Wednesday, September 24, 2025
Homeព័ត៌មានជាតិម្នាក់ៗសោកស្តាយ ពេលលោកគ្រូ "ក្រូច" ជួបរឿងបែបនេះ

ម្នាក់ៗសោកស្តាយ ពេលលោកគ្រូ “ក្រូច” ជួបរឿងបែបនេះ

ខេត្តសៀមរាប ៖ បុរសជាគ្រូបង្រៀនម្នាក់សង្ស័យផឹកស្រាស្រវឹងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវចូលទៅក្នុងលូទឹក បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុចលូទឹកមួយកន្លែង ស្ថិតក្នុងភូមិកញ្ចន់រុន ភូមិប្រាសាទ ស្រុកវ៉ារិន។

បុរសរងគ្រោះមានឈ្មោះឡុក ក្រូច អាយុ២៦ឆ្នាំ មុខរបរគ្រូបង្រៀនថ្នាក់ទី៣ក នៃសាលាបឋមសិក្សាគោកស្រុក មានលំនៅក្នុងភូមិគោកភ្នំ ឃុំវ៉ារិន ស្រុកវ៉ារិន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ ស្រាប់តែប្រទះឃើញមានមនុស្សនិងម៉ូតូធ្លាក់ចូលទឹកលូខាងលើ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបើកម៉ូតូធ្លាក់ក្នុងលូទឹកដោយខ្លួនឯង ទើបបណ្តាលឱ្យស្លាប់ប្រាកដមែន។

បច្ចុប្បន្ន សពជនរងគ្រោះនិងម៉ូតូប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES