ភ្នំពេញ ៖ ស្ត្រីម្នាក់ ក្រោយពីរួមរស់ជាមួយប្តីបានកូន២នាក់ និងកំពុងពពោះកូនទី៣ ស្រាប់តែត្រូវប្តីចុះចោលបាត់ទុកឱ្យពពោះតែម្នាក់ឯង គ្មានទីជម្រក គ្មានការងារធ្វើ ដើរដេកតាមសំយាបផ្ទះគេ លុះពោះធំគ្រប់ខែ គ្មានលទ្ធភាពទៅមន្ទីរពេទ្យ ក៏អង្គុយសម្រាលកូនដោយខ្លួនឯងនៅតាមចិញ្ចើមផ្លូវ និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញជួយទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចខាងមុខហាងលក់ទូរស័ព្ទមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

តាមប្រភពពីបុរសជាសន្តិសុខយាមនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានប្រទះឃើញស្ត្រីរងគ្រោះខាងលើ បានដើរមកដេកនៅមុខសំយាបហាងលក់ទូរស័ព្ទដៃ ចំណុចកើតហេតុខាងលើ ចំនួន២យប់មកហើយ ដោយឃើញមានស្ពាយកាបូបមួយជាប់នឹងខ្លួនផង តែមិនឃើញមានបុរសជាប្តី ឬសាច់ញាតិណាម្នាក់ មកដេកជាមួយនោះទេ ហាក់ដូចជាជនអនាថា ដែលគ្មានទីជម្រក។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ គាត់បានឮសំឡេងស្ត្រីរងគ្រោះស្រែកថ្ងូរ ហាក់ដូចជាឈឺពោះសម្រាលកូន តែដោយនៅទីតាំងកន្លែងកើតហេតុ មានសភាពស្ងាត់ ណាមួយយប់អធ្រាត្រទៅហើយ ទើបមិនមានអ្នកមកជួយមើល។ លុះមួយ សន្ទុះក្រោយមក គាត់ក៏បានដើរទៅមើល ស្រាប់តែឃើញស្ត្រីរងគ្រោះបានសម្រាលកូនរួចរាល់ទៅហើយ គឺសម្រាលកូនដោយខ្លួនឯងមិនទាន់បានកាត់ទង់ផ្ចិតចេញនៅឡើយ។
ភ្លាមៗនោះ គាត់ក៏បានស្រែកឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរកាត់ទីតាំងកើតហេតុ ឈប់ចុះមកជួយមើល និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឱ្យមកជួយធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ។

តាមសម្តីពីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងមានឈ្មោះចាន់ ដាវី អាយុ២៩ឆ្នាំ ជាជនអនាថាគ្មានផ្ទះសម្បែងទេ។ កាលពីមុន នាងមានប្តីនិងមានកូនចំនួន២នាក់រួចមកហើយ ប៉ុន្តែពេលដែលនាងកំពុងតែពពោះកូនក្នុងផ្ទៃចុងក្រោយនេះ ប្តីរបស់នាងបានរត់ចោលនាងបាត់ ហើយកូនៗទាំង២នាក់នោះបានទៅនៅជាមួយប្តីរបស់នាង ។ ចំណែកនាងក៏ធ្លាក់ខ្លួនក្លាយជាជនអនាថា ដើរដេកតាមសំយាបផ្ទះគេទាំងកំពុងតែមានកូននៅក្នុងពោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានធ្វើទំនាក់ទំនងហៅរថយន្តសាមុយ របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) មកដឹកយកស្ត្រីរងគ្រោះ ទៅសង្គ្រោះភ្លាមតែម្តង៕