ខេត្តកោះកុង ៖ បុរសម្នាក់ជាប់គុកម្តង ពីបទលួច តែមិនរាង ចេញមកវិញប្រកបអាជីពដដែល ដោយមកចូលលួចរបស់ទ្រព្យអ្នកជំងឺ និងអ្នកកំដរនៅក្នុងមន្ទីរពេទ្យដូចមុន ក៏ត្រូវសមត្ថកិច្ចតាមក្របួចបានយកទៅដាក់ឱ្យដេកគុកម្តងទៀត។ ហេតុការណ៍នេះ ប៉ូលិសបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២០។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង៥ល្ងាច កម្លាំងសមត្ថកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល មូលដ្ឋានស្មាច់មានជ័យ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ឈ្មោះហេង អៀក ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅវរ៣០៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ប្រាប់ថា គាត់ត្រូវបានជនមិនស្គាល់មុខលួចកាបូបទៅបាត់ ដែលនៅក្នុងនោះ មានទូរស័ព្ទ១គ្រឿង លុយ៧០,០០០រៀល, ប្រាក់ថៃ២២០បាត, ខ្សែកមាស ១ខ្សែ, ចិញ្ចៀនមាស១វង់ និងឯកសារមួយចំនួន។
ប្រភពដដែលបន្តថា ក្រោយទទួលពាក្យបណ្តឹង ដោយបានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត កម្លាំងអធិការដ្ឋានក្រុងខេមរភូមិន្ទ រួមនឹងកម្លាំងរបស់ប៉ុស្តិ៍រដ្ឋបាលស្មាច់មានជ័យ ធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនមុខសង្ស័យឈ្មោះ ទេព ផល្លី ហៅធី អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ លំនៅបច្ចុប្បន្នរស់នៅភូមិ២ សង្កាត់ ដងទង់។ ករណីនេះ កម្លាំងជំនាញបានបំពេញសំណុំរឿងចាត់ការបន្តតាមនីតិវិធី។

សមត្ថកិច្ចបានឱ្យដឹងផងដែរថា កាលពី៣ឆ្នាំមុន ជនសង្ស័យឈ្មោះទេព ផល្លី ហៅធី នេះ ធ្លាប់បានធ្វើសកម្មភាពលួចទូរស័ព្ទនៅមន្ទីរពេទ្យខេត្ត ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនដាក់ពន្ធនាគារ តែមិនរាងចាល នៅតែប្រកបអាជីពដដែល ដោយលួចការបូបនៅមន្ទីរពេទ្យម្តងទៀត ក៏ត្រូវចាប់បញ្ជូនឱ្យទៅដេកគុកសាជាថ្មី៕