Wednesday, September 24, 2025
Homeព័ត៌មានជាតិអាយុប៉ុណ្ណឹងសោះ រំអុកម្តាយសុំការប្រពន្ធទៅហើយ... ចាំបន្តិចមិនបានទេ?

អាយុប៉ុណ្ណឹងសោះ រំអុកម្តាយសុំការប្រពន្ធទៅហើយ… ចាំបន្តិចមិនបានទេ?

ខេត្តសៀមរាប ៖ យុវជនម្នាក់បានទាក់ទងស្នេហាជាមួយនឹងនារីម្នាក់ លុះក្រោយមកក៏បានរំអុកម្តាយឱ្យចូលស្តីដណ្តឹងនារីរូបនោះមកធ្វើជាគូគាប់ តែម្តាយប្រកែក ព្រោះមិនទាន់មានលុយកាក់គ្រប់គ្រាន់ ស្រាប់តែកូនប្រុសឈឺចិត្តស្អិតទ្រូងខ្លាចនារីដែលខ្លួនស្រលាញ់ត្រូវប្រុសផ្សេងឆក់យកបាត់ផង ក៏សម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួននៅក្នុងចម្ការដំឡូងតែម្តង។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចចម្ការដំឡូងមួយកន្លែង ស្ថិតក្នុងភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី។

យុវជនខូចចិត្តរឿងម៉ែអត់ដណ្តឹងប្រពន្ធឱ្យ បែរជាគិតខ្លីចងកបញ្ចប់ជីវិតខ្លួនឯងនេះ មានឈ្មោះថាំង វុន អាយុ២២ឆ្នាំ មានលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

យោងតាមការបំភ្លឺពីស្ត្រីជាម្តាយជនរងគ្រោះ ប្រាប់ដល់សមត្ថកិច្ចថា កាលពីកន្លងមក កូនប្រុសរបស់គាត់រូបនេះ (ជនរងគ្រោះ) ធ្លាប់បានស្រលាញ់នារីម្នាក់ ហើយបានរំអុកឱ្យគាត់ជាម្តាយទៅស្តីដណ្តឹងឱ្យ តែគាត់មិនព្រមដោយគាត់ពុំមានលុយ។

ស្ត្រីជាម្តាយបន្តថា នៅមុនថ្ងៃកើតហេតុ កូនប្រុសរបស់គាត់មកពីដើរលេងវិញ ក៏បានមកបើកឆ្នាំងបាយ ដោយពុំមានបាយនៅក្នុងឆ្នាំង កូនរបស់គាត់ក៏មិនបាននិយាយអ្វីដែរ  ហើយទៅទិញស្រាបៀរ២កំប៉ុងមកផឹក រួចក៏ដើរចេញទៅបាត់ ដោយគាត់នឹកស្មានថាទៅដើរលេង។ ប៉ុន្តែដោយសារបាត់យូរពេក បងប្អូនបានតាមរកតែរកមិនឃើញសោះ។ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ទើបប្រទះឃើញសាកសពចងកនៅលើដើមត្របែកព្រៃ ដោយប្រើខ្សែអំឡុងពណ៌ខៀវ ដោយសភាពសាកសពបានហើមស្អុយបាត់ទៅហើយ។

ស្ត្រីជាម្តាយជនរងគ្រោះ បានបញ្ជាក់ថា  មុនកើតហេតុ គាត់សង្កេតឃើញកូនប្រុសរបស់គាត់តែងតែស្តាប់បទស្មូត និងនិយាយពាក្យ “លាហើយម៉ែចាំជាតិក្រោយជួបគ្នាទៀត” ប៉ុន្តែគាត់មិនបានចាប់អារម្មណ៍ និងនឹកដល់សោះថា កូនប្រុសអាចនឹងមានគំនិតខ្លីដល់ម៉្លឹង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន។ មូលហេតុដោយសារតូចចិត្តនឹងរឿងម្តាយអត់លុយដណ្តឹងមនុស្សស្រីជាទីស្រលាញ់របស់ខ្លួនមកធ្វើជាគូគាប់។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES