អ្នកនាងសុខ ច័ន្ទធីតា ហៅកាតុ បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង ជាមួយបទចម្រៀងរបស់អ្នកនាងនៅផលិតកម្មថោន សម្រាប់រដូវបុណ្យភ្ជុំបិណ្ឌនេះ តាមរយៈបទដែលមានចំណងជើងថា ”១ឆ្នាំភ្ជុំម្ដង”។ បទមួយនេះហាក់ស័ក្តិសមជាមួយទឹកដមសំឡេងរបស់អ្នកនាងកាតុ ហើយក្នុងអត្ថន័យបទនេះក៏បានលើកឡើងពីការទៅតែការទៅវត្តមន្នី ដែរ ខណៈអ្នកនាងកាតុ បញ្ជាក់ក្នុងចម្រៀងនោះថា ដោយសារតែវត្តមន្នី នៅជិតផ្ទះរបស់នាង។

ក្នុងជំនួបតាមទូរស័ព្ទអ្នកនាងកាតុ បានឲ្យដឹងថា បទចម្រៀងនេះអ្នកនាងទទួលបានការសរសើរ និងលើកទឹកចិត្តច្រើនពីក្រុមអ្នកគាំទ្រ ហើយអ្នកនាងរំពឹងថា បងប្អូននឹងយកទៅរាំកម្សាន្ដនៅថ្ងៃភ្ជុំបិណ្ឌ នៅថ្ងៃទី១៧ ខែកញ្ញា នេះផងដែរ។
អ្នកនាងកាតុ បានឲ្យដឹងថា មានអារម្មណ៍រីករាយ និងមានកម្លាំងចិត្តនៅពេលដែលបទចម្រៀងមួយនេះចេញភ្លាម បងប្អូនមានសន្ទុះគាំទ្រច្រើនបែបនេះ ព្រោះនេះជាកម្លាំងចិត្តមួយដើម្បីឲ្យនាងបន្ដអាជីពសិល្បៈមួយនេះតទៅមុខទៀត។

មហាជនរំពឹងថា បទ ”១ឆ្នាំភ្ជុំម្ដង” របស់អ្នកនាងកាតុ នឹងអាចផ្ទុះនៅថ្ងៃភ្ជុំបិណ្ឌធំជាមិនខាន ដែលធ្វើឲ្យតារាពហុជំនាញរូបនេះនឹងកាន់តែល្បីថែមទៀត។

ទោះជាយ៉ាងណា គេកត់សម្គាល់ឃើញថា នៅរដូវបុណ្យភ្ជុំបិណ្ឌនេះ អ្នកនាងកាតុ មិនមែនតែត្រូវប៉ាន់តែបទចម្រៀងនោះទេ ប៉ុន្ដែអ្នកនាងកាតុ ក៏ត្រូវបានគេជ្រើសឲ្យធ្វើជាទូតសុឆន្ទៈ (BA) តំណាងឲ្យផលិតផលដល់ទៅ២ព្រមគ្នាតែម្ដងនោះ គឺក្រុមហ៊ុន B-Karona និងសាប៊ូកក់សក់ Vertalyka។

អ្នកនាងកាតុ បានឲ្យដឹងទៀតថា អ្នកនាងមានមោទនភាពដែលក្រុមហ៊ុនទាំង២ខាងលើ ជ្រើសឲ្យធ្វើជាទូតសុច្ឆន្ទៈ ដែលអាចបញ្ជាក់ថា ពួកគាត់មានទំនុកចិត្តលើអ្នកនាង ហើយក៏ធ្វើឲ្យអាជីពសិល្បៈរបស់អ្នកនាងកាន់តែមានសន្ទុះទៅមុខផងដែរ។

អ្នកនាងបន្ថែមថា ថ្វីត្បិតតែកូវីដ-១៩ នៅមិនទាន់ស្ងាត់មែន ប៉ុន្ដែការងារសិល្បៈរបស់នាងនៅតែមានជាហូរហែ ដោយសារតែបងប្អូនគាំទ្រ ហេតុនេះហើយនាងមានតែចំណងដៃបទចម្រៀងរដូវបុណ្យភ្ជុំបិណ្ឌនេះ តាមរយៈបទ ”១ឆ្នាំភ្ជុំម្ដង” ដើម្បីឲ្យបងប្អូនបានស្ដាប់កម្សាន្ដ និងរាំលេងក្នុងឱកាសបុណ្យប្រពៃណីខ្មែរនេះ ហើយសង្ឃឹមថា ពួកគាត់នឹងពេញចិត្ត៕