ខេត្តពោធិ៍សាត់ ៖ ក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់ បើទោះជាសមត្ថកិច្ចតាមចាប់បង្ក្រាបជាបន្តបន្ទាប់ ក៏ពួកគេនៅតែមិនរាងចាល ព្រោះភាគច្រើនពួកគេតែងតែរត់រួច ពេលសមត្ថកិច្ចទៅដល់ ហើយបើចាប់បាន គ្រាន់តែទទួលការអប់រំនិងធ្វើកិច្ចសន្យា ឬផាកពិន័យអស់លុយកាក់តិចតួចប៉ុណ្ណោះ ទើបពួកគេណាត់ប្រមូលផ្តុំជើងគ្នាលេងយ៉ាងគគ្រឹកគគ្រេង ហើយករណីថ្មីនេះ អ្នកលេងរត់អស់ ប៉ូលិសចាប់ម្ចាស់ផ្ទះឱ្យឈរកាន់ស្លាកឈ្មោះថតរូប។

ករណីថ្មីទៀតនេះ បើតាមមន្ត្រីប៉ូលិស ឱ្យដឹងថា លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយកម្លាំងរបស់អធិការដ្ឋានចុះបង្ក្រាបល្បែងស៊ីសង (អាប៉ោង) មួយកន្លែង ហើយបានឃាត់ខ្លួនម្ចាស់ផ្ទះ រួមទាំងដកហូតជាវត្ថុតាង នៅគ្រាដែលអ្នកលេងល្បែងរត់គេចខ្លួនបាត់អស់នៅសល់តែម្ចាស់ផ្ទះ។
ករណីឃាត់ខ្លួនម្ចាស់ផ្ទះពាក់ព័ន្ធផ្តល់ទីតាំង ឱ្យបើកលេងល្បែងស៊ីសងអាប៉ោងខាងលើ ធ្វើឡើងកាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះរបស់ឈ្មោះសេង រី ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពពីមន្ត្រីនគរបាលស្រុកវាលវែង បានប្រាប់ឱ្យដឹងថា ក្នុងការបង្ក្រាបវង់អាប៉ោងខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាម្ចាស់ផ្ទះ ដែលបានផ្តល់ទីតាំងលេងល្បែងអាប៉ោង (ឈ្មោះសេង រី) ខណៈដែលក្រុមអ្នកញៀនល្បែងស៊ីសងទាំងនោះ នាំគ្នារត់គេចបាត់អស់ ហើយសមត្ថកិច្ចដកហូតបានសម្ភារៈដែលជាវត្ថុតាងមួយចំនួនប៉ុណ្ណោះ។
ក្រោយពេលចុះបង្ក្រាប សមត្ថកិច្ចបានឱ្យម្ចាស់ផ្ទះឈរកាន់ស្លាកឈ្មោះខ្លួនឯង រួចថតរូបទុក ហើយធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការផ្តល់ទីតាំងបើកលេងល្បែងស៊ីសងជាបន្តទៅទៀត។ ចំណែកវត្ថុតាងត្រូវបាននាំយកទៅរក្សាទុក៕