ភ្នំពេញ ៖ ស្រីស្អាតម្នាក់បានស្លាប់ទាំងវ័យក្មេង ដែលតាមសាច់ញាតិអះអាងថា ដោយសារចូលចិត្តញ៉ាំមី និងគ្រឿងកំប៉ុង ធ្វើឱ្យធ្លាក់ខ្លួនឈឺដោយជំងឺច្រើនមុខ រួមមាន ជំងឺក្រពះ ពោះវៀន សួត និងបេះដូង។

ស្រីស្អាតដែលស្លាប់ទាំងវ័យក្មេង ដោយសារចូលចិត្តញ៉ាំមី និងគ្រឿងកំប៉ុងនោះ មិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យទើបតែជាង២០ឆ្នាំប៉ុណ្ណោះ។

នារីម្នាក់ជាសាច់ញាតិរបស់នារីរងគ្រោះ បានបង្ហោះក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នូវរូបភាពនារីរងគ្រោះកាលនៅរស់ ដែលមានសម្រស់ដ៏ស្រស់ស្អាត និងពេលធ្លាក់ខ្លួនឈឺ ស្គមស្គាំង រួមជាមួយរូបពិធីបុណ្យសពនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ជាមួយសំណេរថា “ប្អូនស្រីម្នាក់នេះ គាត់បានស្លាប់ដោយសារទទួលទានមី ញឹកញាប់ច្រើនហួសពេក បណ្តាលឱ្យសារធាតុក្នុងសរសៃមី បំផ្លាញសួត បេះដូង ក្រពះ និងពោះវៀន។ សូមបងប្អូនគិតពីការទទួលទានជាចម្បង អាហារជារឿងខ្វះមិនបាន តែអាហារដែលញ៉ាំចូលទៅ នឹងបង្កភាពល្អឬមិនល្អ សូមស្វែងយល់ ចូរកុំទទួលទានតាមអារម្មណ៍”។

នារីដដែលបានសរសេរបន្ថែមនៅថ្ងៃដដែលនោះថា “គាត់ឈឺក្រពះ ពោះវៀន សួត និងបេះដូង ព្រោះគាត់ញ៉ាំមី ច្រើនពេក។ សូមបងប្អូនថែរក្សាសុខភាព និងគិតពីគុណភាពផលទទួលរងពីចំណីអាហារ។ រូបរាងកាយនិងសុខភាព ស្ថិតលើចំណីអាហារដែលយើងទទួលទាន សូមចូលរួមរំលែកទុក្ខ និងសោកស្តាយប្អូនស្រីផង”។

ដោយឡែក នារីម្នាក់ជាម្តាយមីងរបស់នារីរងគ្រោះខាងលើ បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ថា “សូមឱ្យក្មួយទៅកាន់សុគតិភពចុះ ហើយបើមានជាតិក្រោយៗ សូមឱ្យមានអាយុវែង កុំឱ្យអភ័ព្វដូចជាតិនេះ។

សូមបងប្អូនកុំបរិភោគមី និងគ្រឿងកំប៉ុង ជាប្រចាំ ព្រោះវាអាចឆក់យកជីវិតអ្នកបាន។ វាបានយកជីវិតក្មួយខ្ញុំ ០៩ ០៨ ២០២០ វេលា ម៉ោង ១១ៈ៣០នាទីយប់”៕

