ខេត្តសៀមរាប ៖ បុរសម្នាក់បានលួចយកម៉ូតូរបស់មិត្តភក្តិ ត្រូវនគរបាលខេត្តសៀមរាប ចាប់បាន និងដកហូតម៉ូតូមកវិញ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនក្នុងអំពើលួចនេះ ឈ្មោះធឿន ម៉ៅ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិបុស្ស-ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា នៅវេលាម៉ោង០៥និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចមុខបន្ទប់ជួល នៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ សៀមរាប ១AE-០១៧៥ លេខតួនិងលេខម៉ាស៊ីន ៥៤៣៣២២៥ និងលុយចំនួន២០ម៉ឺនរៀល របស់ជនរងគ្រោះឈ្មោះលី សុវណ្ណដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស។

លោកចិន្តារ៉េត ឱ្យដឹងដែរថា នៅពេលជនរងគ្រោះកំពុងដេកលក់មិនដឹងខ្លួន ជនសង្ស័យដែលត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះដែលបានស្នាក់នៅក្នុងបន្ទប់ជាមួយគ្នា បានលួចយកសោម៉ូតូដែលជនរងគ្រោះទុកលើធ្នើរក្បាលគ្រែ នឹងលុយចំនួន២០ម៉ឺនរៀល ដែលជនរងគ្រោះទុកក្នុងហោប៉ៅខោ ព្យួរនឹងជញ្ជាំងរួចជិះគេចខ្លួនបាត់ ទើបជនរងគ្រោះប្តឹងសមត្ថកិច្ច។
លោកបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញរបស់ក្រុងបានចុះស្រាវជ្រាវ និងស៊ើបអង្កេតករណីនេះភ្លាមៗ ដោយបានទំនាក់ទំនងសុំកិច្ចសហការពីគ្រប់អង្គភាពពាក់ព័ន្ធក្នុងខេត្តផ្ទាល់ និងបណ្តាខេត្តជាប់ព្រំប្រទល់។ លុះម៉ោងប្រហែលម៉ោង៩ព្រឹក ថ្ងៃទី០៩ ដដែល កម្លាំងនគរបាលអធិការក្រុងស្ទឹងសែន ធ្វើការឃាត់ខ្លួនបាន រួមទាំងម៉ូតូផងដែរ។

ក្រោយឃាត់ខ្លួន និងធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួចយក ម៉ូតូនិងប្រាក់របស់ជនរងគ្រោះប្រាកដមែន។
យោងតាមចម្លើយសារភាព ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ត ផ្តន្ទាទោសតាមច្បាប់៕