ខេត្តកណ្តាល ៖ លោកស្រីហ៊ុន ស៊ីណាត ប្អូនស្រីរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានហៅស្រីស្អាត Love Riya តារាហ្វេសប៊ុកអ្នកលក់ផលិតផលតាមអនឡាញល្បីឈ្មោះ ថាជាជនបំពុលសង្គម បន្ទាប់ពីស្ត្រីរូបនេះបានប្រឌិតរឿងមិនពិត ធ្វើឱ្យផ្អើលសមត្ថកិច្ចថា បានបាត់លុយ៣០ម៉ឺនដុល្លារ។
លោកស្រីហ៊ុន ស៊ីណាត បានសរសេរនៅក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ថា “នាងនេះបំពុលសង្គម ធ្វើឱ្យគេឯងខ្វល់តែរឿងគាត់រហូត អ៊ីចឹងសូមសមត្ថកិច្ចចាត់វិធានការលើនាងនេះម្តងមើល ពីព្រោះខ្ញុំដើរមានអ្នកជេរសមត្ថកិច្ចខេត្តកណ្តាល ថារបបចោរលួចរបស់ស្រីម្នាក់នេះ ស្រីនេះហ៊ានឡាយព័ត៌មានមិនពិត នាំឱ្យមហាជនមានការយល់ច្រឡំលើសមត្ថកិច្ចថា អសមត្ថភាពការពារសន្តិសុខជូនរាស្ត្រមិនបាន”។

ទោះបីជាយ៉ាងណា ជុំវិញការរិះគន់របស់លោកស្រីហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចហ៊ុន សែន ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់បំភ្លឺឆ្លើយតបពីអ្នកនាង Love Riya បានទេកាលពីម្សិលមិញ ដោយអ្នកនាងមិនលើកទូរស័ព្ទ។
គួរបញ្ជាក់ថា ថ្មីៗនេះ អ្នកមេម៉ាយលក់ឡេរូបស្រស់ សាច់សខ្ចី សេង ស្រីរ័ត្ន ហៅ Love Riya អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើឱ្យអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលនាងថា មានចោរចូលគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ ខណៈនាងនិងក្រុមគ្រួសារ ព្រមទាំងកូនចៅជាបុគ្គលិកទាំងអស់ ចាកចេញពីផ្ទះធ្វើដំណើរ កម្សាន្តទៅកាន់ខេត្តកំពត។

អ្នកនាងរីយ៉ា ថា ហេតុការណ៍ចោរលួចចូលគាស់ផ្ទះនាង បានកើតឡើងកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ហើយនាងថា ចោរបានលួចលុយពីក្នុងទូដែកអស់៣០ម៉ឺនដុល្លារឯណោះ តែរបស់របរ និងសម្ភារៈផ្សេងៗមិនបានបាត់ទៅណាទេ រួមទាំងទូរស័ព្ទដៃផងដែរ។
បន្ទាប់មក អ្នកនាងរីយ៉ា ក៏បានប្តឹងទៅសមត្ថកិច្ចករណីចោរចូលគាស់ផ្ទះ លួចយកលុយអស់៣០ម៉ឺនដុល្លារនេះ តែនៅពេលសមត្ថកិច្ចចុះមកពិនិត្យកន្លែងកើតហេតុជាក់ស្តែង បានរកឃើញថា ចោរបានឡើងចូលលួចលុយទូដែកតូចគ្មានដាក់លុយទេ។ ចំណែកទូដែកធំ ត្រូវបានចោរលើកមកដាក់នៅសំយាបខាងមុខ ក្រៅពីនេះពុំមានការបាត់បង់អ្វីទៀតឡើយ។ សរុបមក គឺទ្រព្យសម្បត្តិរបស់អ្នកនាងរីយ៉ា ពុំមានការបាត់បង់អ្វីទាំងអស់។

ស្របជាមួយគ្នានេះផងដែរ ប្រភពព័ត៌មានមួយបាននិយាយថា លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ព្រមានចាត់ការតាមផ្លូវច្បាប់ ប្រសិនបើអ្នកនាងរីយ៉ា នៅបន្តធ្វើអ្វីមិនហេតុផលទាក់ទងការលើកឡើងថា បាត់លុយអស់៣០ម៉ឺនដុល្លារ ជាការបំផ្លើសការពិតនោះ គឺតាមពិតការបំប៉ោងព័ត៌មានការផ្តល់ព័ត៌មានក្លែងក្លាយដល់សមត្ថកិច្ចក្នុងចេតនាណាមួយ ឬក្នុងគោលបំណងបម្រើឱ្យផលប្រយោជន៍ខ្លួនឯង អាចជាបទល្មើស។
ក្រោយពីរឿងនេះបានផ្ទុះឡើង ដោយមានការរិះគន់យ៉ាងចាស់ៗដៃពីសំណាក់អ្នកលេងបណ្តាញសង្គមនោះ អ្នកនាងរីយ៉ា បានចេញវីដេអូសុំទោសដល់សមត្ថកិច្ច និងបកស្រាយអំពីរឿងនេះផងដែរ ដោយនាងបញ្ជាក់ថា ការដែលនាងថា បាត់លុយ៣០ម៉ឺនដុល្លារនោះ គឺនិយាយបំភ័យចោរទេ គឺចង់ឱ្យចោរចេញមុខបដិសេធ។

អ្នកនាង Love Riya បានរៀបរាប់នៅក្នុងវីដេអូ ផ្សាយផ្ទាល់ (Live Video) តាមហ្វេសប៊ុករបស់អ្នកនាងថា បើអ្នកនាងចង់បំពុលសង្គម ឬចង់ល្បី ដោយកុហកគេថា បាត់លុយ ដើម្បីចង់ល្បី តើនាងចាំបាច់ត្រូវឆ្លើយនៅផ្នែកខាងចុងឃ្លីបថា អត់មានបាត់អ្វី និងលក់ឡេកើតទេ នៅពេលបើកទូដែកហើយ មិនឃើញបាត់អីនោះ។

ដូច្នេះអ្នកដែលចោទថា អ្នកនាងបំពុលសង្គម និងកុហករឿងបាត់លុយ គឺអ្នកនោះមិនមើលវីដេអូរបស់អ្នកនាងឱ្យចប់ ដោយមើលតែដើមវីដេអូ ហើយក៏ចែកចាយគ្នាដើម្បីរិះគន់តែម្តង។ អ្នកនាងនៅតែអះអាងថា បើអ្នកនាងចង់ល្បី ព្រោះតែកុហករឿងបាត់លុយមែន តើចាំបាច់អីដែលអ្នកនាងឆ្លើយប្រាប់សមត្ថកិច្ចថា ខ្លួនអត់បាត់អ្វីទេ ក្រៅពីទូដែកទទេមួយ និងបានប្រាប់អ្នកគាំទ្រ តាំងពីដើមថា អត់បាត់អ្វីទេ?

អ្នកនាង Love Riya បានរៀបរាប់នៅក្នុងវីដេអូនោះបន្តថា ការលើកឡើងក្នុងវីដេអូដំបូងរបស់អ្នកនាង មានគោលបំណងម៉្យាងគត់ គឺចង់ឱ្យចោរដែលលូចទូដែកយកទៅហើយ មិនមានលុយក្នុងហ្នឹងឱ្យចេញតវ៉ា ស្របពេលដែលអ្នកនាងដឹងថា កាមេរ៉ាសុវត្ថិភាពក៏ថតមិនបាន ព្រោះតែអ្នកនាងបិទបារ៉ែតភ្លើង តែអ្នកនាងក៏បានបកស្រាយនៅក្នុងវីដេអូឃ្លីបដែរ គឺមិនមែនប្រកាសថា បាត់ហើយមិនមានការ បកស្រាយនោះទេ។

យ៉ាងណាក៏ដោយ អ្នកនាង Love Riya បានបញ្ជាក់នៅក្នុងវីដេអូថា “…ឥឡូវជំហានទី១ នាងខ្ញុំ :ove Riya ក៏សុំទោសចំពោះពុកម៉ែបងប្អូនទាំងអស់គ្នា ហើយឥឡូវហ្នឹង មុននឹងខ្ញុំនិយាយ ក៏ខ្ញុំសុំទោសដល់បងៗសមត្ថកិច្ចផងដែរ… ធម្មតារឿងនេះខ្ញុំមិនបានប្តឹងផ្តល់អ្វីទាំងអស់ ហើយហេតុអ្វីបានខ្ញុំនិយាយថា បាត់លុយ៣០ម៉ឺន… សំណាងហើយដែលខ្ញុំមិននិយាយដល់លើសហ្នឹង តាមពិតខ្ញុំនិយាយហ្នឹង ខ្ញុំនិយាយបំភ័យចោរទេ ហើយខ្ញុំនិយាយលេងទេ… ឥឡូវខ្ញុំទទួលស្គាល់ហើយថា ខ្ញុំខុស ដែលខ្ញុំយករឿងនេះមកនិយាយលេង…”៕
កុលបុត្រ