ភ្នំពេញ ៖ កីឡាករល្បីឈ្មោះ លោកវង្ស ណយ បានសម្រេចបោះបង់អាជីពប្រដាល់ មករកស៊ីលក់ ងៀតក្របី ដើម្បីចិញ្ចឹមជីវិតម្តងវិញ ដោយលោកត្អូញត្អែរថា អាជីពប្រដាល់ បានត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើសង្វៀនប៉ុណ្ណោះ មិនមានសល់ទ្រព្យសម្បត្តិអ្វីជាដុំកំភួនទេ ដូច្នេះមានដូរអាជីពថ្មីពីវិស័យសិល្បៈប្រដាល់ ក្រែងជីវិតបានប្រសើរជាងមុន ណាមួយខ្លាចពិការទៅគ្មានអ្នកណាចិញ្ចឹមកូន។
លោកវង្ស ណយ បានសរសេរនៅក្នុង គណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ថា “(ខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន)
ខ្ញុំវ៉ៃយូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវ៉ៃទៀតហើយ ទើបខ្ញុំសម្រេចចិត្តឈប់វ៉ៃនៅពេលនេះ ព្រោះខ្លាចពិការ ខានបានរកស៊ីចិញ្ចឹមកូន។ បើខ្ញុំពិការទៅ គ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ (ជួយគាំទ្រ ងៀតក្របីខ្ញុំផងបងប្អូន)”។
លោកវង្ស ណយ សរសេរបន្ថែមថា “មានលក់ងៀតក្របី ១គីឡូ ៦៥០០០រៀល”។
បន្ថែមលើសំណេរតាមប៊ុកខាងលើ លោក វង្ស ណយ បានបញ្ជាក់ប្រាប់ “នគរធំ” នៅ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ថា លោកពិតជាសម្រេចចិត្តបោះបង់អាជីពប្រដាល់ចោលទាំងស្រុងហើយ ដោយនឹងមិនឡើងប្រកួតលើសង្វៀនទៀតទេ បើទោះបីជាលោកធ្លាប់មានកេរ្តិ៍ឈ្មោះនៅក្នុងអាជីពប្រដាល់នេះអស់ជាច្រើនឆ្នាំក៏ដោយ ក៏លោកគិតថា អាជីពលក់ងៀតក្របី ជ្រក់មមាញ ដែលជាអាជីពថ្មីនេះ នឹងជាក្តីសង្ឃឹមសម្រាប់ទៅថ្ងៃមុខហើយ តែបើមិនកាក់កប លោកនឹងរកមុខរបរថ្មីទៀត ក្រៅពីអាជីពប្រដាល់។
លោកវង្ស ណយ បានបញ្ជាក់បន្តថា លោកទើបតែចាប់ផ្តើមលក់ងៀតក្របីនេះ បានរយៈពេល២ខែទេ ហើយក៏មិនទាន់បានកាក់កបអីខ្លាំងដែរ គឺបានដាច់តិចតួចប៉ុណ្ណោះ ហើយអ្នកដែលជួយទិញនោះ មានអ្នកខ្លះជាអ្នកធ្លាប់គាំទ្រអាជីពប្រដាល់របស់លោក។ ក្នុងអាជីពថ្មីនេះ លោកមិនទាន់មានកន្លែងលក់ដូរ ឬតូបខ្លួនឯង នៅក្នុងផ្សារទេ គឺលោករួមគ្នាធ្វើជាមួយមិត្តភក្តិ ដាក់លក់តាមអនឡាញ ឬបើអ្នកទូរស័ព្ទមកកម្មង់ លោកក៏ដឹកយកទៅឱ្យគេ។
លោកវង្ស ណយ បានមានប្រាប់ថា “បាទ! ខ្ញុំបានប្រកបរបរថ្មីនេះបាន២ខែហើយៗបា ត្រឹមតែមួយរស់ៗប៉ុណ្ណោះ គឺសល់តិចតួច ប៉ុន្តែបើប្រៀបធៀបជាមួយអាជីពចាស់ខុសគ្នា ត្រង់ថា វ៉ៃប្រដាល់ម្តង វ៉ៃ១ខែ បាន៤រយ៥ រយដុល្លារ ប៉ុន្តែវាអត់សប្បាយចិត្ត ដោយសារតែពេលខ្លះចាញ់ទៅ រងការប្រមាថ ជេរដៀលម៉ែ មើលងាយឆ្វេងស្តាំ មុខក្រោយ ឈ្នះក៏អត់សូវមានតម្លៃ ដល់អ៊ីចឹងទៅ ខ្ញុំកើតជំងឺបាក់ ទឹកចិត្តដែរ។
បើគិតទៅ គ្រាន់តែហាត់ក៏ធុញដែរ មិនមែនស្រួលទេ ហាត់ម្តងៗពិបាកចង់ងាប់ រត់ហាលក្តៅ ពាក់អាវកៅស៊ូ ចង់ស្ទះងាប់ម្តងៗ តែអ្នកខ្លះអត់ដឹងទេ ដឹងតែកីឡាករ ដឹងតែស្រួល ហើយចាំតែជេរ ចាំតែដៀល។
ដូច្នេះខ្ញុំចាប់របរថ្មីនេះហើយៗលក់បាន២ខែនេះ គឺខ្ញុំអ្នកធ្វើជាមួយមិត្តភក្តិពីរនាក់មិត្ត ជួយគ្នាធ្វើ ហើយខ្ញុំដាក់លក់ តែយើងមិនទាន់មានតូប មានអីកន្លែងទេ នៅរកកន្លែងជួលអត់ទាន់បាន ដោយសារតែថ្លៃផ្ទះថ្លៃ ហើយណាមួយដឹងស្រាប់ហើយ កីឡាករគ្មានសល់អីទេ។ ដូច្នេះ ខ្ញុំលក់តាមអនឡាញតាមទូរស័ព្ទ បើអ្នកណាចង់តេមក ដោយខ្ញុំមានលក់កន្ធាយអប់ ងៀតក្របី ត្រសក់ចាវ ហើយនិងជ្រក់មមាញ ជ្រក់ស្ពៃក្ងោកអីហ្នឹង”។
លោកវង្ស ណយ បន្តថា “បើគិតទៅ ខ្ញុំលក់ធូរថ្លៃ លក់តម្លៃសមរម្យ ដែលគេអាចទទួលយកបាន ដល់ពេលអ៊ីចឹង អ្នកខ្លះឆ្ងាញ់ គេទិញទៀត ប៉ុន្តែបើសិនជាអ្នកគាំទ្រខ្ញុំ ៧-៨លាននាក់ ជួយទិញតែម្នាក់១គីឡូ ២គីឡូ ខ្ញុំធូរខ្លាំង ប៉ុន្តែមានតិចតួចនៅឡើយ។
ដូច្នេះ ចុងក្រោយ បើសិនជាបងប្អូនគាំទ្រ សូមឱ្យតម្លៃផង យកបេះដូងមកគាំទ្រផង កីឡាករណា ក៏ដោយមិនថាខ្ញុំ ថាអ្នកផ្សេងទេ បើសិនជាចេះលក់ដូរ ជួយគាំទ្រផង។ ផ្តាំទៅកីឡាករដែរ បើសិនចេះលក់ដូរ លក់តម្លៃសមរម្យ កុំលក់ថ្លៃពេក”។
គួរបញ្ជាក់ថា លោកវង្ស ណយ គឺជាកីឡាករប្រដាល់ល្បីឈ្មោះម្នាក់ដែលបានឆ្លងកាត់ការប្រកួត ៣២០ដង ចាញ់៧០ដង ឈ្នះ២៥០ដង ស្មើ ៥ដង។ លោកធ្លាប់បានឈ្នះខ្សែក្រវាត់នៅស្រុកខ្មែរ ២ នៅបរទេស២ សរុបខ្សែក្រវាត់៤។
លោកមានស្រុកកំណើតនៅ ភូមិផ្សារព្រំ ខេត្តប៉ៃលិន តែបច្ចុប្បន្នលោករស់នៅក្នុងផ្ទះជួលនៅម្តុំចោមចៅ រាជធានីភ្នំពេញ។ លោកបានរៀបការក្នុងឆ្នាំ២០០៨ សព្វថ្ងៃមានកូន២នាក់ (ស្រី១) តែភរិយាមិន ប្រកបរបរអីទេ គឺជាមេផ្ទះ៕ កុលបុត្រ