លី ច័ន្ទសីហា ត្រូវបានឪពុករបស់នាងធ្វើខួបកំណើតឲ្យកាលពីរាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ដែលខួបនាងឆ្នាំនេះគម្រប់អាយុ២៧ឆ្នាំ។ លោកលី សុជុន បានបង្ហាញការស្រលាញ់កូនស្រីស្មើកែវភ្នែក នៅថ្ងៃខួបកូនស្រីឆ្នាំនេះ ដោយលោកបានប្រាប់កូនស្រីសំណព្វចិត្តថា ទោះជាលោកទៅដល់ទីណា ក៏លោកនៅតែស្រលាញ់កូនស្រីជារៀងរហូតដែរ។ ហើយលោកជូនពរឲ្យកូនស្រីមានសំណាងល្អក្នុងជីវិត ប្រាថ្នាអ្វីៗឲ្យបានដូចបំណង និងសូមកុំឲ្យកូនស្រីជួបមនុស្សអាក្រក់ឲ្យសោះ។

លី ច័ន្ទសីហា កាន់តែរំភើប និងស្ទើរតែស្រក់ទឹកភ្នែកនោះ នៅពេលដែលលោកសុជុន បានធ្វើជាបទចម្រៀងមួយបទ ដែលមានការសម្ដែងនិងច្រៀងដោយលោកផ្ទាល់ គឺបទ ”ឧត្តមកូនស្រី” ឬ ”ប៉ាស្រលាញ់កូន” ដែលអត្ថន័យបទចម្រៀងមួយបទនេះឆ្លុះបញ្ចាំងពីទំហំទឹកចិត្តឪពុកដែលស្រលាញ់កូនស្រី គ្មានអ្វីអាចមកប្រៀបធៀបបានឡើយ។

លោកសុជុន បាននិយាយបន្ថែមទៅកាន់លី ច័ន្ទសីហា ថា ការដែលលោកច្រៀងបទចម្រៀង១បទនេះ ដោយសារតែលោកចង់ឲ្យកូនស្រីចងចាំក្នុងចិត្តថា ទោះជាថ្ងៃក្រោយអត់ពីលោកទៅ ក៏កូនស្រីដឹងថា ប៉ាម្នាក់នេះនៅតែស្រលាញ់កូនជារៀងរហូត គ្មានអ្វីមកផ្លាស់ប្ដូរចិត្តលោកបានឡើយ។

ការដែលលោកលី សុជុន ធ្វើខួបកំណើតឲ្យកូនស្រីអមដោយបទចម្រៀងដ៏មានន័យនេះ គឺចំពេលដែលលោកកំពុងតែកាន់ទុក្ខបងស្រីបង្កើតរបស់លោក អ្នកស្រីលី សុខច័ន្ទ បានទទួលមរណៈភាពកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ពោលគឺចំថ្ងៃខួបកំណើតកូនស្រីលោក សីហា តែម្ដង។

លោកសុជុន ថាទោះជាលោកមានទុក្ខធំដោយបាត់បងស្រីជាទីស្រលាញ់ប្រៀបដូចម្ដាយក្ដី ប៉ុន្ដែលោកនៅតែមិនភ្លេចថ្ងៃខួបកូនស្រី ដែលជាគ្រាប់ពេជ្ររបស់លោកឡើយ៕

