Thursday, April 18, 2024
Homeព័ត៌មានជាតិកូន​​ប្រុស​​ទី៥ កើត​​បាន​​១៥​​ថ្ងៃ សព​​លោក កែម ឡី ធ្វើ​​បុណ្យ​​១០០​​ថ្ងៃ

កូន​​ប្រុស​​ទី៥ កើត​​បាន​​១៥​​ថ្ងៃ សព​​លោក កែម ឡី ធ្វើ​​បុណ្យ​​១០០​​ថ្ងៃ

ភ្នំពេញ ៖ ពិធីបុណ្យគម្រប់១០០ថ្ងៃ នៃ សពលោកបណ្ឌិតកែម ឡី នឹងរឱ្យបចំធ្វើរយៈ ពេល៣ថ្ងៃ នៅអំឡុងពាក់កណ្តាលខែតុលា នេះបញ្ចុះចំពេលកូនប្រុសទី៥របស់លោកបណ្ឌិត កែម ឡី កើតបាន១៥ថ្ងៃ។

សម្រាប់ទីតាំងប្រារឰពីធីបុណ្យ១០០ថ្ងៃ  របស់លោកបណ្ឌិតកែម ឡី នៅរាជធានីភ្នំពេញ បើតាមការបញ្ជាក់ពីគណៈកម្មការបុណ្យ បាន កំណត់ច្បាស់ហើយ គឺនៅវត្ពពោធិយារាម ហៅ វត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដែលជាទីកន្លែងធ្លាប់តម្កល់សព និងរៀបចំ បុណ្យសពលោក បណ្ឌិតកែម ឡី កាលពីពេល កន្លងទៅ។

សមាជិកគណៈកម្មការបុណ្យ លោកសៅ កុសល បានបញ្ជាក់ថា ជាមូយការកំណត់ច្បាស់ ពីទីតាំងបុណ្យ១០០ថ្ងៃ លោកបណ្ឌិតកែម ឡី នៅវត្តចាស់នោះ គណៈកម្មការបុណ្យក៏បានធ្វើ លិខិតជូនដំណឹងទៅរដ្ឋបាលរាជធានីភ្នំពេញ រួចហើយដែរ តែនៅមិនទាន់មានការឆ្លើយតប នៅឡើយ។

លោកសៅ កុសល មានប្រសាសន៍ថា “យើងអត់ឃើញទេ ព្រោះយើងទើបនឹងដាក់ ហើយគ្រាន់តែជាការជូនដំណឹងទេ ព្រោះព្រះចៅអធិការបានអនុញ្ញាតហើយ។ អ៊ីចឹងគិតថា ទីវត្តអារាមសម្រាប់ធ្វើបុណ្យ អ៊ីចឹងយើងគ្រាន់តែ ជូនដំណឹងទេ។ ពីមុនព្រះអង្គអត់បានយល់ព្រម ប៉ុន្តែក្រោយមក បានយល់ព្រមវិញ គ្រាន់ថាឱ្យ យើងទំនាក់ទំនងជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន អ៊ីចឹងគណៈកម្មការបានបំពេញតាមហ្នឹងហើយ ថា យើងនឹងជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន ពិសេសសាលារាជធានីភ្នំពេញហ្នឹង ហើយឥឡូវ នេះ យើងបានធ្វើកលិខិតជាផ្លូវការ ជូនសាលារាជធានីភ្នំពេញរួចហើយ”។

ការកំណត់ទីតាំងនេះ បានធ្វើឡើងបន្ទាប់ ពីគណៈកម្មការបុណ្យបានព្យាយាមអស់ចិត្ត ហើយក្នុងការស្វែងរកទីតាំងសាធារណៈទាំង របស់រដ្ឋ និងឯកជន។ ក្នុងនោះមានការស្នើសុំ ប្រារឰនៅទីតាំងសួនច្បារមុខវត្តបទុមវតី ផង ដែរ  ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាត។

តាមរយៈលិខិតឆ្លើយតប ជម្រាបជូន លោកប៉ា ងួនទៀង ម្ចាស់សំណើរៀបចំបុណ្យ ខួបគម្រប់១០០ថ្ងៃ លោកបណ្ឌិតកែម ឡី ចុះ ថ្ងៃទី០៤ ខែតុលា ឆ្នាំំ២០១៦ អភិបាលរងរាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាក់ ថា “ចំពោះការស្នើសុំទីតាំងសួនច្បារមុខវត្ត បទុមវតី រៀបចំបុណ្យខួបគម្រប់១០០ថ្ងៃ លោក កែម ឡី រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ទី១៦ ខែតុលា ឆ្នាំ២០១៦ នោះ រដ្ឋបាលរាជធានីភ្នំពេញ ពុំអនុញ្ញាតជូនទេ។ ដើម្បីគោរព បាននូវទំនៀមទម្លាប់ខ្មែរ លោកត្រូវពិភាក្សា ជាមួយក្រុមគ្រួសារសព រៀបចំពិធីបុណ្យតាម បែបព្រះពុទ្ធសាសនា នៅគេហដ្ឋាន ឬទីកន្លែង ចុះសពនៅខេត្តតាកែវវិញ”។

ទោះបីយ៉ាងណា សមាជិកគណៈកម្មការ បុណ្យ បានអះអាងថា ដោយសារគេហដ្ឋាន លោកបណ្ឌិតកែម ឡី នៅរាជធានីភ្នំពេញ ស្ថិត នៅជាន់លើមានទីធ្លា តូចចង្អៀត មិនអាចប្រារឰ ពិធីនេះបាន ទើបជម្រើសមានតែមួយគត់ គឺនឹង ធ្វើនៅវត្តចាស់។

លោកសៅ កុសល បានមានប្រសាសន៍ បន្តថា “បាទ! ជាគោលការណ៍យើងចង់បាននៅ វត្តចាស់ហ្នឹង ដោយសារអី? យើងមានមូលហេតុ ច្បាសលាស់ ព្រោះថា លំនៅរប់បណ្ឌិតកែម ឡី នៅជាន់ទី១ ទី២ អ៊ីចឹងយើងវាពិបាកក្នុង ការរៀបចំធ្វើបុណ្យខួបនេះ។ ដូច្នេះយើងព្យាយាមទៅកន្លែងវត្តអារាម ដើម្បីប្រារឰពិធី បុណ្យ ជំនួសការធ្វើបុណ្យនៅគេហដ្ឋានវិញ ដោយ យើងគិតថា វាងាយស្រួល មិនឱ្យមានបញ្ហា កកស្ទះចរាចរណ៍អីទេ នៅវត្តចាស់ហ្នឹង ហើយ ប្រជាពលរដ្ឋក៏បានដឹងឮ ហើយស្គាល់កន្លែង ដែលលោកធ្លាប់ចូលរួមបុណ្យសពរបស់លោក បណ្ឌិតកន្លងមក”។

ជាមួយគ្នានោះដែរ លោកប៉ា ងួនទៀង បានមានប្រសាសន៍ថា ទោះបីមិនមានការយល់ ព្រមពីរដ្ឋបាលរាជធានីភ្នំពេញ ក៏ដោយ ក៏គណៈកម្មការបុណ្យត្រូវតែរៀបចំពិធីបុណ្យនេះនៅ វត្តចាស់។

លោកប៉ា ងួនទៀង បញ្ជាក់ថា “តាមពិត ខ្ញុំអត់មានការភ្ញាក់ផ្អើលទេ ព្រោះយើងគិតថា ជារបៀបនៃការធ្វើការ ក៏ដូចជាការកត់សម្គាល់ មែនទែនទៅលើការសម្រេចរបស់អាជ្ញាធរ យើង ដឹងលទ្ធផលមុន។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏គណៈកម្មការសម្រេចថា យើងត្រូវតែធ្វើបុណ្យ ហ្នឹងនៅវត្តចាស់ដែរ ទោះបីប្រឈមយ៉ាងម៉េច ក៏ដោយ ក៏យើងត្រូវតែធ្វើនៅវត្តចាស់។ ខ្ញុំជឿ ថា អាជ្ញាធរនឹងយល់អំពីហេតុផលបុណ្យបាប ហើយយើងធ្វើនេះ យើងធ្វើបុណ្យតាមប្រពៃណី ដូច្នេះខ្ញុំថា អាជ្ញាធរគ្មានហេតុផលអីដែលត្រូវ រារាំងទេ។ ដូច្នេះខ្ញុំអំពាវនាវឱ្យមហាជន បងប្អូនប្រជាពលរដ្ឋជនជាតិខ្មែរ ចូលរួមឱ្យបានច្រើន កុះករនៅក្នុងបុណ្យគម្រប់១០០ថ្ងៃ ខួបលោក បណ្ឌិតកែម ឡី ហ្នឹង។ ហើយនៅថ្ងៃ១៦ នៅ រាជធានីភ្នំពេញ យើងនឹងដង្ហែរូបសំណាកលោកបណ្ឌិតកែម ឡី ពីភ្នំពេញ ទៅតាកែវ សូមឱ្យ បងប្អូនប្រជាពលរដ្ឋខ្មែរ មេត្តាអញ្ជើញចូលរួម បានច្រើនកុះករ ព្រោះថ្ងៃនោះ ជាថ្ងៃអាទិត្យ ដែលត្រូវឈប់សម្រាកដែរ។ ខ្ញុំជឿថា អាជ្ញាធរ នឹងជឿបុណ្យបាប ហើយនឹងគោរពតាមឆន្ទៈ មហាជន”។

សម្រាប់ភរិយានិងកូនរបស់លោកបណ្ឌិត កែម ឡី នឹងមិនមានឱកាសបានចូលរួមបុណ្យ ១០០ថ្ងៃរបស់ស្វាមីនិងឪពុក នាពេលខាងមុខ នេះទេ ព្រោះអ្នកទាំងអស់គ្នាកំពុងស្ថិតនៅ ក្រៅប្រទេសណាមួយទៀត ភរិយាលោកបណ្ឌិត កែម ឡី ក៏ទើបនឹងសម្រាលកូនប្រុសទី៥ កាល ពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦។ ដូច្នេះអ្នកស្រីបានប្រគល់សិទ្ធិឱ្យគណៈកម្មការបុណ្យជា អ្នករៀបចំចាត់ចែងទាំងអស់ ហើយជាការ ចាប់អារម្មណ៍នៅពេលធ្វើបុណ្យ១០០ថ្ងៃ ស្វាមី និងឪពុកមកដល់នោះកូនទី៥របស់លោកបណ្ឌិត កែម ឡី ដែលមានឈ្មោះថា “កែម ឡី វីរបុត្រ” នោះ ទើបតែមានអាយុ១៥ថ្ងៃប៉ុណ្ណោះ (កើត ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦)

លោកសៅ កុសល បានបញ្ជាក់បន្ថែមពី បញ្ហានេះថា “បាទ ! ដោយសារតែភរិយារបស់ លោកបណ្ឌិត គាត់ដឹងពីលទ្ធភាពរបស់គាត់ អ៊ីចឹងគាត់បានប្រគល់សិទ្ធិឱ្យគណៈកម្មការនេះ រៀបចំធ្វើបុណ្យ ហើយដូចបងប្អូនជនរួមជាតិ បានជ្រាបហើយ គឺគាត់ទើបតែសម្រាលបុត្រ ហើយ។ ដូច្នេះមិនមានលទ្ធភាពចូលរួមទេ ត្រង់ ថា កូនមួយណាដែលមកចូលរួមអីនោះ យើង អត់ទាន់មានព័ត៌មានទេ ព្រោះថា វាពាក់ព័ន្ធ ទៅនឹងសុវត្ថិភាពរបស់ពួកគាត់ដែរ។ ប៉ុន្តែទន្ទឹម នឹងនោះ គាត់បានប្រគល់សិទ្ធិឱ្យគណៈកម្មការ ព្រមទាំងសាច់ញាតិរបស់លោកបណ្ឌិតហ្នឹង ដើម្បីចូលរួមធ្វើពិធីបុណ្យហ្នឹង។ អ៊ីចឹងជាចុងក្រោយ ខ្ញុំក៏ឆ្លៀតឱកាសនេះ សុំអំពាវនាវបងប្អូនជនរួមជាតិដែលធ្លាប់គាំទ្រលោកបណ្ឌិត កន្លងមក ចូលរួមបន្តទៀត ក្នុងការធ្វើបុណ្យខួប ១០០ថ្ងៃនេះ ដូចជាការធ្វើបុណ្យសពលោក បណ្ឌិតអ៊ីចឹងដែ”រ។

លោកប៉ា ងួនទៀង ក៏បានបញ្ជាក់បន្ថែម  លើរឿងនេះដែរថា “បាទ! ហេតុភរិយាលោក បណ្ឌិតកែម ឡី គឺមាន២ ទី១ បញ្ហាសន្តិសុខ ចំពោះគាត់ ហើយបញ្ហាទី២ គឺររឿងសុខភាព គាត់ដែលគាត់សម្រាលកូន។ ដូច្នេះគាត់អត់ អាចមកចូលរួមបានទេ។ ប៉ុន្តែខ្ញុំថា ជារឿងល្អ ជារឿងមួយដែលគួរឱ្យអបអរសាទរដែលគាត់ បានសម្រាលកូនមុនបុណ្យ១០០ថ្ងៃ”។

ទោះយ៉ាងណា អ្នកស្រីប៊ូ រចនា ភរិយា លោកបណ្ឌិតកែម ឡី ដែលកំពុងស្នាក់នៅក្រៅប្រទេសនោះ មុនពេលសម្រាលកូនប្រុសទី៥ អ្នកស្រីបានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ អ្នកស្រី សុំទោសស្វាមីដែលមិនបាននៅក្បែរ ថែរក្សា និងចូលរួមពិធីបុណ្យ១០០ថ្ងៃ សព ស្វាមី។

អ្នកស្រីប៊ូ រចនា បានសរសេរថា “ប្តីសម្លាញ់ ឱ្យអូនសុំទោសផងដែលអូនមិនបាននៅជិត មើលថែបង តែក្នុងចិត្តអូនមិនចង់បែកពីបងទេ អូនស្រលាញ់បងណាស់ តែនេះជាភរកិច្ចរបស់ អូនត្រូវមើលថែកូនយើង ហើយអូនក៏ជិតដល់ ថ្ងៃឆ្លងទន្លេកូនពៅរបស់យើងដែរ សូមបងជួយ តាមថែរក្សាអូនហើយនិងកូនជួបតែរឿងល្អ សំណាងល្អ ក្នុងជីវិតរៀងរហូតទៅ”។

គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាស ព័ត៌មានស្តីពីបុណ្យខួបគម្រប់១០០ថ្ងៃលោក បណ្ឌិតកែម ឡី របស់គណៈកម្មការបុណ្យ ពិធីបុណ្យនេះនឹងប្រារឰនៅរាជធានីភ្នំពេញ និង ខេត្តតាកែវ រយៈពេល៤ថ្ងៃ។ ក្នុងនោះ ថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ កម្មវិធីបុណ្យ នៅរាជធានីភ្នំពេញ។ ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៦ ដង្ហែរូបសំណាកលោកបណ្ឌិតកែម ឡី ទៅកាន់បូជនីយដ្ឋាននៃសព (ផ្នូរ) នៅខេត្តតាកែវ។ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ពិធីវេរភត្តាហារ ប្រគេនព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES