នៅរដូវបុណ្យភ្ជុំបិណ្ឌនេះ ទោះជាធ្លាក់ភ្លៀងត្រជាក់យ៉ាងណា ក៏ព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ កាន់តែក្ដៅគគុកទៅៗដែរ ព្រោះថា សូម្បីតែខែភ្ជុំនេះ ក៏តារាឈានមុខទាំង២ប្រជែងគ្នាខ្លាំងទៅៗតែម្ដង។

អ្វីដែលមហាជនមើលឃើញជាក់ស្ដែង គ្រាន់តែឈានចូលដល់ថ្ងៃកាន់បិណ្ឌ៣សោះ ខេមរៈ សិរីមន្ដ ត្រូវបានហង្សមាសបញ្ចេញបទចម្រៀងជា Audio ដល់ទៅ៣បទទៅហើយ ទាក់ទងរដូវភ្ជុំបិណ្ឌនេះ គឺមានដូចជាបទ ”ជូនម៉ែ១លានខែភ្ជុំ”, ”គុណពុកគុណម៉ែ” និងបទឆ្លងឆ្លើយជាមួយឱក សុគន្ធកញ្ញា “ភ្ជុំបិណ្ឌដល់ហើយ”។

នេះជាប្រវត្តិសាស្រ្ដថ្មីដែលគ្រប់គ្នាមើលឃើញថា ត្រឹមថ្ងៃកាន់បិណ្ឌទី៣ប៉ុណ្ណោះ សិរីមន្ដ ចេញបាន៣បទទៅហើយ ចុះទម្រាំដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌ១៥វិញ តើសិរីមន្ដ នឹងចេញចម្រៀងទាក់ទងបុណ្យភ្ជុំប៉ុន្មានបទទៅ?

មហាជនជាច្រើនអាចមើលដឹងថា ពេលនេះ ហង្សមាស កំពុងតែចាត់ទុកខេមរៈ សិរីមន្ដ ជាតួឯករបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយអតីតតារារបស់ខ្លួន លោកព្រាប សុវត្ថិ ដែលកំពុងឈរជើងនៅផលិតកម្ម Galaxy Navatra ប៉ុន្តែពេលនេះមិនមែនត្រឹមតែតារាចម្រៀងប្រកួតជាមួយតារាចម្រៀងនោះទេ តែ ផលិតកម្មទាំង២នេះ នឹងប្រកួតគ្នាយ៉ាងស្វិតស្វាញតែម្ដង ទាំងបទចម្រៀងជា Audio និង MV ចាប់ពីពេលនេះទៅ។

ដោយឡែក លោកព្រាប សុវត្ថិ ដែលបានក្លាយទៅជាតារាចម្រៀងផលិតកម្ម Galaxy Navatraជាផ្លូវការ កាលពីថ្ងៃទី២៥ ខែសីហានោះ ត្រូវបានអ្នកគ្រប់គ្រងផលិតកម្មនេះបានជូនជាដំណឹងថា បទចម្រៀងរបស់លោកនឹងចេញបើកឆាកដំបូង នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៦ ខែកញ្ញា នេះហើយ។

ដំណឹងនេះគេអាចមើលឃើញថា ដោយសារតែខេមរៈ សិរីមន្ដ ចេញ៣បទទៅហើយ បើព្រាប សុវត្ថិ នៅស្ងៀមមិនព្រមចេញបទចម្រៀងទៀត ទើបជារឿងចម្លែក ហើយគេជឿថា លោកនឹងចេញបទចម្រៀងទាក់ទងរដូវបណ្យភ្ជុំបិណ្ឌនេះ យ៉ាងហោចណាស់ក៏២បទថែមទៀតដែរ ដើម្បីកុំឲ្យចាញ់ខេមរៈ សិរីមន្ដ។

ប៉ុន្ដែភាពលេចធ្លោនិងការគាំទ្រតារាមួយណាច្រើនជាងនោះ នៅមិនទាន់អាចសន្និដ្ឋានបានឡើយ តែគេគ្រប់គ្នាអាចមើលឃើញថា ព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ ពិតជាកាន់តែប្រកួតប្រជែងគ្នាកាន់តែតឹងតែងទៅៗមែន ពិសេសគឺនៅរដូវបុណ្យភ្ជុំបិណ្ឌនេះតែម្ដង។

ដោយឡែក តារាមួយចំនួនទៀតនៅហង្សមាស ហាក់ច្របូកច្របល់នៅពេលដែលសិរីមន្ដ ចេញបទចម្រៀង៣ថ្ងៃ ជាប់គ្នា តែពួកគេមិនទាន់បានចេញ១បទនោះ៕