Wednesday, September 24, 2025
Homeព័ត៌មានជាតិមកដល់ផ្ទះភ្លាម គាត់ប្រាប់ប្រពន្ធថា "ឃើញស្រមោលខ្មៅមាឌធំដើរមករក"... ស្រាប់តែមានរឿងបែបនេះតែម្តង

មកដល់ផ្ទះភ្លាម គាត់ប្រាប់ប្រពន្ធថា “ឃើញស្រមោលខ្មៅមាឌធំដើរមករក”… ស្រាប់តែមានរឿងបែបនេះតែម្តង

ខេត្តកំពង់ធំ ៖ បុរសវ័យចំណាស់ម្នាក់ទើបនឹងត្រឡប់មកពីចម្ការវិញ ក៏ប្រាប់ប្រពន្ធថា ជួបហេតុការណ៍ចម្លែកឃើញស្រមោលមនុស្សខ្មៅ មាឌធំ ដើរមករកគាត់ គួរឱ្យខ្លាចណាស់បែបនេះ ស្ត្រីជាប្រពន្ធក៏លួងលោមប្តីថាឈប់ខ្លាចទៅ ដល់ផ្ទះយើងហើយ រួចក៏នាំប្តីហូបបាយ រួចប្តីក៏ប្រាប់ថា ឡើងទៅរកកន្លែងដេកមុនហើយ ខ្លាចណាស់ ស្រាប់តែបន្តិចក្រោយមកប្រពន្ធឡើងតាមក្រោយក៏ប្រទះឃើញប្តីរបស់ខ្លួនចងកស្លាប់បាត់ទៅហើយ។

ហេតុការណ៍ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣៥ នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុចលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្រយាត្បូង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួនខាងលើ មានឈ្មោះយួង នឿន អាយុ៥៩ឆ្នាំ មុខរបរធ្វើ ស្រែ មានលំនៅក្នុងភូមិក្រយាត្បូង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ។

តាមការបំភ្លឺពីស្ត្រីឈ្មោះវាំង ហ៊ឺ ត្រូវជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល៥ល្ងាច ពេលប្តីគាត់ត្រឡប់មកពីចម្ការនៅតំបន់ជីអាប់ខាងកើតភូមិអន្លង់ជួរវិញ ក៏បាននិយាយប្រាប់គាត់ថា ពេលមកពីចម្ការមិញ ម៉ូតូខូច៣-៤ដង ហើយគាត់បានឃើញមានស្រមោលខ្មៅមាឌធំ ដើរសំដៅមករកគាត់ទៀតផង។

ពេលនោះគាត់បានប្រាប់ទៅប្តីវិញថា “ឯងកុំខ្លាចមកដល់ផ្ទះយើងហើយ” ក្រោយពេលគាត់នាំប្តីហូប បាយទឹកជុំគ្នារួច ប្តីរបស់គាត់ក៏ប្រាប់ថា ឡើងទៅរកកន្លែងដេកមុនហើយ បន្ទាប់មកប្តីបានដើរបិទភ្លើង និងបិទទ្វារបង្អូចផ្ទះជិតឈឹង  ស្រាប់តែមួយសន្ទុះក្រោយមក គាត់បានឮសំឡេងប្រុះប្រាស់ៗ ទើបគាត់បានរាវរកប្តីមិនឃើញ ក៏ដើរទៅរកកុងតាក់ភ្លើង ពេលបើកភ្លើងភ្លាម ស្រាប់តែឃើញប្តីចងក និងក្រមាទៅនឹងដំបូលផ្ទះនៅចុងគ្រែ ឃើញដូចនោះគាត់បានស្រែកហៅម្តាយនិងប្អូនៗដែលនៅក្បែរនោះឱ្យជួយ  តែប្តីគាត់បានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច។

បន្ទាប់ពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចជំនាញសហការជាមួយលោកមេភូមិ នាយប៉ុស្តិ៍រដ្ឋបាល ក្រយា និងប្រជាពលរដ្ឋសាច់ញាតិសព ដើម្បី ធ្វើការពិនិត្យសាកសពនៅទីកន្លែងកើតហេតុ។ តាមការពិនិត្យ នៅលើដងខ្លួនសាកសព ពុំឃើញមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។

បន្ទាប់ពីបានពិនិត្យដោយយកចិត្តទុកដាក់រួចមក សមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារធ្វើអត្តឃាតចងកប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យសាច់ញាតិ ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES