Tuesday, May 14, 2024
Homeព័ត៌មានជាតិលោក​កឹម សុខា ៖ កុំបង្កាត់​ភ្លើង​ជម្លោះ និង​កុំចាក់​សាំង​លើ​ភ្លើង​ជម្លោះ

លោក​កឹម សុខា ៖ កុំបង្កាត់​ភ្លើង​ជម្លោះ និង​កុំចាក់​សាំង​លើ​ភ្លើង​ជម្លោះ

ភ្នំពេញ ៖ ថ្លែងនៅក្នុងជំនួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំមូលដ្ឋានរាជធានីភ្នំពេញ នៅ ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ កាល ពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និង ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានលើក ឡើងថា កុំបង្កាត់ភ្លើងជម្លោះ និងកុំចាក់សាំង លើភ្លើងជម្លោះ ព្រោះកាលណាយើងជាអ្នក ដឹកនាំនៅតែបន្តឈ្លោះគ្នាក្មេងៗជំនាន់ក្រោយ នឹងនៅតែបន្តយកទម្លាប់ឈ្លោះគ្នានេះតទៅ ទៀត។

លោកកឹម សុខា បានសរសរនៅក្នុងហ្វេសប៊ុករបស់លោកថា “កុំបង្កាត់ភ្លើងជម្លោះ និង កុំចាក់សាំងលើភ្លើងជម្លោះ” យើងទាំងអស់គ្នា ត្រូវទទួលស្គាល់ការពិតថា ៖ 

ខ្មែរយើងនៅតែមានបញ្ហាជាច្រើន ហើយឫសគល់នៃបញ្ហានោះគឺ យើងឈ្លោះគ្នា បែកបាក់គ្នា មិនចេះចប់ ឈ្លោះគ្នាគ្រប់ទិសទី ឈ្លោះមិនចេះខ្មាសគេ។

ប្រជាពលរដ្ឋខ្មែរយើង ចង់បានសេចក្តីសុខ ប្រកបដោយយុត្តិធម៌ និងការរីកចម្រើន។

កាលណាយើងជាអ្នកដឹកនាំនៅតែ បន្តឈ្លោះគ្នាក្មេងៗជំនាន់ក្រោយនឹងនៅតែបន្ត យកទម្លាប់ឈ្លោះគ្នានេះតទៅទៀត។

ដូច្នេះ បើយើងនៅតែបន្តឈ្លោះបែកបាក់ គ្នា ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរយើងនឹង គ្មានថ្ងៃចៀសផុតពីរណបប្រទេសណាមួយ ឬ ឱ្យផលប្រយោជន៍ទៅប្រទសណាមួយនោះទេ។

ជាយោបល់ខ្ញុំ ដើម្បីឱ្យខ្មែរយើងបានសេចក្តីសុខ រស់នៅដោយសុខដុមរមនា និងមានការ រីកចម្រើនឋិតថេរ លុះត្រាតែយើង ឈប់យក ខ្មែរគ្នាឯងធ្វើជាសត្រូវ ឈប់គុំគួនសងសឹកគ្នា និងកាត់បន្ថយជម្លោះឱ្យបានច្រើនជាទីបំផុត”។

ក្រៅពីបានជួបជាមួយថ្នាក់ដឹកនាំមូលដ្ឋាន របស់គណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០១៦ នោះ លោកកឹម សុខា ក៏បានទទួលជួបពិភាក្សាការងារជាមួយលោក ជក អេកហ្កា (George Edgar)  ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដោយបាន ពិភាក្សាគ្នា២ចំណុច គឺ ៖ 

ដំណើរការចុះឈ្មោះបោះឆ្នោត ជាពិសេសភាពមិនប្រក្រតីដែលនៅមាន

ការវិវត្តន៍នយោបាយចុងក្រោយបង្អស់ នេះ។

គួរបញ្ជាក់ដែរថា ការថ្លែងសារនយោបាយ ថ្មីរបស់លោកកឹម សុខា បានធ្វើឡើងក្រោយ ១ថ្ងៃ ដែលលោកបានទៅចុះឈ្មោះបោះឆ្នោត ហើយលោកបានថ្លែងថា លោកចង់ឱ្យស្ថានការណ៍ នយោបាយវិលមករកភាពប្រក្រតីឡើងវិញ៕

ដោយ ៖កុលបុត្រ

RELATED ARTICLES