Friday, April 26, 2024
Homeព័ត៌មានជាតិសច្ច​ធម៌​​ប្រវត្តិ​​សាស្ត្រ លោក​រស់ សារ៉ុម ថា កម្ពុជា​ក្រោម និង​កោះ​ត្រល់ ជា​ទឹក​ដី​ខ្មែរ

សច្ច​ធម៌​​ប្រវត្តិ​​សាស្ត្រ លោក​រស់ សារ៉ុម ថា កម្ពុជា​ក្រោម និង​កោះ​ត្រល់ ជា​ទឹក​ដី​ខ្មែរ

ភ្នំពេញ ៖ លោករស់ សារ៉ុម ប្រធានសមាគម ជ័យលាភីបញ្ញាជនកម្ពុជា បានបញ្ជាក់ថា យោង តាមសច្ចធម៌ប្រវត្តិសាស្ត្រ ទឹកដីខ្មែរកម្ពុជាក្រោម និងកោះត្រល់ គឺជាទឹកដីរបស់ខ្មែរ។ ជាមួយគ្នា នេះ លោករស់ សារ៉ុម ក៏ត្រៀមដាក់ញត្តិជូន ប្រធានាធិបតីបារាំង ស្នើសុំឯកសារប្រវត្តិសាស្ត្រ ស្តីពីអនុសញ្ញាព្រំដែនកម្ពុជាកូសាំងស៊ីន ដើម្បី ជម្រះមន្ទិលអំពីបញ្ហាព្រំដែនរវាងកម្ពុជាវៀតណាម ផងដែរ។

លោករស់ សារ៉ុម បានសរសេរក្នុងទំព័រ ហ្វេសប៊ុករបស់លោក កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ថា “សច្ចធម៌ប្រវត្តិសាស្ត្រ កម្ពុជាក្រោម និងកោះត្រល់ គឺជាទឹកដីខ្មែរ

តើក្រោយឆ្នាំ១៩៤៩ រហូតមកដល់បច្ចុប្បន្ន កម្ពុជា មានបាត់បង់ទឹកដីឱ្យទៅវៀតណាម បន្ថែមទៀតឬទេ?

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៨៧៣ ដោយអនុសញ្ញារវាងព្រះករុណាសម្តេចព្រះនរោត្តម និងលោកទេសាភិបាលកូសាំងស៊ីន សម្រេចដាំបង្គោលខណ្ឌសីមា រវាងប្រទេស ទាំងពីរ បានចំនួន១២៤បង្គោល ចាប់ពីព្រំប្រទល់ ដែនខាងកើត រហូតមកដល់ព្រែកជីកមួយ មាន ឈ្មោះថា ព្រែកជីកវិញតេ (អតីតខេត្តរបស់ ខ្មែរ មានឈ្មោះខេត្តពាម តែយួនប្តូរទៅជាឈ្មោះ ហាទៀង)

ព្រំដែនកម្ពុជាវៀតណាម

ប្រវែង១២៧០គ.

ប្រើផែនទីកំណត់ព្រំដែនរដ្ឋ ខ្នាត១/ ១០០០០០ ចំនួន២៦ផ្ទាំង (រដ្ឋធម្មនុញ្ញ មិន បានសរសេរថា ផែនទី ពៀននេ ឬ ទូំ នោះទេ)

បង្គោលព្រំដែន ចាប់ពីលេខ ០៣១៤ បង្គោលលេខសូន្យ () នៅតំបន់កន្ទុយនាគ បង្គោលចុងក្រោយលេខ៣១៤ នៅលក ព្រែក ចាក។

.នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៤៩ សម្តេចនរោត្តម សីហនុ បានបញ្ជូនគណៈប្រតិភូ ខ្មែរ ទៅប្រទេសបារាំង ដើម្បីពិនិត្យមើលការ ពិភាក្សារបស់សភាបារាំង ពីច្បាប់ដែលជាការ កែប្រែលក្ខន្តិកៈកូសាំងស៊ីន ហើយដើម្បីតវ៉ា ប្រឆាំងការបញ្ចូលទឹកដីកម្ពុជាក្រោម ទៅឱ្យ វៀតណាម។ ក្នុងពេលជាមួយគ្នា នៅរាជធានីភ្នំពេញវិញ អគ្គទេសាភិបាលបារាំង ប្រចាំឥណ្ឌូចិន បានជួបសម្តេចនរោត្តម សីហនុ ហើយបាន ដាក់លក្ខខណ្ឌចំនួន២ ឱ្យព្រះអង្គសម្រេចចិត្ត ជ្រើសយកមួយ ទី១ បើចង់បានឯករាជ្យ ត្រូវ តែបាត់បង់ទឹកដីកម្ពុជាក្រោម ទី២ គឺយកកម្ពុជាក្រោម តែបារាំងមិនទាន់ប្រគល់ឯករាជ្យឱ្យខ្មែរ ទេ ហើយជាចម្លើយរបស់ព្រះមហាក្សត្រខ្មែរ នៅពេលនោះ គឺព្រះអង្គចង់បានឯករាជ្យភាព ជាតិ។ ដោយគ្មានជម្រើស និងក្រោមគំនាប របស់បារាំងផង ហើយចង់បានឯករាជ្យពីបារាំង ផង ព្រះបាទនរោត្តម សីហនុ បានបញ្ជាឱ្យគណៈប្រតិភូខ្មែរដែលព្រះអង្គបញ្ជាឱ្យទៅចរចាជាមួយបារាំង ស្តីពីការកែប្រែលក្ខន្តិកៈកូសាំងស៊ីន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៤៩ ដែល មានលោកនាយករដ្ឋមន្ត្រី យ៉ែម សំបូរ ជាប្រធាន ឱ្យវិលមកប្រទេសវិញ ហើយបញ្ឈប់ការចរចា។ មួយវិញទៀត បារាំងក៏បានគំរាមព្រះមហាក្សត្រ ខ្មែរ ដែលមានព្រះជន្មក្មេងថា ព្រះរាជបល្ល័ង្ក របស់ព្រះអង្គ ក៏អាចមានបញ្ហាដែរ។

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៤៩ សភា បារាំង បានផ្តល់សច្ចាប័នលើសេចក្តីសម្រេចរបស់  ខ្លួន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៤៩ កន្លងមក ដែលព្រមប្រគល់ដែនដីកូសាំងស៊ីន ដែលមានកម្ពុជាក្រោម និងកោះត្រល់ ផងនោះ  ឱ្យវៀតណាមខាងត្បូងកាន់កាប់។ ហើយនៅ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ ជំនាន់សម្តេច នរោត្តម សីហនុ បារាំងប្រចាំឥណ្ឌូចិន បានប្រកាស ជាផ្លូវការ ផ្ទេរទឹកដីកូសាំងស៊ីន និងកោះត្រល់ ទៅឱ្យសាធារណរដ្ឋវៀតណាម ឬវៀតណាម ខាងត្បូង កាន់កាប់ ហើយមានស្តេចបាវដាយ ជាប្រធានាធិបតី។ កម្ពុជាក្រោម គ្របដណ្តប់ តំបន់៦៧៧០០គីឡូម៉ែត្រការ៉េ មាន២១ខេត្ត និងមានប្រជាជនខ្មែរប្រមាណ៨លាននាក់។

.ការបាត់បង់កម្ពុជាក្រោម និងកោះត្រល់ អាចជាកំហុសប្រវត្តិសាស្ត្ររបស់ស្តេច និងរដ្ឋាភិបាលជំនាន់មុន មិនអាចទម្លាក់កំហុសលើរដ្ឋាភិបាលអ្នកជំនាន់ក្រោយបានទេ។ ប៉ុន្តែក្រោយ ការឈ្លានពានរបស់វៀតណាម ឆ្នាំ១៩៧៩ តើ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន បដិវត្តន៍កម្ពុជា (គណបក្សប្រជាជនកម្ពុជា) ដែលគាំទ្រដោយវៀតណាម បានធ្វើឱ្យបាត់បង់ ទឹកដីបន្ថែមទៀតឬទេ? ការកំណត់ព្រំដែន កម្ពុជាវៀតណាម បានត្រឹមត្រូវតាមខ្សែបន្ទាត់ ប្រេវីយេឬទេ?

ជាយោបល់របស់ខ្ញុំ ដើម្បីចៀសវាងបញ្ហា ប្រវត្តិសាស្ត្រច្រំដែលៗ រឿងព្រំដែនកម្ពុជាវៀតណាម និងជម្រះចំណុចមន្ទិលក្នុងចិត្តប្រជាជនខ្មែរ ខ្ញុំនឹង ៖

.ស្នើសុំរាជរដ្ឋាភិបាលកម្ពុជា បោះពុម្ពផ្សាយនូវផែនទីផ្លូវការ ដែលរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់បច្ចុប្បន្ន ក្នុងការកំណត់ព្រំដែនជាមួយប្រទេសជិតខាង។ បច្ចុប្បន្ន ខ្ញុំមិនទាន់មាន ទំនុកចិត្តលើផែនទីលក់នៅតាមផ្សារទេ ព្រោះ អាចជាផែនទីក្លែងក្លាយ។

.ស្នើសុំក្រសួងមហាផ្ទៃ ចុះដើរមើល ផ្ទាល់ តាមបង្គោលព្រំដែនរវាងកូសាំងស៊ីន និង ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្គោលព្រំដែនបច្ចុប្បន្ន ដើម្បីប្រៀបធៀបជាមួយព្រំដែន បច្ចុប្បន្ន តើត្រូវគ្នាឬយ៉ាងណា? តើផែនទី និង ផែនដី ត្រូវគ្នាឬទេ?

តើបងប្អូនជនរួមជាតិខ្មែរ ជឿជាក់ថា រដ្ឋាភិបាល មានឆន្ទៈជាតិគ្រប់គ្រាន់ បំភ្លឺបានច្បាស់ លាស់ជូនរាស្ត្រ លើបញ្ហាព្រំដែនកម្ពុជាវៀតណាមឬទេ? ខណៈគណបក្សសង្គ្រោះជាតិ ដែល ជាគណបក្សខ្សោយប្រឆាំង ត្រូវបានសម្តេច ហ៊ុន សែន ប្តូរបានសម្រេចរួចហើយ តាមរយៈ ក្រុមផ្កាយចោរ ប្រចាំគណបក្សសង្គ្រោះជាតិ ហើយក៏រួមគំនិតដោយមេបក្សជើង១០ ពិចារណា ឈប់ដេញដោលរឿងព្រំដែនកម្ពុជាវៀតណាម ជាថ្នូរសុំត្រឹមរួចខ្លួន និងការពារផលប្រយោជន៍ ផ្ទាល់ខ្លួនបាត់ទៅហើយនោះ”។

ទាក់ទងទៅនឹងបញ្ហាខាងលើនេះ លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជន កម្ពុជា ដាក់លិខិតជូនទៅអភិបាលរាជធានីភ្នំពេញ ស្នើសុំហែញត្តិយកទៅដាក់ស្ថានទូត បារាំង ដើម្បីស្នើសុំលោកប្រធានាធិបតីបារាំង ផ្តល់ជូននូវឯកសារអនុសញ្ញាព្រំដែនកម្ពុជាកូសាំងស៊ីន។

យោងតាមលិខិតរបស់សមាគមជ័យលាភី បញ្ញាជនកម្ពុជា លេខ០៧៩/១៦ ស...ក ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ និងចុះហត្ថលេខា ដោយលោករស់ សារ៉ុម ដាក់ជូនទៅលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មានខ្លឹមសារថា ៖

កម្មវត្ថុ ៖ សំណើសុំដង្ហែញត្តិតាមចិញ្ចើម ផ្លូវ ដោយថ្មើរជើង ពីមុខរដ្ឋសភាជាតិ ទៅស្ថានទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រ  កម្ពុជា និងបន្តទៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង០៩ព្រឹក ដែលមានអ្នកចូលរួមប្រមាណ ១៩៤៩នាក់។

យោង ៖ សារាចររាជរដ្ឋាភិបាលកម្ពុជា លេខ១០ ស.រ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការថែរក្សា ការពារបង្គោលព្រំដែនចាស់ បោះដោយគណៈកម្មការកំណត់ព្រំដែនរវាង ព្រះរាជាណាចក្រកម្ពុជា និងកូនសាំងស៊ីន នៅ មុននិងក្រោយទសវត្សរ៍ឆ្នាំ១៨៧០។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ  ខ្ញុំបាទមានកិត្តិយស សូមគោរពជម្រាបជូន ឯកឧត្តមអភិបាល មេត្តាជ្រាបថា សមាគម ជ័យលាភីបញ្ញាជនកម្ពុជា សូមស្វាគមន៍ និង គាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបាន ចេញសារាចរការពារ និងថែរក្សាបង្គោលព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងកូនសាំងស៊ីន។

ឯកឧត្តមអភិបាល ជាទីគោរព! ដើម្បី ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង ការកសាងនីតិរដ្ឋនៅកម្ពុជា ឱ្យកាន់តែរឹងមាំ និងជម្រះមន្ទិលក្នុងចិត្តពលរដ្ឋខ្មែរ ពាក់ព័ន្ធនឹង បញ្ហាព្រំដែន សមាគមសម្រេចស្នើដង្ហែញត្តិ ជូនស្ថានទូតសាធារណរដ្ឋបារាំង និងទីស្តីការ គណៈរដ្ឋមន្ត្រី មានខ្លឹមសារដូចខាងក្រោម ៖

ស្នើរដ្ឋាភិបាលសាធារណរដ្ឋបារាំង ផ្តល់ នូវឯកសារទាំងស្រុងអំពីអនុសញ្ញាព្រំដែនរវាង ព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន ដោយ ព្រះករុណាសម្តេចព្រះនរោត្តម និងលោកទេសាភិបាលកូសាំងស៊ីន ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៨៧១ និងទីតាំងបង្គោលព្រំដែនចំនួន ១២៤បង្គោល បោះដោយគណៈកម្មការកំណត់ ព្រំដែន។

ស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ផែនទី ចម្លងផ្លូវការចំនួន២៦ផ្ទាំង ដែលរាជរដ្ឋាភិបាល កម្ពុជា ប្រើប្រាស់បច្ចុប្បន្ន ក្នុងការកំណត់ព្រំដែនជាមួយប្រទេសជិតខាង ដើម្បីផ្ទៀងផ្ទាត់ ជាមួយផែនទីបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន មុន និង ក្រោយឆ្នាំ១៨៧០។

អាស្រ័យហេតុនេះ សូមឯកឧត្តមអភិបាល មេត្តាអនុញ្ញាត ដោយក្តីអនុគ្រោះ។

សូមឯកឧត្តមអភិបាល ទទួលនូវការគោរព ដ៏ស្មោះស្ម័គ្រអំពីយើងខ្ញុំ”។

ដោយឡែក ចំពោះលិខិតសមាគម ជ័យ លាភីបញ្ញាជនកម្ពុជា លេខ០៨០/១៦ ស.. .ក ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ដែល ចុះហត្ថលេខាដោយលោករស់ សារ៉ុម ដាក់ជូន ទៅលោកប្រធានាធិបតីនៃសាធារណរដ្ឋបារាំង តាមរយៈឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំ នៅកម្ពុជា មានខ្លឹមសារទាំងស្រុងថា ៖

កម្មវត្ថុ ៖ ស្នើសុំឯកសារទាំងស្រុង អំពី អនុសញ្ញាព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន ដោយព្រះករុណាសម្តេចព្រះនរោត្តម និងលោកទេសាភិបាលកូសាំងស៊ីន ចុះ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៨៧១ និងទីតាំង     បង្គោលព្រំដែនចំនួន១២៤បង្គោល ដែលបាន បោះរួចហើយ។

តបតាមកម្មវត្ថុខាងលើ យើងខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ សូមគោរពជម្រាបជូនឯកឧត្តម ប្រធានាធិបតី មេត្តាជ្រាបថា ៖ ប្រទេសបារាំង គឺជាអាណាព្យាបាលរបស់កម្ពុជា កាលពីអតីតកាល ហើយមានតែប្រទេសបារាំង តែមួយគត់ ដែលអាចជម្រះមន្ទិលក្នុងចិត្តប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធបញ្ហាព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជាកូសាំងស៊ីន ព្រោះរដ្ឋសភាបារាំង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៤៩ បានផ្តល់សច្ចាប័ន ផ្ទេរ តែទឹកដីកូសាំងស៊ីន និងកោះត្រល់ ប្រគល់ឱ្យ សាធារណរដ្ឋវៀតណាម ឬវៀតណាមខាងត្បូង កាន់កាប់តែប៉ុណ្ណោះ ហើយទឹកដីកម្ពុជាក្រោម និងកោះត្រល់ តាមសច្ចធម៌ប្រវត្តិសាស្ត្រ គឺជា ទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា បើទោះជា បច្ចុប្បន្នក្លាយជាប្រទេសវៀតណាមក៏ដោយ។

ឯកឧត្តមប្រធានាធិបតីជាទីគោរពដ៏ខ្ពង់ ខ្ពស់! សមាគមមានបំណងផ្ទៀងផ្ទាត់ផែនទី និងផែនដីរវាងព្រំដែនព្រះរាជាណាចក្រកម្ពុជា កូសាំងស៊ីន និងព្រះរាជាណាចក្រកម្ពុជាវៀតណាមបច្ចុប្បន្ន ថាតើត្រូវគ្នាឬមួយយ៉ាងណា ដើម្បីកត់ត្រាជាប្រវត្តិសាស្ត្រ សម្រាប់ប្រជាជន ខ្មែរ និងអ្នកស្រាវជ្រាវជំនាន់ក្រោយ។

ជាចុងបញ្ចប់ យើងខ្ញុំសូមគោរពជូនពរ ឯកឧត្តមប្រធានាធិបតី ជួបតែពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមឯកឧត្តមប្រធានាធិបតី មេត្តាទទួល នូវការគោរពដ៏ស្មោះស្ម័គ្រអំពីយើងខ្ញុំ”៕

 ដោយ ៖ ដារិទ្ធ

RELATED ARTICLES