ខេត្តកណ្តាល ៖ យុវតីរូបស្រស់ម្នាក់បានជិះម៉ូតូចេញពីផ្ទះ ដោយប្រាប់ក្រុមគ្រួសារថា ទៅសាលារៀន រួចក៏បាត់ឈឹងមិនឃើញត្រឡប់មកផ្ទះវិញសោះ ទោះជាព្យាយាមទាក់ទងតាមទូរស័ព្ទក៏មិនចូល មិនដឹងជាបាត់ទៅណា ធ្វើឱ្យក្រុមគ្រួសារភ័យព្រួយយ៉ាងខ្លាំង។
យុវតីដែលបាត់ខ្លួនខាងលើ មានឈ្មោះសឿន សុផានីត អាយុ១៧ឆ្នាំ មានលំនៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ។ យុវតីរូបនេះបានបាត់ខ្លួនចេញពីផ្ទះ កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។
តាមប្រភពពីក្រុមគ្រួសារយុវតីខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ យុវតីខាងលើបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BO-2264 ដោយប្រាប់អ្នកផ្ទះថា ទៅសាលារៀន រួចហើយក៏បាត់ដំណឹងនិងពុំឃើញវិលមកផ្ទះវិញសោះ។

ក្រុមគ្រួសារយុវតីខាងលើបន្តថា បន្ទាប់ពីយុវតីខាងលើបាត់ខ្លួនភ្លាមៗ ក្រុមគ្រួសារបានព្យាយាមទូរស័ព្ទតាមរកដែរ តែទាក់ទងមិនបានសោះ ជាហេតុធ្វើឱ្យក្រុមគ្រួសារកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខនិងសុវត្ថិភាពរបស់នាង។
ជាមួយនេះ ក្រុមគ្រួសារនារីដែលបាត់ខ្លួនខាងលើ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារ តាមរយៈទូរស័ព្ទលេខ ០៦៩ ៣៣៤ ០០៧ និង ០៨៩ ៣៣៤ ០០៧ ដោយក្តីអនុគ្រោះ៕