ក្លឹបបាល់ទាត់ជើងឯក English Championship ក្លឹប Leeds មានគម្រោងបន្តកុងត្រាថ្មីដល់លោក Marcelo Bielsa បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន បានបើកទំព័រប្រវត្តិសាស្ត្រថ្មីជួយឱ្យក្លឹបនេះមានកៅអីឡើងទៅក្របខណ្ឌកំពូល English Premier League ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៤។
ចំណែកឯសារព័ត៌មាន The Sun ក៏បានរាយការណ៍ឱ្យដឹងដែរថា គ្រូបង្វឹករូបនេះនឹងទទួលបានប្រាក់ឈ្នួលជាង១០លានដុល្លារ ក្នុង១ឆ្នាំ ខ្ពស់ជាងប្រាក់ឈ្នួលគ្រូបង្វឹកក្លឹប Man UTD លោក Ole Gunnar Solskjaer ដែលទទួលបានត្រឹមតែ៩លានដុល្លារ ក្នុង១ឆ្នាំ។
ក្រៅពីនៅក្របខណ្ឌ Championship លោក Bielsa ទទួលបានប្រាក់ឈ្នួលជាង៧លានដុល្លារប៉ុណ្ណោះ ក្នុង១ឆ្នាំ។
លោក Marcelo Bielsa បានបញ្ចប់សុបិនអាក្រក់របស់ Leeds រយៈពេល១៦ឆ្នាំ ដែលមិនបានស្គាល់រសជាតិលេងនៅ Premier League។
អតីតគ្រូបង្វឹកក្លឹប Marseille និង Lazio បានជួយឱ្យក្លឹប Leeds ឈ្នះពានលើកដំបូងចាប់តាំងពីឆ្នាំ១៩៩២ ដែលពេលនោះគេបានឈ្នះពានអង់គ្លេស First Division និងពានរង្វាន់ Charity Shield ។
លោក Angus Kinnear នាយកប្រតិបត្តិក្លឹប Leeds បាននិយាយថា “យើងនឹងរៀបចំកិច្ចប្រជុំមួយជាមួយនាយកក្លឹបលោក Victor Orta និងលោក Andrea Radrizzni ម្ចាស់ក្លឹបដើម្បីបន្តកុងត្រាថ្មីដល់លោក Marcelo Bielsa នៅក្នុងសប្តាហ៍នេះ”។
លោក Angus Kinnear បន្តថា “តាមពិតទៅ គ្រូបង្វឹករូបនេះកម្រស្នាក់នៅក្លឹបណាមួយបានយូរណាស់។ ហើយលោកមានជំនឿចិត្តថា Marcelo Bielsa ប្រហែលជាពេញចិត្តនឹងបន្តនៅទីនេះ”។
លោក Angus Kinnear បន្ថែមថា “លោក Marcelo Bielsa ស្រឡាញ់ក្លឹបនេះខ្លាំងណាស់ ហេតុនេះ បានជាលោកប្រឹងប្រែងរហូតដល់បានក្លាយជាជើងឯក English Championship “៕
ប្រភព ៖ AFP
ប្រែសម្រួលដោយ ៖ ដេត