មេឃនឹងស្រឡះ” ជាពិសេស លោកបានសរសេរក្នុងហ្វេសប៊ុកថា “ខ្ញុំសូមអំពាវនាវ ជាថ្មីម្តងទៀត ពិសេស ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ សូមចៀសវាងការប្រើ អំពើហិង្សា ពាក្យអសុរោះ ឬពាក្យវាយប្រហារគ្នា ដែលនាំឱ្យប៉ះពាល់ដល់បរិយាកាសនៃពិធីបុណ្យប្រពៃណីជាតិ និងប៉ះពាល់ ដល់បរិយាកាសនយោបាយ យូរអង្វែងទៅមុខទៀតផង”។ សម្តីនិងសំណេរនេះ បង្ហាញថា លោកកឹម សុខា កំពុងបន្ទន់ ឥរិយាបថ ដែលមិនខុសពី “ក្រមួនត្រូវថ្ងៃ” នោះឡើយ។

ដោយឡែក លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលសុទ្ធតែរងគំនាបពីតុលាការដែរនោះ ជាពិសេសមន្ត្រី បក្សកាន់អំណាច បានហៅលោកសម រង្ស៊ី ថា ជា “ទណ្ឌិត” នៅតែរក្សាឥរិយាបថដដែល ពោលគឺរាល់សេចក្តីថ្លែងការណ៍ ក៏ដូចសំណេរក្នុងហ្វេសប៊ុករបស់លោក មានខ្លឹមសារវាយប្រហារបាញ់ផ្លោងដាក់បក្សកាន់អំណាចរហូត។ ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌប្រពៃណីជាតិ លោកសម រង្ស៊ី បានថ្លែងការណ៍តាមប្រព័ន្ធ ក្សយផេ ទៅកាន់យុវជនបក្សប្រឆាំងថា “ទម្លាប់នៅស្រុក ខ្មែរ គឺអ្នកដែលមានតំណែង កាន់តំណែងនោះមួយជីវិត ពីព្រោះឱ្យតែមានខ្សែ មានបក្ខពួកនៅក្នុងជួរគណបក្សកាន់អំណាច គឺនៅក្រាញអំណាច។ តំណែងខ្លះ ដល់អាយុ៦០ ទៅ៧០ហើយ នៅតែចង់កាន់តំណែងហ្នឹងដល់ចូលមឈូសទៀត…”។ ការ ថ្លែងបែបនេះបង្ហាញថា លោកសម រង្ស៊ី មិនបន្ទន់ឥរិយាបថដូចអនុប្រធាននោះទេ ដែលមិនខុសពី “ដីឥដ្ឋត្រូវថ្ងៃ”។

ក្រមួន និងដីឥដ្ឋ មានលក្ខណៈខុសគ្នាឆ្ងាយណាស់ ពោលគឺ “ក្រមួន” ជាសារធាតុ ឬជាវត្ថុម៉្យាងមានពណ៌លឿង ឬ ពណ៌ស មានអាការទន់ស្អិត សម្រាប់យកទៅផលិតជាទៀនអុជបំភ្លឺ ដូចជាក្រមួនឃ្មុំ ឬក្រមួនចំបក់ ជាដើម។ ធម្មតាក្រមួនឃ្មុំ ឬទៀន កាលណាគេយកទៅដាក់ហាលថ្ងៃ វានឹងទន់បន្តិចម្តងៗ ងាយស្រួលក្នុងការពត់ឱ្យលេចចេញជារូបរាងអ្វីមួយបាន ប៉ុន្តែ បើប្រឹងពត់ដោយមិនបានហាលថ្ងៃ ធ្វើឱ្យទៀនក្រមួននោះបាក់មិនខានឡើយ។

ដោយឡែក “ដីឥដ្ឋ” គឺជាដីស្អិត ដែលគេកាយយកពីស្រទាប់ដីប៉ែកខាងក្រោម សម្រាប់យកទៅផលិតជាដុំឥដ្ឋ ប្រើ ការក្នុងសំណង់។ គេអាចយកដីឥដ្ឋទៅលញ់ឱ្យមូល ធ្វើគ្រាប់លញ់សម្រាប់ផ្ទាប់នឹងចម្ពាមកៅស៊ូបាញ់សត្វ ដែលក្មេងឃ្វាល គោក្របី ចូលចិត្តបំផុត។ គ្រាប់លញ់ធ្វើពីដីឥដ្ឋ បើដាក់ហាលថ្ងៃយូរ វារឹងកាន់តែខ្លាំង មិនទន់ជ្រាយដូចក្រមួននោះទេ ចំណែក ដុំឥដ្ឋ លុះត្រាតែហាលថ្ងៃបានស្ងួតល្អ ទើបគេយកវាទៅដុតក្នុងឡ មុននឹងដឹកចេញទៅលក់ សម្រាប់រៀបធ្វើជញ្ជាំងផ្ទះថ្ម អគារខ្ពស់ៗបាន។

ដូច្នេះយើងឃើញថា រវាងក្រមួន និងដីឥដ្ឋ សុទ្ធតែត្រូវកម្តៅថ្ងៃដូចគ្នា ប៉ុន្តែ បើត្រូវថ្ងៃខ្លាំង ក្រមួនទន់ប៉ប្លិក ខណៈដែល ដីឥដ្ឋត្រូវថ្ងៃកាន់តែរឹងទៅៗ។ យ៉ាងណាមិញ “សាលក្រមរបស់តុលាការ” ប្រៀបបាននឹង “កម្តៅថ្ងៃ” ចាំងជះទៅលើលោក សម រង្ស៊ី និងលោកកឹម សុខា មេដឹកនាំបក្សប្រឆាំង ឱ្យពិបាកក្នុងការប្រើយុទ្ធសាស្ត្រនយោបាយ ប្រជែងជាមួយបក្សកាន់អំណាច។ ស្ថានការណ៍បច្ចុប្បន្ន អ្នកវិភាគមើលឃើញថា ប្រធាននិងអនុប្រធានបក្សប្រឆាំង កំពុងចែកការងារគ្នាធ្វើ ដោយ គេរុញប្រធានឱ្យរត់ទៅក្រៅប្រទេស និងតម្រូវឱ្យអនុប្រធានសំងំក្នុងទីស្នាក់ការគណបក្ស។ ទោះបីជាតុលាការចេញសាលក្រម ផ្តន្ទាទោសលោកសម រង្ស៊ី ជាច្រើនករណី ក៏ប្រធានបក្សប្រឆាំងរូបនេះ មិនបន្ទន់ឥរិយាបថ ឬថាកាន់តែរឹងទៅៗ ដូច “ដីឥដ្ឋ ត្រូវថ្ងៃ”។ ផ្ទុយទៅវិញ លោកកឹម សុខា នៅក្នុងស្រុក ត្រូវតុលាការកាត់ទោសដែរនោះ បើគាត់ធ្វើ “ដីឥដ្ឋ” ច្បាស់ជាមិន បានសុខ ម៉្លោះហើយត្រូវតែធ្វើ “ក្រមួន” ទើបបាន។

ករណីអ្នកដឹកនាំជាប់គំនាប តម្រូវឱ្យម្នាក់ធ្វើដីឥដ្ឋ ម្នាក់ទៀតធ្វើក្រមួនបែបនេះ សូម្បីព្រះពុទ្ធអង្គ ក៏យកទៅអនុវត្តដែរ។ យោងតាមពុទ្ធប្បវត្តិចារទុកថា ការផ្សព្វផ្សាយព្រះពុទ្ធសាសនា តែងតែមានមារសត្រូវឈ្នានីសរហូត ម៉្លោះហើយ ព្រះពុទ្ធអង្គ ត្រូវពឹងលើព្រះអគ្គសាវ័កស្តាំ គឺព្រះសារីបុត្តត្ថេរ និងព្រះអគ្គសាវ័កឆ្វេង គឺព្រះមហាមោគ្គល្លានត្ថេរ។ ព្រះសារីបុត្ត ជាប់ ឯតទគ្គៈខាងមានប្រាជ្ញាច្រើន អាចរាប់តំណក់ទឹកភ្លៀងពេលបង្អុរគ្មានបាត់១គ្រាប់ ឯព្រះមហាមោគ្គល្លាន ជាប់ឯតទគ្គៈខាង មានប្ញទ្ធិច្រើន។ ព្រះសារីបុត្ត ប្រៀបបាននឹងក្រមួន តែងផ្ចាញ់គូសត្រូវដោយស្ងប់ស្ងៀម សូម្បីយក្សដកដើមត្នោតវាយព្រះសិរ ក៏ព្រះអង្គមិនតបតដែរ។ ជួនកាលពេលព្រះអង្គគង់ធ្វើសមាធិ មានមនុស្សទ្រុស្តសីល យកអុសទៅគរពីលើដុត ក៏ព្រះសារីបុត្ត មិនខឹង មានន័យថា ព្រះអង្គមានចរិតដូចក្រមួន។ ផ្ទុយទៅវិញ ព្រះមហាមោគ្គល្លាន នៅពេល “នន្ទោបនន្ទនាគរាជ” បើក ពពារចង់ព្រួសពិសដាក់ ព្រះអង្គក៏ប្រែកាឡាជានាគរាជ ទៅតទល់ ដោយមានការអនុញ្ញាតពីព្រះបរមគ្រូ។ ជួនកាល អគ្គសាវ័កឆ្វេងនេះ ចុះទៅដល់ឋាននរក ឬឡើងទៅទតឋានសួគ៌ ព្រោះតែមានចរិតដូចដីឥដ្ឋនេះឯង។ ទោះជាព្រះមហាមោគ្គល្លាន ផ្ចាញ់នាគរាជក្តី ក៏មិនបានធ្វើអ្វីឱ្យអន្តរាយដល់គូប្រឆាំងនោះដែរ ព្រោះព្រះអង្គជាព្រះអរហន្ត ដែលទីបំផុត ព្រះអង្គ ត្រូវចាញ់កម្លាំងកម្ម ដោយត្រូវពួកចោរ៥០០នាក់ ស្ទាក់វាយខ្ទេចព្រះកាយ នៅសល់តែឆ្អឹងប៉ុនៗគ្រាប់អង្ករ ដរាបដល់ចូល និព្វានទៅ។

យុទ្ធសាស្ត្រនយោបាយរបស់មេបក្សប្រឆាំង ដែលម្នាក់ធ្វើដីឥដ្ឋ ម្នាក់ធ្វើក្រមួនបែបនេះ ពុំមែនក្បត់គ្នា ឬចែកផ្លូវគ្នាដើរ នោះទេ ប៉ុន្តែ ជាយុទ្ធសាស្ត្រ បើកផ្លូវទៅរកដំណោះស្រាយនយោបាយ ឱ្យរួចពីការជាប់ផុង។ ក្នុងកាលៈទេសៈបែបនេះ ទោះ ចង់មិនចង់ ក៏លោកកឹម សុខា ចាំបាច់ត្រូវតែបន្ទន់ឥរិយាបថ ធ្វើស្លូតបូត សុភាពរាបសា មិនអាចធ្វើរម៉ាំងរម៉ោក ទ្រគោះ បោះបោកដូចមុនបានឡើយ។ ផ្ទុយទៅវិញ លោកសម រង្ស៊ី នៅក្រៅស្រុក បើធ្វើស្លូតបូត ទន់ភ្លន់ដូចគ្នា អាចធ្វើឱ្យអ្នកគាំទ្រ ដកសេចក្តីទុកចិត្ត ដោយហេតុថា និន្នាការនយោបាយមានតែ២ គឺ “ប្រឆាំង និងមិនប្រឆាំង”។ ពុំមែនមានន័យថា បក្ស ទើបបង្កើតថ្មី ដូចជាបក្សអំណាចខ្មែរ របស់លោកសួន សេរីរដ្ឋា បក្សយុវជនកម្ពុជា របស់លោកពេជ្រ ស្រស់ មិនប្រឆាំង នោះទេ ប៉ុន្តែ ធម្មតាអ្នកប្រឆាំង ចូលចិត្តតែអ្វីដែល “ប្រឆាំងផ្កាប់មុខ” មិនមែន “ប្រឆាំងល្មមៗ” នោះទេ។ ដូច្នេះ លោក សម រង្ស៊ី និងលោកកឹម សុខា ដែលធ្លាប់ប្រឆាំងជាង២០ឆ្នាំ ធ្លាប់ទាំងរត់ចោលស្រុក និងធ្លាប់ជាប់គុកនោះ បើក្លាយជាក្រមួន ទាំងអស់គ្នា នឹងបាត់បង់អ្នកគាំទ្រ អ៊ីចឹងហើយបានជាប្រធានបក្ស នៅតែបន្តធ្វើដីឥដ្ឋ ខណៈដែលអនុប្រធាន បន្ទន់ឥរិយាបថ ធ្វើក្រមួន។

សរុបទៅ “ក្រមួននិងដីឥដ្ឋត្រូវថ្ងៃ” វាមានន័យយ៉ាងនេះឯង។ យុទ្ធសាស្ត្រនយោបាយ ចាំបាច់ត្រូវតែមានរឹង មានទន់ មានក្តៅ មានត្រជាក់ សូម្បីគ្រួសារពីរ មានផ្ទះជាប់របងគ្នាផ្ទុះជម្លោះ បើប្តីកាច លុះត្រាតែប្រពន្ធស្លូត ទើបអាចសម្របសម្រួល ជាមួយគ្រួសារម្ខាងទៀតបាន។ ផ្ទុយទៅវិញ បើប្តីកាច ប្រពន្ធក៏កាច អាចនឹងកាប់ចាក់គ្នាជាមួយគ្រួសារម្ខាងនោះ មានស្លាប់ រស់មិនខានឡើយ។ យ៉ាងណាមិញ នយោបាយក្រមួននិងដីឥដ្ឋនេះ អាចកាត់បន្ថយអរិភាពរវាងគណបក្សដែលមានអាសនៈ ក្នុងរដ្ឋសភាបាន ហើយទីបំផុត ដុំឥដ្ឋដែលរឹងនោះ ក៏អាចយកមករៀបជញ្ជាំងបានដែរ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES