ខេត្តព្រៃវែង ៖ កម្លាំងសមត្ថកិច្ចគយចល័តតំបន់៦ សហការជាមួយមន្ត្រីកងរាជអាវធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការបង្ក្រាបរថយន្តទំនើបចំនួន២គ្រឿង ដែលត្រូវបានឈ្មួញលួចនាំចូលគេចពន្ធមកពីប្រទេសវៀតណាម តាមច្រករបៀងប៉ុស្តិ៍អន្តរជាតិត្រពាំងផ្លុង។
ប្រតិបត្តិការខាងលើ ដឹកនាំដោយលោកព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធ តំបន់៦ ដោយសហការជាមួយមន្ត្រីកងរាជអាវធហត្ថលើផ្ទៃប្រទេស និងធ្វើឡើងកាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។
ជាក់ស្តែងមន្ត្រីជំនាញ បានឃាត់រថយន្តចំនួន២គ្រឿង ដែលគ្មានពន្ធនាំចូល រួមមាន រថយន្តម៉ាក Chevrolet ផលិតឆ្នាំ២០១៩ និងរថយន្ត Lexus GS 300 នៅចំណុចភូមិពោធិ៍ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ដោយម្ចាស់រថយន្តឈ្មោះម៉ៅ វណ្ណៈ ហៅសុខគា បានធ្វើសកម្មភាពលួចនាំចូលរថយន្តអត់ពន្ធកន្លងមកជាញឹកញាប់ ដោយប្រើល្បិចបំភាន់ភ្នែកសមត្ថកិច្ចបានជួលអ្នកបើកបរយ៉ាងស្ទាត់ជំនាញបើក ក្នុងលឿន១៥០ទៅ១៦០គីឡូម៉ែត្រក្នុង១ម៉ោង បើទោះបីជាក្នុងស្ថានភាពមេឃកំពុងភ្លៀង និងយប់ងងឹតក៏ដោយ ក៏មិនខ្វល់ពីការគ្រោះថ្នាក់ចំពោះ អ្នកដទៃនោះដែរ ។
គួរបញ្ជាក់ថា ឈ្មោះ ម៉ៅ វណ្ណៈ នេះធ្លាប់ត្រូវមន្ត្រីគយចល័តតំបន់១ ចាប់បានរថយន្តអត់ពន្ធរបស់ខ្លួនដែល ខណៈដែលលួចនាំចូលកន្លងមកម្តងរួចមកហើយ។

ក្រោយឃាត់ខ្លួនយោងតាមចម្លើយសារភាពរបស់ម្ចាស់ និងអ្នកបើកបរ បានឱ្យដឹងថា ក្នុងមួយខែ ខ្លួនលួចនាំចូលរថយន្តមកពីប្រទេសវៀតណាម បានចំនួនពី១៧ទៅជាង២០គ្រឿង ដោយយកស្លាកលេខនគរបាលជាតិ ទៅបំពាក់គ្រប់រថយន្ត រាល់ពេលធ្វើសកម្មភាពនាំចូល។
ដោយឡែក តាមចម្លើយសារភាពរបស់ក្រុមឈ្មួញ ក៏បានឱ្យដឹងថា អ្នកលួចនាំចូលរថយន្តអត់ពន្ធនៅមានឈ្មោះប៊ុន ធឿន ម្នាក់ទៀត ដែលសមត្ថកិច្ចគយធ្លាប់ធ្វើការបង្ក្រាប និងកំពុងតាមប្រម៉ាញ់បន្ត។
បច្ចុប្បន្នរថយន្តទាំង២គ្រឿងនេះ ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅទីតាំងគយចល័តពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ ហេតុល្មើសច្បាប់គយ ទៅតាមនីតិវិធី៕