Saturday, April 27, 2024
Homeព័ត៌មានជាតិលោក​សម រង្សីុ ជាប់​ចោទ​១​ករណី​ទៀត តុលា​ការ​កោះ​ហៅ​ចូល​បំភ្លឺ​ថ្ងៃទី​២១ តុលា

លោក​សម រង្សីុ ជាប់​ចោទ​១​ករណី​ទៀត តុលា​ការ​កោះ​ហៅ​ចូល​បំភ្លឺ​ថ្ងៃទី​២១ តុលា

ភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុង និរទេសខ្លួននៅឯប្រទេសបារាំង ឱ្យចូលខ្លួនមក កាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៦ ខាងមុខ ដើម្បីបំភ្លឺ ជុំវិញ បទចោទប្រកាន់មួយករណីថ្មីទៀត គឺ “ញុះ ញង់ បង្កចលាចល ប៉ះពាល់ ដល់សន្តិសុខសង្គម ប្រព្រឹត្តកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦។

យោងតាមដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃ០៦ ខែតុលា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយលោកព្រះរាជអាជ្ញារង សៀង សុខ មានខ្លឹមសារទាំង ស្រុងថា “យើង សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ

អញ្ជើញឈ្មោះសម រង្ស៊ី ជាជនសង្ស័យ មានអាសយដ្ឋាន ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុម១៣ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ឱ្យចូលខ្លួនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៩ៈ០០នាទីព្រឹក

ដើម្បីសាកសួរពីដំណើររឿងញុះញង់ បង្ក ចលាចល ប៉ះពាល់ដល់សន្តិសុខសង្គម កាលពី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦។

សាមីខ្លួន ត្រូវអញ្ជើញតាមដីកានេះ ឱ្យ បានទាន់ពេលវេលា និងយកលិខិតផ្សេងៗដែល ទាក់ទងនឹងរឿងខាងលើមកជាមួយផង ប្រសិន បើមាន”។

ទាក់ទងទៅនឹងដីកាកោះរបស់អយ្យការ អមសាលាដំបូងរាជធានីនេះ លោកសំ សុគង មេធាវី ការពារក្តីលោកសម រង្ស៊ី បានបញ្ជាក់ នៅថ្ងៃដដែលនោះថា លោកនៅមិនទាន់ទទួល បានដីកានេះនៅឡើយ ដូចលោកមិនអាចធ្វើ អត្ថាធិប្បាយបានទេ។

ខណៈដែលមេធាវីលោកសម រង្ស៊ី បាន អះអាងថា នៅមិនទាន់ទទួលដីកាកោះខាង លើនៅឡើយ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៦ លោកឧត្តមសេនីយ៍ត្រី មុំ ស៊ីថា អនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនៃក្រសួង មហាផ្ទៃ នាំយកដីកាទៅប្រគល់ឱ្យមន្ត្រីគណបក្សសង្គ្រោះជាតិ រួចរាល់ហើយ ដោយត្រូវបាន ឈ្មោះហុក សំអាង ជាបុគ្គលិករដ្ឋបាលគណបក្សសង្គ្រោះជាតិ ជាអ្នកទទួលតាមបញ្ជាលោក ឡុង រី មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ។

គួរបញ្ជាក់ថា លោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស មិនអាចចូលស្រុកបាន ដោយសារប្រឈមនឹងដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ តុលាការនោះ លោកប្រឈមនឹងបណ្តឹងជាច្រើន ករណី (មិនតិចជាង៥ករណី) ហើយតុលាការ បានកោះហៅឱ្យចូលខ្លួនមកបំភ្លឺជាបន្តបន្ទាប់ តែលោកមិនដែលបង្ហាញខ្លួនតាមដីកាកោះ របស់តុលាការនោះទេ។ ដោយឡែកចំពោះ បទចោទប្រកាន់ថ្មី “ញុះញង់ បង្កចលាចល ប៉ះពាល់ដល់សន្តិសុខសង្គម” ប្រព្រឹត្តថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ដែលតុលាការចេញដីកា កោះហៅឱ្យចូលបំភ្លឺនៅថ្ងៃទី២១ ខែតុលា ខាង មុខនេះ គឺជាករណីថ្មីមួយទៀត ដែលអាចពាក់ព័ន្ធនឹងការថ្លែងរបស់លោកទៅកាន់អ្នកគាំទ្រ គណបក្សប្រឆាំង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦។

គួររំព្ញកថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៦ នៅក្នុងពិធីបួងសួងមួយនាវត្តធម្មរង្សី ជាយក្រុងប៉ារីសប្រទេសបារាំង លោកសម រង្ស៊ី បានថ្លែងថា “សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកយាយដែលបានផ្តួចផ្តើម គំនិតរៀបចំធ្វើពិធីបួងសួង ដើម្បីសុខសន្តិភាព ជូនដល់ប្រទេសកម្ពុជា និងប្រជាជាតិខ្មែរ។ សុំ ឧទ្ទិសបុណ្យកុសលដែលបានកសាងចេញពីពិធីនេះ សូមឧទ្ទិសបុណ្យ កុសលនេះដល់ដួងវិញ្ញាណ ក្ខន្ធលោកបណ្ឌិតកែម ឡី ដួងវិញ្ញាណក្ខន្ធអ្នក ស្នេហាជាតិទាំងអស់ដែលបានបូជាជីវិតចំពោះ ជាតិមាតុភូមិ ហើយសូមឧទ្ទិសបុណ្យកុសល នេះជូនទៅដល់លោកកឹម សុខា និងសហការី អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ អ្នកតស៊ូក្នុង គណបក្សសង្គ្រោះជាតិ អ្នកស្នេហាជាតិ អ្នក ប្រជាធិបតេយ្យ អ្នកស្រលាញ់យុត្តិធម៌ទាំងអស់ នៅលើទឹកដីប្រទេសកម្ពុជា សុំឱ្យបងប្អូនរស់នៅ ប្រទេសកម្ពុជា រួចផុតពីទុក្ខលំបាក រួចផុតពីការ ធ្វើទុក្ខបុកម្នេញ ការចាប់ដាក់គុក ការសម្លុតគំរាមកំហែង សូមឱ្យខ្មែរទាំងអស់ឈប់ចងកម្ម ពៀរវេរា សូមឱ្យខ្មែរចេះស្រុះស្រួលគ្នា ស្រលាញ់ ជាតិ រួបរួមគ្នា ដើម្បីធ្វើឱ្យជាតិយើងស្ថិតនៅ ស្ថិតស្ថេរគង់វង្សជាអមតៈដើម្បីឱ្យប្រទេសកម្ពុជា មាតុភូមិរបស់យើងមានភាពរុងរឿងតរៀងទៅ ចាប់ពីពេលនេះតទៅ”។

លោកសម រង្ស៊ី  បានមានប្រសាសន៍នៅ ពេលនោះទៀតថា “ខ្ញុំព្រឹកមិញបានជួបតំណាង យុវជនមកពីខេត្តកណ្តាល គ្រាន់តែខេត្តកណ្តាល មួយ យុវជនប្រមាណ៣០០៤០០នាក់ ជា តំណាងមកជួបជុំគ្នានៅទីស្នាក់ការធំគណបក្ស សង្គ្រោះជាតិ គឺលោកកឹម សុខា ក៏បានជួបផ្ទាល់ សំណេះសំណាលលើកទឹកចិត្តយុវជន ណែនាំ យុវជន ហើយយុវជនអបអរសាទរ ជាតេស្ត សាកល្បងមួយថា ឥឡូវយើងរៀបចំធ្វើបាតុកម្ម ទ្រង់ទ្រាយធំទូទាំងប្រទេស តើយុវជនក្មួយៗ ស្ម័គ្រចិត្តទេ? ទាំងអស់គ្នាថាស្ម័គ្រចិត្ត យើង ត្រៀមចូលរួមមហាបាតុកម្ម។ ហើយដូចកាល សម័យខ្មែរក្រហម គ្នាខ្មែរតិចណាស់ តែបើកន្លែង ណាងើប គេយកកម្លាំងគេមកកម្ចាត់ អ្នកណា ដែលហ៊ានងើប តែបើយើងហ៊ានងើបទាំងអស់ គ្នា ងើបគ្រប់ខត្ត បាតុកម្មរបស់សាលាឃុំ បាតុកម្មគ្រប់សាលាស្រុក បាតុកម្មគ្រប់សាលាខេត្ត បាតុកម្មរាជធានីភ្នំពេញ ទន្ទឹមគ្នា តើពួកហ្នឹង មានកម្លាំងណាទៅបង្ក្រាបប្រជារាស្ត្រ បើប្រជារាស្ត្រងើបទូទាំងប្រទេស ដោយសន្តិវិធី? យើង ត្រូវតែរៀបចំគម្រោងហ្នឹងឱ្យបានក្នុងពេលឆាប់ៗ ខាងមុខនេះ។ ឥឡូវនេះ ឃើញថាវាហួសកម្រិត កាលមុន សភាពការណ៍តានតឹង សម្លុតធ្វើបាប យើង វាមិនទាន់ដល់កម្រិតមួយ គឺដាច់ខាតត្រូវតែមានការប្រែប្រួល វាមិនអាចនៅអ៊ីចឹងទៀត ទេ ដែលដល់កម្រិតមួយទាំងខ្មែរ និងអន្តរជាតិ មិនអាចអត់ទ្រាំបានទេ ហើយនៅសល់តែជាង ១ខែទៀត គឺខួបទី២៥នៃកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ជាឱកាសល្អណាស់ បើយើងធ្វើអីមួយ បង្កើតព្រឹត្តិការណ៍អីមួយ គឺក្នុងពេលដែលគេ រំលឹកកិច្ចព្រមព្រៀងទីក្រុងប៉ារីស…”

ទោះយ៉ាងណាជុំវិញដីកាកោះរបស់តុលាការ ខាងលើនេះ មិនទាន់មានប្រតិកម្មឆ្លើយតបពី លោកសម រង្ស៊ី នៅឡើយទេ កាលពីម្សិល មិញ៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES