Wednesday, September 24, 2025
Homeព័ត៌មានជាតិលែងប្រពន្ធ ចែកកូនអត់ដាច់ ស្រាប់តែបងថ្លៃធ្វើរឿងនេះតែម្តង

លែងប្រពន្ធ ចែកកូនអត់ដាច់ ស្រាប់តែបងថ្លៃធ្វើរឿងនេះតែម្តង

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ក្រោយពីរួមរស់នឹងគ្នាបានកូន២នាក់ ក៏ស្រាប់តែជួបរឿងប្រេះឆាឈានដល់ផ្លូវបំបែក ប្តឹងលែងលះចែកផ្លូវគ្នា ដោយតុលាការសម្រេចឱ្យកូនទាំង២នាក់ ទៅប្រពន្ធចិញ្ចឹម ចំណែកប្តីត្រូវបង់អាហារកិច្ចជាប្រចាំ ប៉ុន្តែដោយសារកូនប្រុសមិនព្រមទៅនៅជាមួយម្តាយ ទើបកើតជាការប្រទាំងប្រទើស ប្តឹងសុំប្តូរមេបាឡើងវិញ រហូតកើតមានការថ្នាំងថ្នាក់ និងឈានដល់អំពើហិង្សា ដោយភាគីបុរសជាបងខាងស្រីបានវ៉ៃអតីតប្អូនថ្លៃរបស់ខ្លួន១ដំបង បណ្តាលឱ្យបែកក្បាលហូរឈាមជោកខ្លួន និងត្រូវសមត្ថកិច្ចចាប់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២០ នៅចំណុចបរិវេណសាលាសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ភាគីជនរងគ្រោះដែលត្រូវអតីតបងថ្លៃវ៉ៃបែកក្បាល មានឈ្មោះគ្រី សុខនី ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកភាគីជនបង្ក ដែលត្រូវជាអតីតបងថ្លៃរបស់ជនរងគ្រោះ មានឈ្មោះញឹម ឈិនលាង  ភេទប្រុស អាយុ៣១ឆ្នាំ។

តាមសម្តីបុរសរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា រវាងគាត់និងប្រពន្ធបានចាប់ដៃគ្នាសាងគ្រួសាររហូតបង្កើតបានកូនប្រុសស្រីចំនួន២នាក់ ជាចំណងនិស្ស័យ។ ប៉ុន្តែមកដល់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារគាត់និងប្រពន្ធរស់នៅមិនចុះសម្រុងគ្នា ទើបឈានដល់ការលែងលះគ្នាតាមផ្លូវច្បាប់ដាច់ស្រេចអស់មួយរយៈមកហើយ ដោយក្នុងនោះ តុលាការបានសម្រេចសេចក្តី ឱ្យកូនប្រុសស្រីទាំង២នាក់ទៅរស់នៅជាមួយខាងម្តាយ ចំណែកគាត់ជាឪពុកត្រូវមានកាតព្វកិច្ចបង់អាហារកិច្ចឱ្យកូ ជាប្រចាំខែ។

បុរសរងគ្រោះ បានបន្តថា លុះក្រោយពីលែងលះគ្នាចប់សព្វគ្រប់ហើយ ស្រាប់តែកូនប្រុសរបស់គាត់ ដែលទើបនឹងមានអាយុ៨ឆ្នាំ មិនព្រមរស់នៅជាមួយម្តាយ និងព្រោះតែគាត់ឃើញថា អតីតប្រពន្ធគាត់មើលថែកូនមិនបានល្អ ទើបគាត់ជាឪពុកបានសម្រេចដាក់ពាក្យប្តឹង សុំប្តូរមេបា។ បន្ទាប់មក កូនប្រុសរបស់គាត់បានមករស់នៅជាមួយគាត់ដែលជាឪពុករយៈពេល៣ខែមកហើយ។

បុរសខាងលើ បានបញ្ជាក់ថា លុះមកដល់រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ខណៈដែលគាត់កំពុងនៅផ្ទះសុខៗ ស្រាប់តែមានសមត្ថកិច្ចមកហៅរូបគាត់ឱ្យទៅដោះស្រាយជាមួយអតីតប្រពន្ធ និងបងថ្លៃ (ជនសង្ស័យ)  នៅសាលាសង្កាត់ ដើម្បីនិយាយដោះស្រាយគ្នារឿងកូន ខណៈថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ រូបគាត់និងប្រពន្ធត្រូវដល់ថ្ងៃឡើងតុលាការ ពាក់ព័ន្ធបណ្តឹងសុំប្តូរមេបាទៅហើយ។

បុរសរូបនេះ បានឱ្យដឹងទៀតថា លុះពេលដែលគាត់ទៅដល់សាលាសង្កាត់ ក៏ត្រូវបងថ្លៃដែលជាជនបង្កស្ទុះមកវាយគាត់ពីក្រោយ ដោយក្នុងដៃមានរបស់រឹង បណ្តាលឱ្យបែកក្បាលហូរឈាមនៅក្នុងសាលាសង្កាត់តែម្តង ខណៈដែលមានមន្ត្រីសាលាសង្កាត់ជាច្រើនបានឃើញ តែមិនហ៊ានចូលឃាត់នោះឡើយ។

ក្រោយកើតហេតុ ភាគីជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ១ ដោយសំណូមពរដល់សមត្ថកិច្ចរកយុត្តិធម៌ និងចាត់ការជនបង្ក (អតីតបងថ្លៃ) តាមច្បាប់។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនបង្កដែលត្រូវជាអតីតបងថ្លៃបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីស្ត្រីជាអតីតប្រពន្ធរបស់ជនរងគ្រោះ និងត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES