Monday, April 29, 2024
Homeព័ត៌មានជាតិរោង​បុណ្យ​១០០​ថ្ងៃ សព​លោក​កែម ឡី សង់​រួច​រាល់​នៅ​វត្ត​ចាស់

រោង​បុណ្យ​១០០​ថ្ងៃ សព​លោក​កែម ឡី សង់​រួច​រាល់​នៅ​វត្ត​ចាស់

ភ្នំពេញ ៖ រោងបុណ្យគម្រប់១០០ថ្ងៃ សព លោកបណ្ឌិតកែម ឡី ត្រូវបានសង់ហើយរួច រាល់ នៅវត្តពោធិយារាម ហៅវត្តចាស់ បន្ទាប់ ពីអាជ្ញាធររាជធានីភ្នំពេញ បានប្តូរចិត្តជាថ្មី អនុញ្ញាតឱ្យគណៈកម្មការរៀបចំពិធីបុណ្យនេះ នៅ ទីអារាមនេះ។

កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញ តំណាងគណៈកម្មការរៀបចំបុណ្យ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី ចំនួន៤រូបនិងអង្គ រួមមាន លោក ប៉ាង ងួនទៀង លោកមឿន តុលា លោកសៅ កុសល និងព្រះតេជគុណប៊ុត ប៊ុនតិញ បានជួប ប្រជុំពិភាក្សាជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដឺកនាំដោយលោកអភិបាល ប៉ា សុជាតិវង្ស ទាក់ទងនឹងការសុំប្រារឰពិធីបុណ្យ នៅវត្តពោធិយារាម ហៅវត្តចាស់ ។

ជាលទ្ធផលនៃកិច្ចប្រជុំពេញមួយព្រឹកនោះ អាជ្ញាធរបានអនុញ្ញាតឱ្យក្រុមគ្រួសារ និងគណៈកម្មការរៀបចំពិធីបុណ្យខួប១០០ថ្ងៃ សពលោក កែម ឡី នៅវត្តចាស់ បើទោះជាកន្លងមក សាលារាជធានី បានបដិសេធម្តងហើយម្តងទៀត មិនអនុញ្ញាតរៀបចំពិធីបុណ្យខួប១០០ថ្ងៃ ក្នុង រាជធានីភ្នំពេញ ក៏ដោយ។

kem-lay1

ព្រះតេជគុណ ប៊ុត ប៊ុនតិញ តំណាងគណៈកម្មការរៀបចំបុណ្យ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី មានពុទ្ធដីកាថា អាជ្ញាធរពិតជាបាន យល់ព្រមឱ្យគណៈកម្មការរៀបចំពិធីបុណ្យខួប ១០០ថ្ងៃ ជូនសពលោកបណ្ឌិតកែម ឡី នៅថ្ងៃទី ១៤ ដល់ទី១៦ ខែតុលា នៅវត្តចាស់ តាមការ ស្នើសុំ។

ព្រះតេជព្រះគុណប៊ុត ប៊ុនតិញ បញ្ជាក់ ថា មូលហេតុដែលសាលារាជធានីមិនអនុញ្ញាត ឱ្យធ្វើពិធីនេះនៅវត្តចាស់កន្លងទៅ ដោយសារ សាលារាជធានី មិនបានយល់ច្បាស់ពីគោលបំណងរបស់គណៈកម្មការ និងដោយសារមាន មនុស្សជាច្រើនក្រុម ដូចជាអ្នកនយោបាយ ជាដើម ចង់ធ្វើពិធីនេះ ហើយគ្មានការអនុញ្ញាតពី ក្រុមគ្រួសារជាដើម។

ជាមួយគ្នានោះដែរ លោកសៅ កុសល តំណាងគណៈកម្មការបុណ្យ បានបញ្ជាក់ប្រាប់ “នគរធំ” នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ពីខ្លឹមសារលម្អិតនៃលទ្ធផលកិច្ចប្រជុំ នេះថា គណៈកម្មការ ពិតជារីករាយណាស់ ដែលរដ្ឋបាល រាជធានីភ្នំពេញ បានប្តូរចិត្តយល់ព្រម ឱ្យគណៈកម្មការរៀបចំបុណ្យ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី នៅវត្តចាស់ តែគណៈកម្មការ ក៏ទទួល លក្ខខណ្ឌរបស់រដ្ឋបាលរាជធានី ផងដែរ។

លោកសៅ កុសល មានប្រសាសន៍ថា “ព្រឹកមិញនេះ ខាងគណៈកម្មការបានទៅជួប ប្រជុំផ្ទាល់ជាមួយឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឥឡូវខាងសាលារាជធានីភ្នំពេញ បាន ឯកភាពឱ្យធ្វើហើយ ទាំងកម្មវិធីផ្សេងៗ។ គ្រាន់ ថា កន្លងមក លោកថាមិនទាន់មានភាពច្បាស់លាស់ក្នុងកម្មវិធីបុណ្យហ្នឹង អ៊ីចឹងបានជាលោក មិនបានអនុញ្ញាតជូនហ្នឹង ទី១។ ទី២ខ្លាចវា ប៉ះពាល់ដល់ដំណើរការទស្សនកិច្ចរបស់ប្រធានាធិបតីចិន ហើយនិងខួបទី៤ នៃព្រះរាជពិធីបុណ្យ របស់ព្រះបរមរតនកោដ្ឋ។ អ៊ីចឹងសាលារាជធានីភ្នំពេញ ក៏អញ្ជើញគណៈកម្មការ មកពី ភាក្សាគ្នា ដើម្បីឱ្យមានភាពច្បាស់លាស់ មុន ការអនុញ្ញាត។ ដូច្នេះហើយ បានសាលាក្រុង គាត់ថា គាត់ចេញលិខិតបដិសេធហ្នឹង ដោយសារហេតុផលហ្នឹងមួយ ហេតុទី២ អត់ឃើញ មានតំណាងគ្រួសារអីមកសុំផ្ទាល់។ នេះហេតុ ដែលសាលាក្រុងបដិសេធកន្លងមក តែឥឡូវនេះ ក្រោយពីប្រជុំពិភាក្សា ផ្លាស់ប្តូរយោបល់ទៅ ឃើញថា យើងរកចំណុចរួមឃើញថា លោក អនុញ្ញាតឱ្យធ្វើគ្រាន់ថា បង្រួញការព្រួយបារម្ភ ផ្នែកចរាចរណ៍បន្តិចថា ការហែរូបសំណាកហ្នឹង ពីវត្តចាស់ហ្នឹង អត់ឱ្យមានចំនួនហែជាក្បួនធំដុំ ទេ ព្រោះថា វាខ្លាចស្ទះចរាចរណ៍ អ៊ីចឹងអាចឱ្យ ឡានចេញម្តង៥ ម្តង៥ អីអ៊ីចឹង ទៅ ៥នាទី ចេញ១៥នាទីក្រោយ ឬ១០នាទី ក្រោយ មើល តាមស្ថានភាពចរាចរណ៍ យើងចេញបន្តបន្ទាប់ អ៊ីចឹង។ ហើយក្បួនធំ ចេញពីចោមចៅ បានទៅ តាកែវ តែម្តង។ អ៊ីចឹងក្បួនហែនេះ វាតូចៗទេ។ យើងឃើញចំណុចនេះ យើងត្រូវតែទទួលស្គាល់ នូវបញ្ហាលំបាកផ្នែកចរាចរណ៍ដូចកាលយើង ធ្វើបុណ្យសពលោកបណ្ឌិត នៅពេលហែទៅ កាលណាយើងចេញទៅទាំងអស់ អ៊ីចឹង ឃើញ ស្ទះទាំងអស់គ្នា។ អ៊ីចឹងហើយបានជាយើងគិត ថា វាជាចំណុចដែលយើងទទួលបានដែរ ដើម្បី កុំឱ្យស្ទះចរាចរណ៍ហ្នឹង ព្រោះថា យើងគង់តែ ជួបជុំគ្នានៅចោមចៅទេ”។

គួររំលឹកថា កាលពីថ្ងទី០៧ ខែតុលា ឆ្នាំ ២០១៦ សាលារាជធានីភ្នំពេញ បានចេញលិខិត មួយច្រានចោលសំណើរបស់គណៈកម្មការរៀបចំ ពិធីបុណ្យដោយមិនអនុញ្ញាតឱ្យធ្វើបុណ្យខួប គម្រប់១០០ថ្ងៃ សពលោកបណ្ឌិតកែម ឡី នៅ វត្ត “ពោធិយារាម” ហៅវត្តចាស់ ដោយតម្រូវ ឱ្យក្រុមគ្រួសារសពរៀបចំពិធីបុណ្យតាមបែប ព្រះពុទ្ធសាសនា នៅគេហដ្ឋានឬទីកន្លែងបញ្ចុះ សពនៅក្នុងស្រុកកំណើតវិញ។

ក្រៅពីការបដិសធនៅពេលនោះ កាលពី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ព្រះចៅអធិការ និងគណៈកម្មការវត្តពោធិយារាម ហៅវត្តចាស់ បានចេញលិខិតជូនដំណឹងមួយ ដល់គណៈកម្មការ រៀបចំបុណ្យ១០០ថ្ងៃសពលោកបណ្ឌិតកែម ឡី ដោយមិនអនុញ្ញាតឱ្យរៀបចំពិធីនេះ នៅក្នុងទី អារាមនេះទេ ក្រោមហេតុផលថា អាជ្ញាធរ មិនអនុញ្ញាត។

ព្រះតេជគុណ មាស សាខន មានថេរដីកា ថា បានបញ្ជាក់ថា ការដែលព្រះអង្គចេញសេចក្តី ជូនដំណឹងជាសាធារណៈនេះ ដោយសារព្រះអង្គ គោរពតាមការសម្រេចរបស់អាជ្ញាធរ។ បានន័យ ថា ព្រះអង្គមិនបិទទ្វារវត្តទេ តែបើអាជ្ញាធរបិទ គឺជាការទទួលខុសត្រូវរបស់សមត្ថកិច្ច និង គណៈកម្មការបុណ្យ ព្រោះវត្ត ជាស្រែបុណ្យ គ្មានចាត់ទុកក្រុមណាជាសត្រូវទេ។

ក្រោយការបញ្ជាក់របស់ព្រះចៅអធិការ វត្តចាស់ នោះមក គណៈកម្មការនៅតែប្រកាន់ ជំហររៀបចំធ្វើនៅទីអារាមនេះ ព្រោះថា កម្មវិធី បុណ្យ បានប្រកាសរួចហើយ តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦។ រីឯអ្នកស្រីប៊ូ រចនា ភរិយា លោកបណ្ឌិតកែម ឡី ក៏បានសំពះអំពាវនាវពី ក្រៅប្រទេសអញ្ជើញមហាជនចូលរួមពិធីបុណ្យ ១០០ថ្ងៃ សពស្វាមីអ្នកស្រីនៅវត្តចាស់ និងហែ រូបសំណាកទៅខេត្តតាកែវ ឱ្យបានច្រើនកុះករ។

បន្ទាប់ពីមានការអនុញ្ញាតពីអាជ្ញាធរគណៈកម្មការបុណ្យបានរៀបចំសង់រោងបុណ្យរួចរាល់ ហើយ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។

លោកសៅ កុសល មានប្រសាសន៍បន្ត ទាក់ទងនឹងបញ្ហានេះថា “បាទ! ត្រឹមត្រូវហើយ យោងទៅតាមលិខិតដែលព្រះចៅអធិការវត្ត ចាស់ បានចុះផ្សាយជាសាធារណៈ ដោយសារ តែសាលារាជធានីភ្នំពេញ មិនឯកភាព។ អ៊ីចឹង លោកក៏មិនឯកភាពតាមហ្នឹងដែរ។ ឥឡូវនេះ ក្តីបារម្ភអស់ហ្នឹង លែងមានហើយ ដោយសារ យើងប្រជុំគ្នា មានកំណត់ហេតុត្រឹមត្រូវ អនុញ្ញាត ឱ្យបានធ្វើត្រឹមត្រូវ ហើយឥឡូវរោងក៏បានសង់ ហើយដែរ អ៊ីចឹងវាអត់មានបញ្ហាអីទេ។ យើង តុបតែងថាជារោងបុណ្យ១០០ថ្ងៃហ្នឹង ពេញ មួយទីធ្លាវត្តចាស់ហ្នឹង ហើយយើងបែងចែកជា ៣ចំណុច តាមរោងនីមួយៗហ្នឹង យើងមានដាក់ តាំងរូបថត យើងមានដាក់ផ្សាយចាក់សំឡេង ឡើងវិញ ការវិភាគរបស់លោកបណ្ឌិត យើង មានដាក់កន្លែងតម្កល់ឯកសារ សៀវភៅ ដែល ត្រូវចែកជូន ឬមួយក៏ត្រូវជាវរបស់បងប្អូនដែល ពេញចិត្តនូវឯកសារណា ឱ្យលោកអញ្ជើញជាវ យក ឬផ្តល់ជូនដោយមិនគិតកម្រៃ។ អ៊ីចឹងយើង រៀបចំជា៣ប្លង់ហ្នឹង។ ថ្ងៃនេះទើបសង់រោង ទេ អត់ទាន់មានតាក់តែងឱ្យបានស្អាតទេ ដរាប ថ្ងៃ១៣ ល្ងាចហ្នឹង បានយើងតែងហើយស្អាត បាត។ ឥឡូវនេះយើងឃើញថា ជាផ្លូវការ ហើយ កម្មវិធីបុណ្យយើង គឺចាប់ពីផ្តើមពីថ្ងៃទី១៤ ហើយចប់ ហែចេញពីភ្នំពេញ នៅថ្ងៃទី១៦ ពេល ព្រឹក ដូច្នេះឆ្លៀតឱកាសនេះ ខ្ញុំតំណាងឱ្យគណៈកម្មការ សូមអំពាវនាវឱ្យបងប្អូនដែលស្រលាញ់ លោកបណ្ឌិត ដែលគោរពចំពោះវីរភាពរបស់ លោកបណ្ឌិត អញ្ជើញចូលរួមឱ្យបានទាំងអស់ គ្នា តាមលទ្ធភាពដែលយើងអាចធ្វើទៅបាន។ បើសិនជាមិនអាចមកវត្តចាស់ទេ យើងអាច ឈរនៅតាមផ្លូវដែលយើងគិតថាជាកន្លែងសមរម្យដែលយើងអាចទៅបានហ្នឹង យើងឈរនៅ ទីនោះ ទទួលការស្វាគមន៍ ឬអីផ្សេងៗទៅ”។

គួរបញ្ជាក់ថា កម្មវិធីបុណ្យ១០០ថ្ងៃ សព លោកបណ្ឌិតកែម ឡី មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ តុលា នៅវត្តចាស់ លុះដល់ថ្ងៃទី១៦ ខែតុលា ហែរូបសំណាកលោក បណ្ឌិតកែម ឡី ទៅកាន់ទីបញ្ចុះសពនៅស្រុក កំណើតរបស់លោកឯតាកែវ៕

RELATED ARTICLES