Wednesday, August 27, 2025
Homeព័ត៌មានជាតិកម្មករសំណង់ដើរចូលបន្ទប់ទឹក ស្រាប់តែរត់ចេញវឹង... រាយការណ៍ប្រាប់សមត្ថកិច្ច

កម្មករសំណង់ដើរចូលបន្ទប់ទឹក ស្រាប់តែរត់ចេញវឹង… រាយការណ៍ប្រាប់សមត្ថកិច្ច

ភ្នំពេញ ៖ សពទារកម្នាក់ទើបនឹងមានអាយុប្រមាណ៣ខែ ត្រូវបានកម្មករសំណង់ម្នាក់ប្រទះឃើញនៅក្នុងបន្ទប់ទឹក មិនដឹងជាត្រូវឪពុកម្តាយចិត្តខ្មៅយកមកប្លុងចោលតាំងពីពេលណា បង្កឱ្យភ្ញាក់ផ្អើលនិងរាយការណ៍ទៅអាជ្ញាធរ ចុះមកជួយអន្តរាគមន៍។

ករណីប្រទះឃើញសាកសពទារកខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចបន្ទប់ទឹកមួយកន្លែង ស្ថិតក្នុងក្រុម៤ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

សពទារកក្នុងសភាពគ្មានខោអាវ ដែលបើតាមការសន្និដ្ឋាន ប្រហែលមានអាយុទើបតែ៣ខែប៉ុណ្ណោះ។

តាមសម្តីយុវជនឈ្មោះនិល សណ្តុះ អាយុ២០ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានលំនៅភូមិក្រាំងធំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក គ្រាដែលរូបគេមកដល់កន្លែងធ្វើការ ក៏ដើរចូលទៅក្នុងបន្ទប់ទឹក ស្ថិតនៅខាងក្រោយការដ្ឋាន ស្រាប់តែប្រទះឃើញសពទារកនេះតែម្តង ទើបផ្អើលឆោឡោ និងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ឱ្យចុះមកពិនិត្យមើលតែម្តង។

តាមប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងខាងលើ បានឱ្យដឹងថា ពួកគាត់មិនដឹងថាអ្នកណាមានកូនតូចស្លាប់ ហើយយកទៅប្លុងចោលបែបនេះទេ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋក៏បានរិះគន់ផងដែរដល់ឪពុកម្តាយរបស់សពទារក មិនគួរណាបង្កើតកូនមកហើយ ទោះស្លាប់ក្តី គប្បីមានចិត្តព្រហ្មវិហារធម៌ខ្លះផង គួររកកន្លែងបញ្ចុះ ឬបូជាឱ្យបានសមរម្យ មិនគួរយកសពកូនទៅបោះចូលដូចសត្វធាតុបែបនេះឡើយ។

ក្រោយពីប្រទះឃើញសពទារក សមត្ថកិច្ចចុះទៅពិនិត្យសាកសួរ និងប្រគល់ជូនអាជ្ញាធរមូលដ្ឋាន រួមជាមួយពលរដ្ឋ យកសពទារកទៅរៀបចំពិធីតាមបែបសាសនានៅវត្តជម្ពូវ័ន៕

RELATED ARTICLES