Wednesday, September 24, 2025
Homeព័ត៌មានជាតិប៉ូលិសឲ្យជិះរុឺម៉កវិញម្តង ក្រោយពួកគេជិះម៉ូតូរត់គេច ដួលលេចចេញ១កញ្ចប់

ប៉ូលិសឲ្យជិះរុឺម៉កវិញម្តង ក្រោយពួកគេជិះម៉ូតូរត់គេច ដួលលេចចេញ១កញ្ចប់

ភ្នំពេញ ៖ បុរសញៀនថ្នាំ២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក និងនគរបាលអន្តរាគមន៍ ដែលដាក់គោលដៅត្រួតពិនិត្យ និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ដេញឃាត់ខ្លួនបាន ព្រមទាំងដកហូតថ្នាំញៀន១កញ្ចប់ ខណៈពេលដែលពួកគេមកពីទិញថ្នាំញៀនយកទៅប្រើប្រាស់ ដោយជិះម៉ូតូអត់កញ្ចក់ និងអត់ពាក់មួក ហើយសមត្ថកិច្ចហៅផាកពិន័យ ប្រឹងគេចដួលម៉ូតូ។

ករណីដេញឃាត់ខ្លួននេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅចំណុចខាងត្បូងអតីតរង្វង់មូលកាំកូស៊ីធី តាមបណ្តោយផ្លូវលេខ៣៥៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ១-ឈ្មោះ ជា ម៉ៅ អាយុ៣០ឆ្នាំ និងទី២-ឈ្មោះសំ សារិទ្ធ អាយុ៣១ឆ្នាំ ហើយទាំង២នាក់ជាមនុស្សញៀនថ្នាំ ស្នាក់នៅតាមចិញ្ចើមផ្លូវម្តុំវត្តកោះ ខណ្ឌដូនពេញ។

បើតាមសម្តីមន្ត្រីនគរបាលចរាចរណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យ២នាក់នេះបានជិះម៉ូតូមួយគ្រឿង ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១X-៧៤០៨ តាមផ្លូវលេខ៣៥៥ ក្នុងទិសដៅពីជើងទៅត្បូង ដោយម៉ូតូអត់មានកញ្ចក់និងមិនពាក់មួកសុវត្ថិភាព ខណៈមកដល់គោលដៅ សមត្ថកិច្ចក៏បានហៅឈប់ដើម្បីផាកពិន័យ ស្រាប់តែពួកគេក៏បានផ្តួលម៉ូតូ រួចរត់គេចខ្លួន។

មន្ត្រីនគរបាលឱ្យដឹងទៀតថា ភ្លាមៗនោះ ជនសង្ស័យបានរត់គេចខ្លួនបំបែកគ្នា ហើយត្រូវបានកម្លាំងនគរបាលចរាចរណ៍ និងកម្លាំងនគរបាលអន្តរាគមន៍ដែលសហការគ្នាដាក់គោលដៅពង្រឹងច្បាប់ចរាចរណ៍ នាំគ្នាដេញតាមឃាត់ខ្លួនបានទាំង២នាក់ ព្រមទាំងដកហូតបានថ្នាំញៀនមួយកញ្ចប់។

ជនសង្ស័យបានសារភាពថា នៅមុនពេលចាប់ខ្លួន ពួកគេបានជិះម៉ូតូទៅរកទិញថ្នាំញៀន១កញ្ចប់ នៅម្តុំបឹងកក់ ដើម្បីយកទៅប្រើប្រាស់ លុះពេលធ្វើដំណើរតាមផ្លូវក៏បានប្រទះឃើញនគរបាលហៅត្រួតពិនិត្យ ទើបពួកគេផ្តួលម៉ូតូរត់ តែរត់មិនរួច ត្រូវឃាត់ខ្លួនដោយនគរបាលចរាចរណ៍ រួចប្រគល់ឱ្យនគរបាលប៉ុស្តិ៍បឹងកក់ទី១ យកទៅចាត់ការតាមច្បាប់៕

RELATED ARTICLES