Friday, April 26, 2024
Homeព័ត៌មានជាតិអុញ... គាត់ជាម្ចាស់ហាងបាយ "មាតុភូមិ" ផង ម៉េចបានជាធ្វើរឿងបែបនេះ?

អុញ… គាត់ជាម្ចាស់ហាងបាយ “មាតុភូមិ” ផង ម៉េចបានជាធ្វើរឿងបែបនេះ?

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាប់ឃាត់ស្ត្រីម្នាក់ជាម្ចាស់ហាងបាយ យីហោ “មាតុភូមិ” តាមដីការបស់តុលាការ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីក្លែងឯកសារលួចលក់ផ្ទះរបស់អ្នកដទៃ។

បើតាមសមត្ថកិច្ចដែលចុះអនុវត្តដីកានេះ បានប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ មាស ផាន្នីដា ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ចាស់ហាងបាយយីហោ (មាតុភូមិ) បច្ចុប្បន្នកំពុងរស់នៅផ្ទះលេខ៥៥ ផ្លូវលេខ៧៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចដដែល បានបញ្ជាក់ឱ្យដឹងផងដែរថា ស្ត្រីសង្ស័យខាងលើនេះ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកប្លង់ សុផល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទក្លែងស្នាមមេដៃក្នុងលិខិតសាធារណៈ, បទប្រើប្រាស់លិខិតសាធារណៈក្លែង និងបទសមគំនិតក្នុងអំពើក្លែង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះមាស ផាន្នីដា ត្រូវបានជនរងគ្រោះឈ្មោះកែ ប៊ិនសូរស្មី ដាក់ពាក្យប្តឹងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយចោទប្រកាន់ថា ជនសង្ស័យបានក្លែងស្នាមមេដៃរបស់ដើមបណ្តឹងនៅលើឯកសារផ្ទេរកម្មសិទ្ធិផ្ទះមួយកន្លែង នៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ឱ្យទៅឈ្មោះអ៊ុក ធីតា កាលពីអំឡុងដើមឆ្នាំ២០១៨។

ករណីនេះមិនទាន់ដឹងថា តំណាងអយ្យការធ្វើការចោទប្រកាន់ ដើម្បីបន្តនីតិវិធីបញ្ជូនទៅចៅក្រុមស៊ើបសួរ ឬយ៉ាងណានៅឡើយទេ៕

RELATED ARTICLES