កាលពីថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ មនុស្សម្នាជាច្រើនបានចោមរោមមើលអតីតកីឡាករDidier Drogba ដែលធ្វើដំណើរ មកដាក់ពាក្យជ្រើសរើសតំណែងប្រធានសហព័ន្ធបាល់ទាត់កូតឌីវ័រ។
អតីតកីឡាករឆ្នើមទ្វីបអាហ្វ្រិក វ័យ៤២ឆ្នាំរូបនេះ គឺជាបេក្ខជនមួយរូបក្នុងចំណោមបេក្ខជន៤រូប ដែលកំពុងប្រជែងគ្នាយកតំណែងសហព័ន្ធបាល់ទាត់ប្រចាំប្រទេសនៅអាហ្វ្រិកខាងលិច។ ការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធបាល់ទាត់កូតឌីវ័រ ត្រូវប្រារឰធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អតីតកីឡាករក្លឹប Chelsea បាននិយាយថា បាល់ទាត់គឺជាកីឡារបស់អ្នកទាំងអស់គ្នា។ បាល់ទាត់នាំមកនូវការសាមគ្គី ដូច្នេះអ្នកដឹកនាំវិស័យបាល់ទាត់ត្រូវតែមានលក្ខណសម្បត្តិល្អ។
លោកបានបន្តទៀតថា បាល់ទាត់របស់ប្រទេសយើង គឺមិនទាន់នៅឡើយទេ ហើយខ្ញុំចង់ធ្វើកំណែទម្រង់ឱ្យបាល់ទាត់នៅក្នុងប្រទេសនេះរីកចម្រើនទៅមុខ។
Drogba ធ្លាប់បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ចំនួន៣ដង និងជួយឱ្យក្រុមជម្រើសជាតិកូតឌីវ័រ ឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់អាហ្វ្រិកខាប់ ចំនួន២លើកផងដែរ។
អតីតខ្សែប្រយុទ្ធ Didier Drogba បានចាប់ផ្តើមអាជីពបាល់ទាត់តាំងពីឆ្នាំ១៩៨៨ ហើយបញ្ចប់នៅឆ្នាំ២០១៨ ជាមួយក្លឹបបាល់ទាត់អាមេរិក Phoenix។ នៅក្នុងអាជីពបាល់ទាត់ ស៊ុតបាល់បញ្ចូលទី២១០គ្រាប់ ក្នុងការបង្ហាញវត្តមាន៤៩៧ប្រកួត៕
ប្រភពពី ៖ The Sun
ប្រែសម្រួលដោយ ៖ ដេត