ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលឡើងទាំងព្រឹក ដល់អ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន អន្តរាគមន៍ បន្ទាប់ពីស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ មកឈប់ពីមុខផ្ទះម្តាយដែលលក់ចាប់ហួយ ហើយមិនបានដកសោចេញ ត្រូវជនសង្ស័យដើរមកឃើញក៏ធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ ហើយបើកចេញទៅ ធ្វើឱ្យម្ចាស់ស្រែកឆោឡោកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិព្រះទន្លេ ឃុំសង្ឃ័រ ក្រុងស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឱ្យដឹងថា ស្ត្រីម្ចាស់ម៉ូតូមានឈ្មោះនាង សុធារី ហៅ (ការ៉ន) អាយុ៣២ឆ្នាំ មានប្តីឈ្មោះទិន ភក្តី អាយុ៣៦ឆ្នាំ ដែលរស់នៅភូមិពភ្លា សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង។

តាមសម្តីឈ្មោះទិន ភក្តី ដែលជាប្តី បានឱ្យដឹងថា មុនពេលកើតហេតុ ប្រពន្ធរបស់គាត់ឈ្មោះនាង សុធារី ហៅ (ការ៉ន) បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខស្វាយរៀង 1O-2024 មកផ្ទះម្តាយលក់អីវ៉ាន់ចាប់ហួយ ដើម្បីទិញសំណាញ់ត្រងកូនត្រី ស្ថិតនៅក្នុងភូមិព្រះទន្លេ ឃុំសង្ឃរ័ ក្រុងស្វាយរៀង។

ខណៈគាត់កំពុងតែវាស់សំណាញ់ ស្រាប់តែមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានចូលមក ដោយយកកាំភ្លើងខ្លីភ្ជង់ប្អូនស្រីរបស់គាត់ ឈ្មោះសោភា អាយុ១៨ឆ្នាំ ដែលជាម្ចាស់ផ្ទះលក់អីវ៉ាន់ ចាប់ហួយ គំរាមមិនឱ្យស្រែក ហើយយកម៉ូតូជិះចេញ ទើបប្អូនស្រីគាត់ស្រែកឆោឡោថាចោរៗ ធ្វើឱ្យ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋបាននាំគ្នាដេញតាមពីក្រោយតែដេញមិនទាន់ ដោយសារមានរថយន្តបាំងពីមុខ។

ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរកជនសង្ស័យ។
ពាក់ព័ន្ធករណីនេះ លោកកែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានឱ្យដឹងថា ពិតជាមានករណីនេះមែន ប៉ុន្តែមិនមែនប្លង់នោះទេ ដោយជនសង្ស័យដើរមកមុខផ្ទះលក់ចាប់ហួយ ហើយក៏ ឃើញម៉ូតូឈប់ចតមិនបានដកសោ ធ្វើឱ្យជនសង្ស័យមានឱកាសដើរចូលទៅជិត ប៉ុន្តែមានស្ត្រីម្នាក់ទៀតឈរក្បែរម៉ូតូ ទើបជនសង្ស័យយកវត្ថុតាងម៉្យាងមកគំរាម រួចក៏ជិះគេចខ្លួនតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវ ដើម្បីស្វែងរកជនសង្ស័យ ដើម្បីចាប់យកមកចាត់ការតាមច្បាប់៕