តារាចម្រៀងសំនៀងខ្លាំង សោភា ទេពី បានអះអាងថា នាងសម្រេចចិត្តផ្អាកច្រៀងនៅពេលរាត្រីហើយ បន្ទាប់ពីចាប់អាជីពនេះជាច្រើនឆ្នាំ ហើយកន្លងមកគេឃើញនាងច្រៀងប្រចាំការនៅហាងThe Storm និង Happy Palace ជាដើម។

ដោយសារតែស្ងាត់ៗ ស្រីស្រស់ទេពី លែងច្រៀងនៅពេលយប់ទៀតនេះ ទើបធ្វើឲ្យមានការសង្ស័យថា នាងមានគូស្នេហ៍ហួងហែង ព្រោះមិនចង់ឃើញស្រីស្រស់រូបនេះត្រូវប្រុសផឹកស៊ីលូកលាន់ តែដំណឹងនេះត្រូវបានទេពី ច្រានចោល ដោយនាងអះអាងថា មូលហេតុដែលនាងលែងចង់ច្រៀងនៅពេលយប់ ព្រោះតែពេលជាប់ទៅច្រៀងនៅកម្មវិធី ឬតាមខេត្តម្ដងៗ ខាងហាងពិបាករកអ្នកជំនួស។ នាងថា គ្មានប្រុសណាហាមឃាត់នាងទេ ហើយថ្ងៃក្រោយនាងនឹងពិចារណាការច្រៀងនៅក្លឹបវិញម្ដង នៅពេលដែលស្ងាត់កូវីដ-១៩ ហើយគេបើកឡើងវិញនោះ។

ក្រៅពីលែងចង់ច្រៀងនៅពេលយប់ សោភា ទេពី ដែលចង់ជិះរថយន្ដទំនើប Range Rover នោះ បានផ្លាស់ប្ដូរចិត្តលែងចង់ទិញទៅវិញ ដោយនាងអះអាងថា ឡាននេះពេលចុះទៅខេត្ត គឺបើសិនជាខូចម្ដងៗ ពិបាកធ្វើ គឺទាល់តែហៅជាងនៅម្ចាស់ហ្គារ៉ាស់ដែលទិញនោះទៅធ្វើ ទើបបាន។ នាងថា ក្នុងចិត្តគឺនៅតែស្រលាញ់រថយន្ដ Range Rover ដដែល ហើយពេលនេះសន្សំលុយបានជិតគ្រប់ហើយ ប៉ុន្តែដោយសារមិត្តភក្ដិប្រាប់ថា ពេលខូចម្ដងៗពិបាកធ្វើ ទើបនាងលែងចង់ទិញ ហើយចង់បង្វិលលុយនោះទៅធ្វើអីផ្សេងវិញ។

ទេពី ថា ពេលនេះនាងមានរថយន្ដទំនើប២គ្រឿងដែរ ជិះឆ្លាស់គ្នា គឺLexus NX 200t និងTundra។

ទាក់ទងការចង់ជិះរយន្ដទំនើប១គ្រឿង ថ្លៃស្មើវីឡា១ខ្នង ធ្វើឲ្យគេសង្ស័យថា សោភា ទេពី មានគូស្នេហ៍នៅក្រោយខ្នងនេះ ត្រូវបានទេពី ប្រាប់ថានាងគ្មានសង្សារណាជួយទេ គឺជាការសន្សំលុយដោយខ្លួនឯង និងក្រុមគ្រួសារជួយ។ នាងថា សព្វថ្ងៃគ្មានសង្សារបណ្ដើរដូចគេឡើយ៕

