Monday, April 29, 2024
Homeព័ត៌មានជាតិលោក​ហ៊ុន ម៉ាណែត ថា​នៅ​អូស្ត្រា​លី ១៥០​បាតុ​កម្ម ៦០០​គាំទ្រ

លោក​ហ៊ុន ម៉ាណែត ថា​នៅ​អូស្ត្រា​លី ១៥០​បាតុ​កម្ម ៦០០​គាំទ្រ

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ លោកហ៊ុន ម៉ាណែត កូនប្រុសសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើក ឡើងថា ការបំផុសរៀបចំដឹកនាំធ្វើបាតុកម្ម ប្រឆាំងរូបលោកនៅប្រទេសអូស្ត្រាលី មាន បាតុករចូលរួមប្រមាណ១៥០នាក់ ប៉ុន្តែពលរដ្ឋ ខ្មែរនៅអូស្ត្រាលីជាង៦០០នាក់ បានស្វាគមន៍ គាំទ្រ និងចូលរួមក្នុងកម្មវិធីពិសាអាហារសាមគ្គី ជួបជុំមហាគ្រួសារខ្មែរ។

លោកហ៊ុន ម៉ាណែត បានសរសេរបញ្ជាក់ ក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពី ព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ ថា “ទោះ ជាមានការបំផុស និងរៀបចំដឹកនាំឱ្យមានបាតុកម្ម ប្រឆាំងនឹងការជួបជុំគ្នា ដែលមានបាតុករចូលរួម ប្រមាណ១៥០នាក់ ក៏មិនអាចរារាំងនូវទឹកចិត្ត គាំទ្រ ការស្រលាញ់រាប់អានក្នុងលក្ខណៈជាខ្មែរ តែមួយរបស់បងប្អូនខ្មែរយើងជាង៦០០នាក់ ដែលរស់នៅក្នុងទីក្រុងមែលប៊ន ដែលបានចូលរួមក្នុងពិធីពិសាអាហារសាមគ្គីក្នុងលក្ខណៈ មហាគ្រួសារខ្មែរ ដែលបានរៀបចំឡើង នៅល្ងាច ថ្ងៃទី០៧ តុលា ឆ្នាំ២០១៦នេះដែរ។ ពិធីនេះ ក៏ត្រូវបានផ្តល់កិត្តិយសចូលរួមដោយឯកឧត្តម Bruce Atkinson ប្រធានព្រឹទ្ធសភានៃរដ្ឋ Victoriaផងដែរ។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមយ៉ាងច្រើនកុះករនេះ ដែលបង្ហាញពីស្មារតីសាមគ្គីគ្នាក្នុងនាមជាខ្មែរ តែមួយ”។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសអូស្ត្រាលី ប្រមាណជាង៦០០នាក់ បានជួបជុំគ្នាស្វាគមន៍ដំណើរអញ្ជើញមកដល់  ប្រទេសអូស្ត្រាលីរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសសម្តេចនាយករដ្ឋមន្ត្រី កម្ពុជា និងក្រុមការងារក្នុងពិធីពិសាអាហារ សាមគ្គីជាលក្ខណៈមហាគ្រួសារខ្មែរ ដែលប្រព្រឹត្ត ទៅនៅក្នុងភោជនីយដ្ឋានមួយកន្លែង ស្ថិតក្នុង ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី កាលពី ល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦។

នៅក្នុងពិធីជួបជុំនោះ ក៏មានការអញ្ជើញ ចូលរួមពីលោក Bruce Atkinson ប្រធាន ព្រឹទ្ធសភានៃរដ្ឋ Victoria និងលោកកុយ គួង ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសអូស្ត្រាលី និង ញូវហ្សេឡែនដ៍ ផងដែរ។

នៅមុនពិធីជួបជុំមកដល់ នៅខាងក្រៅ កន្លែងជួបជុំពិសាអាហារសាមគ្គីមហាគ្រួសារ ខ្មែរនោះ មានក្រុមបាតុករប្រមាណ១៥០នាក់ ដែលដឹកនាំ ដោយលោកហុង លីម តំណាងរាស្ត្រ អូស្ត្រាលី ដើមកំណើតខ្មែរ បានប្រមូលផ្តុំគ្នាមក ស្រែកប្រឆាំង និងចោទប្រកាន់ថា អ្នកដែល បានមកចូលរួមក្នុងពិធីពិសាអាហារសាមគ្គីជា លក្ខណៈមហាគ្រួសារខ្មែរនេះ គឺសុទ្ធតែត្រូវ ទទួលបានការទិញទឹកចិត្ត។

ទោះយ៉ាងណា ពិធីពិសាអាហារសាមគ្គី ជួបជុំមហាគ្រួសារខ្មែរ ដែលមានវត្តមានលោក ហ៊ុន ម៉ាណែត លោកកុយ គួង រួមនិងក្រុមការងារ ព្រមទាំងពលរដ្ឋខ្មែរជាង៦០០នាក់ បាន ប្រព្រឹត្តទៅប្រកបដោយភាពរលូន និងមានការ សំណេះសំណាលសួរសុខទុក្ខ ថតរូបអនុស្សាវរីយ៍ ព្រមទាំងរាំលេងកម្សាន្តសប្បាយ ហើយ កម្មវិធីបានបិទបញ្ចប់ដោយភាពសប្បាយរីករាយ យ៉ាងកក់ក្តៅ និងស្និទ្ធិស្នាលបំផុត។

ដោយឡែកជុំវិញការដឹកនាំធ្វើបាតុកម្ម ប្រឆាំងលោកហ៊ុន ម៉ាណែត នៅប្រទេសអូស្ត្រាលី ដោយលោកហុង លីម នោះ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា បុគ្គលហុង លីម បានបោះបង់សញ្ញាតិ ខ្មែរ ដូច្នេះពុំមានសិទ្ធិបញ្ចោញមតិលើអធិបតេយ្យ កម្ពុជាឡើយ។

សេចក្តីប្រកាសព័ត៌មានរបស់គណបក្ស ប្រជាជនកម្ពុជា ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ នោះ មានខ្លឹមសារទាំងស្រុងថា “គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាសាធារណៈ ជូនជនរួមជាតិ និងប្រជាជនអូស្ត្រាលីដើមកំណើតខ្មែរ   ចំពោះករណីបាតុកម្មដែលរៀបចំនៅថ្ងៃទី០៧  ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងមែលប៊ន ប្រទេស អូស្ត្រាលី ប្រឆាំងទស្សនកិច្ចរបស់គណៈប្រតិភូ យុវជនខ្មែរ ដឹកនាំដោយឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត សូមជ្រាបដូចខាងក្រោម ៖

បាតុកម្មនេះ ជាបាតុកម្មនយោបាយ ព្រោះដឹកនាំដោយបុគ្គលនយោបាយ ហុង លីម ដែលបោះបង់សញ្ជាតិខ្លួនឯង ហើយឈរជា តំណាងរាស្ត្រថ្នាក់រដ្ឋមួយរបស់ប្រទេសអូស្ត្រាលី។ ដូច្នេះបុគ្គលហុង លីម ពុំមានសិទ្ធិបញ្ចោញមតិ លើអធិបតេយ្យកម្ពុជា និងមិនតំណាងឱ្យសំឡេង ខ្មែរពិតប្រាកដ ដូចដែលអ្នកចូលរួមបាតុកម្ម ចង់បាននោះទេ។

គណបក្សប្រជាជនកម្ពុជា សូមគាំទ្រ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កម្ពុជា ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ដែល បានលើកឡើងតាមការបញ្ជាក់របស់លោកជំទាវ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំរាជធានីភ្នំពេញ ថា រាល់សម្តីរបស់បុគ្គលហុង លីម មិនមែន តំណាងឱ្យទស្សនៈរបស់រដ្ឋាភិបាលអូស្ត្រាលី ឬជាសភារបស់រដ្ឋសហព័ន្ធទេ។ ក្នុងន័យនេះ បុគ្គលហុង លីម ពិតជារៀបចំបាតុកម្មឡើង ក្រោមខ្សែញាក់របស់គណបក្សនយោបាយណា មួយ ដែលកំពុងជំរុញស្ថានភាពនយោបាយនៅ កម្ពុជា ឱ្យឡើងកម្តៅ ស្របនឹងគោលបំណង របស់មេដឹកនាំនយោបាយទុច្ចរិតដែលនៅពី ក្រោយខ្នង សំដៅបំភ័ន្តមតិជាតិនិងអន្តរជាតិ ថា កម្ពុជាកំពុងមានវិបត្តិនយោបាយ។

គណបក្សប្រជាជនកម្ពុជា ធ្លាប់ចេញ សេចក្តីថ្លែងការណ៍ភ្លាមៗ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ (ថ្ងៃកើតហេតុ) ថ្កោលទោសការ សម្លាប់បណ្ឌិតកែម ឡី និងអំពាវនាវឱ្យអាជ្ញាធរ មានសមត្ថកិច្ចបន្តគ្រប់នីតិវិធី ដើម្បីចាប់ខ្លួន ជនល្មើសនិងអ្នកពាក់ព័ន្ធ។ ជាសក្ខីភាព ឃាតករ នាមជួប សម្លាប់ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយស្ថាប័នតុលាការ ក៏កំពុងអនុវត្តនីតិវិធី យ៉ាងពេញលេញផងដែរ។ ដូច្នេះបុគ្គលនយោបាយ ហុង លីម ត្រូវតែទទួលខុសត្រូវចំពោះ ពាក្យសម្តីចោទប្រកាន់ដ៏ថោកទាប និងគ្មាន ភ័ស្តុតាង មកលើគណបក្សប្រជាជនកម្ពុជា អំពី ករណីឃាតកម្មលើលោកបណ្ឌិតកែម ឡី។

គណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់ ខ្ជាប់ស្មារតីមហាសាមគ្គីគ្រួសារខ្មែរតែមួយ ទោះ នៅក្នុងប្រទេស ឬកំពុងរស់នៅក្រៅប្រទេស ហើយប្តេជ្ញាការពារសន្តិភាព ស្ថិរភាព និងភាព សុខសាន្តរបស់ប្រជាជន ដោយគោរពយ៉ាងម៉ឺងម៉ាត់ តាមគោលការណ៍នីតិរដ្ឋ”៕

RELATED ARTICLES