ខេត្តស្វាយរៀង ៖ យុវជនម្នាក់ ត្រូវគេស្គាល់ថា ជាកូនប្រុសបង្កើតរបស់ស្មៀនឃុំស្វាយតាយាន ត្រូវបានកម្លាំងសមត្ថកិច្ចខេត្ត ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរនិងរក្សាទុកគ្រឿងញៀនខុសច្បាប់។

ការចាប់ខ្លួនយុវជនជាកូនស្មៀនឃុំ ខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។
យោងតាមសមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធការជួញដូរថ្នាំញៀនខាងលើនេះ មានឈ្មោះអ៊ុក ម៉ាលី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។ ចំណែកវត្ថុតាងដែលត្រូវបានដកហូត រួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ១កញ្ចប់ និងទូរសព្ទ័ដៃ ១គ្រឿង។

ប្រភពដដែល បន្តថា កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ និងប៉ុស្តិ៍នគរបាលឃុំស្វាយតាយាន ធ្វើការបង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលត្រូវជាកូនស្មៀនឃុំស្វាយតាយាន និងដកហូតបានថ្នាំញៀនផងដែរ។
ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញគ្រឿងញៀនខេត្ត កសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមច្បាប់៕