Saturday, April 20, 2024
Homeបរិយាយចចក​មិន​ស៊ី​ចចក​គ្នា​វា​ទេ​!

ចចក​មិន​ស៊ី​ចចក​គ្នា​វា​ទេ​!

 

សុភាសិតបារាំង១ឃ្លា ចែងថា “ចចកមិនស៊ីចចកគ្នាវាទេ!” (Les loups ne se mangent pas entre eux) ឬជា ភាសាអង់គ្លេស ថា (Wolves don’t eat each other) មានខ្លឹមសារជ្រាលជ្រៅណាស់ សម្រាប់យកទៅប្រៀបធៀបនឹង អំពើពុករលួយ បក្ខពួកនិយម។ សព្វថ្ងៃ បទល្មើសផ្សេងៗ ដូចជា រឿងបង្ក្រាបគ្រឿងញៀន ព្រៃឈើ ជលផល ទំនិញគេចពន្ធ ជាដើម ឃើញសមត្ថកិច្ចចាប់បានតែមនុស្សល្អិតល្អោច ស្រមោច សង្អារ ខណៈដែលមេខ្លោងធំៗបង្ហាញមុខគ្រហើរៗ ស្រប នឹងសុភាសិត “ចចកមិនហ៊ានស៊ីចចកដូចគ្នា” ដែល “នគរធំ” សូមលើករឿងចចក មកធ្វើប្រធានបទបរិយាយថ្ងៃនេះ

ចចក” គឺជាឈ្មោះសត្វចតុប្បាទ សន្តានឆ្កែព្រៃ រស់នៅជាហ្វូងតាមមាត់បឹង ស្ទឹង ទន្លេ ដែលមានព្រៃរនាម ឬនៅតាម ជើងភ្នំដែលមានជ្រោះជ្រលងដងអូរហូរកាត់។ កាលពីដើម ខណៈដែលព្រៃឈើមិនទាន់រងការកាប់បំផ្លាញ ភូមិឃុំណា ក៏ មានចចករស់នៅដែរ គឺពួកវាប្រមូលផ្តុំគ្នាតាមជាយភូមិ សំងំក្នុងព្រៃគុម្ពោតនានា។ នៅរដូវទឹកស្រកម្តងៗ អ្នកភូមិតែងតែ ស្តាប់ឮហ្វូងចចកលូឮសូរ “ជុក! ជុក! ជូ!ៗៗ” ដើម្បីហៅគ្នាចុះតាមវាលស្រែ រកចាប់ត្រីស៊ី នៅពេលគុម្ពសន្ទូងចេញបង្ហើម មួយៗ។ ជួនកាល ពួកវាចែកផ្លូវគ្នាចូលភូមិ លបចាប់មាន់ទាអ្នកស្រុក ពាំយកទៅស៊ីឯព្រៃ តម្រូវឱ្យម្ចាស់ផ្ទះមានការប្រុងប្រយ័ត្ន ត្រៀមអន្ទាក់ចម្រូង ឬចាំគោះប៉ោត វាយធុង វាយត្រដោក ស្រែកបង្អើលឱ្យវារត់ទៅ។ ចចកខ្លាចមនុស្សណាស់ ប៉ុន្តែបើមនុស្ស ដើរទៅជួបវាដោយប្រថុចញ៉ុច ច្បាស់ជាចចកហែកស៊ីមិនខានឡើយ។ សាច់អ្វីក៏ចចកស៊ីដែរ ដូចជា សាច់គោ ជ្រូក មាន់ ទា ត្រី កង្កែប ជាដើម គឺឱ្យតែពួកវាខាំបាន ក៏ដណ្តើមគ្នាហែកស៊ីប្រញាយ ប៉ុន្តែ អ្វីដែលចម្លែកនោះ គឺ “ចចកមិនស៊ីចចកគ្នាវាទេ!”

យ៉ាងណាមិញ បុគ្គលពុករលួយ បក្ខពួកនិយម មិនហ៊ានបង្ក្រាបគ្នាឯងទេ ទោះជាគ្នាឯងនោះរកស៊ីបំពានច្បាប់យ៉ាងណាក៏ដោយ។ សព្វថ្ងៃយើងឃ្លាំមើលឃើញថា បទល្មើសព្រៃឈើ ទោះបីជារាជរដ្ឋាភិបាល ចេញបទបញ្ជា ឬប្រើកណ្តាប់ដៃដែកយ៉ាងណា ក៏ឈ្មួញឈើនៅតែអាចដឹកឈើនាំទៅចែកចាយតាមដេប៉ូ ឬដឹកបង្ហួសទៅវៀតណាម ដោយសុវត្ថិភាព។ ជាក់ស្តែង ឈើរាប់ពាន់កំណាត់ ត្រូវបានរកឃើញលាក់ទុកនៅច្រកព្រំដែន ដែលឈ្មួញបង្កកទុក ដោយសារមានសមត្ថកិច្ច ពាក់ព័ន្ធសមគំនិត។ ថ្មីៗនេះទៀត កម្លាំងចម្រុះបានឆ្មក់រកឃើញឈើជាង១០០០ដុំ នៅក្នុងដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច របស់ ឧកញ៉ាម្នាក់ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ឈើទាំងនោះ ត្រូវបានកាប់ចេញពីតំបន់ព្រៃអភិរក្ស ដែលមានការយាមល្បាត យ៉ាងតឹងរ៉ឹង បែរជាឈើដឹកចេញបាន និងយកមកអារច្រៀកកែច្នៃនៅលើដីក្រុមហ៊ុនមានច្បាប់ ទើបមហាជនរិះគន់ថា មន្ត្រី ពាក់ព័ន្ធនៅតំបន់ព្រៃអភិរក្សនោះ ជាប្រភេទ “មន្ត្រីចចក” ទើប “មិនហ៊ានស៊ីចចកដូចគ្នា”។

ដោយឡែក បញ្ហាគ្រឿងញៀន គ្រាន់តែភូមិត្រពាំងឈូក រាជធានីភ្នំពេញ ថ្ងៃណាក៏កាសែតចុះផ្សាយពីករណីសមត្ថកិច្ច ចាប់បានក្មេងក្មាងសេពគ្រឿងញៀន យកទៅអប់រំដែរ ប៉ុន្តែ អ្នកលក់គ្រឿងញៀនគ្រាក់ៗ មិនដែលឃើញចាប់បានទេ។ ទើប មហាជនលើកឡើងថា អ្នកលក់គ្រឿងញៀននោះ ជាប្រភេទ “ឆ្កែចចក” ទើបមន្ត្រីពាក់ព័ន្ធមួយចំនួនដែលជាប្រភេទ “មន្ត្រី ចចក” មិនហ៊ានស៊ីចចកគ្នាឯង។

ករណីបទល្មើសជលផល ឃើញសមត្ថកិច្ចចាប់បានតែជនល្មើសនេសាទកំប៉ិកកំប៉ុក រកស៊ីចិញ្ចឹមឆ្នាំង ថតយកស្នាដៃ តែ មិនសូវឃើញចាប់បានថៅកែគ្រាក់ៗ ដែលប្រើឧបករណ៍ទំនើប ចាប់ត្រីក្នុងរដូវហាមឃាត់នោះឡើយ ព្រោះសុទ្ធតែ “ចចក ដូចគ្នា”…?

រីឯបទល្មើសផ្សេងៗទៀត ដូចជាការនាំម៉ូតូអត់ពន្ធតាមខេត្តកោះកុង ចូលប្រទេស ការនាំទំនិញខូចគុណភាពចូលស្រុក ជាដើម មិនដែលឃើញសមត្ថកិច្ចចាប់បានឈ្មួញកំពូលនោះទេ ដោយហេតុថា ឈ្មួញកំពូលនោះ ជាប្រភេទ “ចចកត្រោស” ឯអ្នកចាប់ជាប្រភេទ “ចចកស្ទាវ” ហ៊ានទៅចាប់មិនមើលមុខក្រោយ ច្បាស់ជា “ចចកត្រោស” ខាំសុសខ្លួនមិនខានឡើយ។

ដូច្នេះយើងឃើញថា បទល្មើសព្រៃឈើ ជលផល គ្រឿងញៀន ការនាំទំនិញគេចពន្ធ ដែលនៅតែកើតមានមិនចេះចប់ នោះ គឺមកពីក្រសួងពាក់ព័ន្ធ ចាត់តាំង “មន្ត្រីចចក ឱ្យទៅចាប់ចចក” នេះឯង ទើបវាអសកម្មយ៉ាងនេះ។ ផ្ទុយទៅវិញ បើ រាជរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធ ចាត់តាំង “មន្ត្រីពស់” ទៅធ្វើការងារនេះ ម៉្លេះសមរាបទាបអស់ទៅហើយ។

ពស់” ជាឧរង្គសត្វ ឬសត្វល្មូន ចែកជា២ប្រភេទ គឺពស់មានពិស និងពស់គ្មានពិស។ ពស់ពិស ដូចជា វែករនាម វែកក្របី វែកស្រងែ វែកដំបូក ជាដើម ឯពស់គ្មានពិស មានដូចជា ពស់ថ្លាន់ ពស់ព្រលិត ពស់សម្លាប់កង្កែប ជាដើម។ ធម្មតា ពស់ វាមិនយោគយល់គ្នាទេ សូម្បីតែពស់គ្នាវា ក៏វាចាប់ស៊ីដែរ ដូចយើងធ្លាប់ឃើញក្នុងឯកសារសត្វ ខណៈដែលពស់ធំប្រយុទ្ធ ជាមួយពស់តូច លុះខាំអាតូចងាប់ អាធំក៏ចាប់លេប។ ដូច្នេះ បើយក “មន្ត្រីពស់” ឱ្យចុះបង្ក្រាបបទល្មើស ច្បាស់ជារាបទាប គ្មានសល់ ពោលគឺបើជាបទល្មើសព្រៃឈើ ប្រើ “មន្ត្រីចចក” មិនបានការ ត្រូវចាត់ “មន្ត្រីវែករនាម” ឱ្យទៅប្រចាំការម្តង មើល ច្បាស់ជាពស់នោះចឹកឆ្កែចចកម្តងមួយៗ ងាប់ពេញព្រៃមិនខាន។ មន្ត្រីវែករនាម កម្ររកបានណាស់ ជាប្រភេទមន្ត្រី ស្អាតស្អំ គ្មានបក្ខពួក គ្រួសារនិយម យកជាតិជាធំ ហើយមន្ត្រីប្រភេទនេះ ទោះបីកម្រមាន តែពុំមែនអត់សោះនោះទេ គឺ មានខ្លះដែរដែលកំពុងបម្រើជាតិសព្វថ្ងៃដោយមនសិការ ឧត្តមគតិ តម្កល់ផលប្រយោជន៍ជាតិជាធំ គួរឱ្យសរសើរ។ ប៉ុន្តែ សម្រាប់ “មន្ត្រីពស់ថ្លាន់” ក៏មិនគួរប្រើដែរ ព្រោះពស់ថ្លាន់ ក្រពះធំណាស់ ស៊ីមិនចេះឆ្អែត វាមិនចេះចឹកគេទេ តែល្មោភ ចំណីណាស់។

ងាកមករឿងចចកវិញ យើងមានទស្សនៈថា លុះត្រាតែអស់ព្រៃ ទើបអស់ចចក ប៉ុន្តែ បើនៅតែមានព្រៃសេសសល់ ប្រមាណ៤០%នោះ ចចកនៅតែអាចយកជាជម្រកបាន។ យើងមិនគួរឆ្ងល់ទេថា ហេតុអ្វីសមត្ថកិច្ចចម្រុះចាប់បានតែឈើ រថយន្ត ត្រាក់ទ័រ និងកម្មករកាប់ឈើល្អិតល្អោចស្រមោចសង្អារ ខណៈដែលម្ចាស់ឈើ ម្ចាស់រថយន្ត ឬមេឈ្មួញឈើ មិនដឹង នៅឯណា? តាមពិត សមត្ថកិច្ចជំនាញ អាចចាប់ឃាតករបានភ្លាមៗ ដូចករណីចោរប្លន់សម្លាប់មនុស្ស ជាដើម ប៉ូលិសស៊ើប ២៤ម៉ោង ក៏តាមចាប់ជនដៃដល់និងអ្នកសមគំនិត បញ្ជូនទៅតុលាការយ៉ាងទាន់ចិត្ត ចុះហេតុអ្វីសមត្ថកិច្ចរកមុខម្ចាស់ឈើ មិនឃើញ? ដឹងថា ម្ចាស់ឈើជាឧកញ៉ាដែរ តែមិនហ៊ានបង្ហើបឈ្មោះឧកញ៉ានោះ ដល់អ៊ីចឹងទៅ សូម្បីអ្នកកាសែត ក៏មិន ហ៊ានដាក់ឈ្មោះចំដែរ ឬថា “សាច់មិនបានស៊ី យកឆ្អឹងព្យួរក” មានន័យថា សមត្ថកិច្ចខំលាក់ឈ្មោះបក្ខពួក បែរជាអ្នកកាសែត ហ៊ានបង្ហាញ បានត្រឹមវ័ណ្ឌកតែប៉ុណ្ណោះ។

បើស្រុកខ្មែរ នៅតែមាន “មន្ត្រីចចក” កុំសង្ឃឹមថា អាចបោសសម្អាត “ឈ្មួញចចក” បាននោះ ព្រោះបញ្ហាលាភសក្ការៈ ធ្វើឱ្យមនុស្សភ្លេចអ្វីៗទាំងអស់។ សព្វថ្ងៃ ឆ្លៀតពេលបក្សកាន់អំណាច និងបក្សប្រឆាំង កំពុងដើរក្រឡានយោបាយ យក ឈ្នះគ្នាក្នុងការទាក់ទាញសន្លឹកឆ្នោតនោះ ជាឱកាសឱ្យ “ឈ្មួញចចក” បន្ត “ខាំកកេរឈើប្រណីត” មិនចេះស្កប់ស្កល់ ឯ “មន្ត្រីចចក” ក៏មិនហ៊ានខាំចចកដូចគ្នា ដែលផលវិបាកបានត្រឹមទុកឱ្យមនុស្សជំនាន់ក្រោយលែងស្គាល់ព្រៃឈើតែប៉ុណ្ណោះ។

សរុបទៅ “ចចកមិនស៊ីចចកគ្នាវាទេ!” មានន័យយ៉ាងនេះឯង គឺមកពីកវីនិពន្ធមើលឃើញតថភាពសង្គមច្បាស់ ទើបលោក ចងក្រងជាសុភាសិតនេះទុក។ ធម្មតា សុភាសិត ពាក្យស្លោក ពាក្យបណ្តៅ ទាំងខ្មែរ ទាំងបរទេស មិនដែលខុសទេ បើបុគ្គល ណាយកទៅអនុវត្តតាមបាន នឹងក្លាយជាបុគ្គលអស្ចារ្យបំផុត។ ប៉ុន្តែ សុភាសិតខាងលើនេះ ដូចជាពិបាករកមនុស្សអនុវត្ត បនាណាស់ បើនៅតែមិនអាចលះបង់បក្ខពួក គ្រួសារនិយម ជាពិសេស និន្នាការនយោបាយប្រកាន់គណបក្ស ក៏ជាហេតុនាំឱ្យមានករណី “ចចកមិនស៊ីចចកគ្នាវាទេ!” នេះដែរ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES