Wednesday, September 24, 2025
Homeព័ត៌មានជាតិដោយសារការស្រលាញ់ បានត្រឹម១០ថ្ងៃប៉ុណ្ណោះ ទាំងប្តីទាំងប្រពន្ធរត់ទៅប្តឹងប៉ូលិស

ដោយសារការស្រលាញ់ បានត្រឹម១០ថ្ងៃប៉ុណ្ណោះ ទាំងប្តីទាំងប្រពន្ធរត់ទៅប្តឹងប៉ូលិស

ខេត្តកណ្តាល ៖ ប្តីប្រពន្ធ២នាក់ទើបនឹងបង់រំលស់ម៉ូតូធំស៊េរីថ្មី១គ្រឿង ជិះទើបតែបាន១០ថ្ងៃ ដោយសារតែធ្វេសប្រហែសដាក់ចតនៅមុខបន្ទប់១យប់ ស្រាប់តែព្រឹកឡើងក៏ត្រូវជនសង្ស័យធ្វើសកម្មភាពលួចកាច់កយកទៅបាត់ស្រមោលដោយសុវត្ថិភាព។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

ជនរងគ្រោះ២នាក់ប្តីប្រពន្ធជាម្ចាស់ម៉ូតូ រួមមាន បុរសជាប្តីមានឈ្មោះសៀវ ម៉េង មុខរបរលក់ដូរ មានប្រពន្ធឈ្មោះស៊ូ លី ស្នាក់នៅផ្ទះជួល នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យកាច់កយកទៅបាត់ ម៉ាក YAMAHA MT15  ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1IJ-5606 មានតម្លៃ៣៦០០ដុល្លារ។

តាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់ថា ម៉ូតូរបស់គាត់ម៉ាក YAMAHA MT15 ស៊េរីឆ្នាំ២០២០ នោះ ពួកគាត់ទើបបង់រំលស់យកមកជិះបាន១០ថ្ងៃប៉ុណ្ណោះ ហើយម៉ូតូនោះបើទិញបង់ផ្តាច់តម្លៃលក់៣៦០០ដុល្លារ តែដោយសារតែចិត្តស្រលាញ់និងមិនមានប្រាក់គ្រប់ ទើបសម្រេចចិត្តជ្រើសរើសយកសេវាបង់រំលស់រយៈពេល៣ឆ្នាំ បើគិតទាំងការប្រាក់និងដើម តម្លៃជាង៥០០០ដុល្លារ។

ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ គឺរូបគាត់បានចតម៉ូតូមុខបន្ទប់ជួលដូចរាល់ដង ហើយនៅម៉ោង៧និង៣០នាទីព្រឹក ពេលដែលពួកគាត់ភ្ញាក់ពីដំណេក ទើបដឹងថាបាត់ម៉ូតូ ក៏ភ្ញាក់ផ្អើលភ័យស្លន់ស្លោរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ដើមមៀន ឱ្យជួយអន្តរាគមន៍ ភ្លាមៗនោះ គាត់បានសុំឆែកកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ ទើបដឹងថា ម៉ូតូរបស់គាត់ត្រូវជនសង្ស័យលួចយកទៅបាត់តាំងពីវេលាម៉ោង៤និង៣០ទៀបភ្លឺ មកម៉្លេះ។

ក្រោយកើតហេតុ ជនរងគ្រោះក៏បានរាយការណ៍ទៅប្រាប់ខាងក្រុមហ៊ុនបង់រំលស់ឱ្យឆែកតាមប្រព័ន្ធ GPS ក៏ឃើញលោតសញ្ញាម៉ូតូនៅចំណុចផ្លូវ១០៥ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

បន្ទាប់ពីទទួលពាក្យបណ្តឹង សមត្ថកិច្ចនគរបាលសង្កាត់ដើមមៀន ក្រុងតាខ្មៅ បានជូនជនរងគ្រោះមកដល់ចំណុចទីតាំងដែលប្រព័ន្ធ GPS លោតសញ្ញាប្រាប់នៅម្តុំផ្លូវ១០៥ សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ និងសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ជួយស្វែងរកម៉ូតូជនរងគ្រោះ តាំងពីម៉ោង៩ព្រឹក រហូតដល់ ថ្ងៃត្រង់ នៅតែមិនឃើញ ទើបសមត្ថកិច្ចបានប្រាប់ជនរងគ្រោះឱ្យត្រឡប់ទៅវិញសិន ព្រោះប្រព័ន្ធ GPS លោតមិនច្បាស់ រង់ចាំសង្កេតមើលសាជាថ្មី បើប្រែប្រួលនិងមានចលនាអ្វី គាត់នឹងត្រឡប់មកសាជាថ្មី៕

RELATED ARTICLES