Thursday, March 28, 2024
Homeព្រឹត្តិការណ៍សង្គមលោក​កឹម សុខា សមាគម​ជ័យ​លាភី​បញ្ញា ជន​កម្ពុជា ត្រៀម​ប្តឹង​ទៅ​អង្គ​ភាព ប្រឆាំង អំពើ​ពុក​រលួយ

លោក​កឹម សុខា សមាគម​ជ័យ​លាភី​បញ្ញា ជន​កម្ពុជា ត្រៀម​ប្តឹង​ទៅ​អង្គ​ភាព ប្រឆាំង អំពើ​ពុក​រលួយ

ភ្នំពេញ ៖ សមាគមជ័យលាភីបញ្ញាជន កម្ពុជា ប្រកាសដាក់ពាក្យប្តឹងលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងលោក អេង ឆៃអ៊ាង តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ទៅអង្គភាពប្រឆាំងអំពើពុករលួយ នៅដើមសប្តាហ៍ ក្រោយនេះ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃ ទ្រព្យសម្បត្តិឯកជន។

លោករស់ សារ៉ុម បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ថា “ថ្ងៃចន្ទ ដើមសប្តាហ៍ក្រោយ ក្រុមប្រឹក្សាភិបាលសមាគម នឹងរៀបចំកិច្ចប្រជុំ ពិសេស លើរបៀបវារៈ ការកំណត់ពេលវេលា ដាក់ពាក្យបណ្តឹងផ្លូវការ និងភ័ស្តុតាងមួយចំនួន ទៅអង្គភាពប្រឆាំងអំពើពុករលួយ ប្រឆាំងនឹង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចំនួន០២ រូប គឺឯកឧត្តមកឹម សុខា និងឯកឧត្តមអេង ឆៃអ៊ាង ដើម្បីបើកកញ្ចប់ប្រកាសទ្រព្យសម្បត្តិ ពាក់ព័ន្ធ នឹងភាពមិនប្រក្រតី នៃការកើនឡើងទ្រព្យសម្បត្តិឯកជន ចន្លោះឆ្នាំ២០១៤២០១៦”។

បន្ថែមលើសំណេរខាងលើនេះ លោករស់ សារ៉ុម បញ្ជាក់ថា ក្រៅពីប្តឹងថ្នាក់ដឹកនាំគណបក្ស ប្រឆាំង ទៅអង្គភាពប្រឆាំងអំពើពុករលួយ សមាគមជ័យលាភីបញ្ញាជនកម្ពុជា ក៏មានគម្រោង ស្នើឱ្យតំណាងរាស្ត្រគណបក្សកាន់អំណាច បើក កញ្ចប់ថវិកាសុវត្ថិភាពដូចគ្នាដែរ។ ប៉ុន្តែជាជំហាន ដំបូង ត្រូវផ្តោតសំខាន់លើបក្សប្រឆាំង ជាមុន សិន ជាពិសេសលោកកឹម សុខា ដែលកន្លងមក តែងតែរិះគន់បក្សកាន់អំណាច រឿងអំពើពុករលួយ។

ខាងក្រោមនេះជាបទសម្ភាសរវាង “នគរធំ” ជាមួយលោករស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ៖

នគរធំ ៖ ជម្រាបសួរលោករស់ សារ៉ុម តើ លោកអាចបញ្ជាក់បានទេថា ហេតុផលអ្វីដែល លោកត្រៀមដាក់ពាក្យប្តឹងឹ ថ្នាក់ដឹកនាំបក្សប្រឆាំង ទៅអង្គភាពប្រឆាំងអំពើពុករលួយ?

លោករស់ សារ៉ុម ៖ ខ្ញុំសូមជម្រាបទៅ កាន់អ្នកសារព័ត៌មានថា គណបក្សប្រឆាំង ជានិច្ចកាល គឺតែងតែចោទប្រកាន់គណបក្សកាន់អំណាច ថាពុករលួយអីចេះមួយៗ។ អ៊ីចឹងដើម្បី ឱ្យមានតម្លាភាព ជំហានទី១ គឺខាងសមាគម យល់ឃើញថា ខាងគណបក្សប្រឆាំង ទាល់តែ មានតម្លាភាពសិន។ ទាល់តែខាងប្រឆាំង តម្លាភាព បានទៅកែគេកើត តែបើយើងពុករលួយ ដែរ ហើយយើងទៅកែគេ កែម៉េចកើត នេះខ្ញុំ សុំបញ្ជាក់អ៊ីចឹង។

នគរធំ ៖ អ៊ីចឹងតើលោកបានសង្កេតស្រាវជ្រាវតាមដានយ៉ាងណាដែរ មុននឹងលើកឡើង នូវបញ្ហានេះ?

លោករស់ សារ៉ុម ៖ យើងមើលឃើញ ទាក់ទងឥស្សរជន២រូបហ្នឹង ទី១ យើងមើល ឃើញថា ចំពោះឯកឧត្តមកឹម សុខា គឺយើង ចង់ឱ្យគាត់បំភ្លឺពាក់ព័ន្ធជាមួយ ទី១ ចម្ការម្រេច ដែលគាត់ធ្វើកន្លងមក ដែលយើងធ្លាប់ដឹង យើង មានឯកសារខ្លះពាក់ព័ន្ធ។ ចង់ដឹងថា ចម្ការ ម្រេច ដែលគាត់ធ្វើហ្នឹង បានមកពីណា? ធនធាន មកពីណា ដើម្បីធ្វើ? ឱ្យច្បាស់ បង្ហាញមហាជន។ ទី២ ពាក់ព័ន្ធជាមួយនឹងការចាយវាយ ផ្សេងៗ គឺយើងរកឃើញថា កន្លែងខ្លះគឺវាលើស ពីចំណូល លើសមហាលើសតែម្តង ទាក់ទងជាមួយបេសកកម្មលក្ខណៈបុគ្គល បែរជាកញ្ចប់អី ផ្សេងៗ ប៉ុន្តែអាហ្នឹងជាចំណុចតូចមួយទេ ប៉ុន្តែ អ្វីដែលយើងចង់ឱ្យបំភ្លឺ គឺធ្វើម៉េច ចម្ការម្រេច នោះ គាត់បានមកពីណា? បំភ្លឺប្រាប់សកម្មជន ហើយនិងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ឱ្យបានដឹង ដើម្បីបង្ហាញតម្លាភាពថា គាត់ពិតជាសុចរិត ហើយគាត់ចង់កែសង្គម អាហ្នឹងបាន សង្គមវាសុចរិតទាំងអស់គ្នា។ ហើយមួយទៀត ពាក់ព័ន្ធជាមួយឯកឧត្តមអេង ឆៃអ៊ាង ឃើញ ថា រយៈពេល៣៤ខែកន្លងមកនេះ យើងមើល ឃើញថា គាត់មានការទិញនូវផ្ទះវីឡាមួយ នៅ បុរីសែនសុខភ្នំពេញ។ អ៊ីចឹងសួរថា បញ្ជាក់ប្រភព ឱ្យបានច្បាស់លាស់ថា លុយដែលបានមក ដើម្បី ទិញហ្នឹង បានមកពីណា? គឺច្បាស់លាស់តែប៉ុណ្ណឹង ឯង។ អ៊ីចឹងយើងខ្ញុំចង់បញ្ជាក់តែប៉ុណ្ណឹងទេ ហើយយើងនឹងប្រជុំនៅដើមសប្តាហ៍ក្រោយ ពាក់ព័ន្ធនឹងចំណុចហ្នឹង តើយើងគួររៀបយន្តការ របៀបម៉េច?

នគរធំ ៖ តើក្នុងបណ្តឹងនោះ នឹងស្នើឱ្យ អង្គភាពប្រឆាំងអំពើពុករលួយ ផ្តោតសំខាន់ យ៉ាងណា?

លោករស់ សារ៉ុម ៖ យើងស៊ើបអង្កេត ជាជំហានទី២ទេ ប៉ុន្តែជាជំហានទី១ គឺត្រូវតែ បើកកញ្ចប់ប្រកាសទ្រព្យសម្បត្តិ ព្រោះឥស្សរជន មុននឹងចូលកាន់តំណែង គឺសុទ្ធតែមានការប្រកាស ទ្រព្យសម្បត្តិ តំណាងរាស្ត្រ គេមានកំណត់នៅក្នុង ច្បាប់ ត្រូវតែប្រកាសទ្រព្យសម្បត្តិ។ អ៊ីចឹងយើង គ្រាន់តែផ្ទៀងមើលទៅ តើទ្រព្យសម្បត្តិពេល ប្រកាសមានប៉ុនណា? ហើយឥឡូវវាមានប៉ុនណា? ហើយបានមកពីណា? ឱ្យច្បាស់លាស់ ដាក់លើ តុ បង្ហាញជូនជនរួមជាតិទាំងអស់គ្នាមើល។ វា មិនមានតែគណបក្សប្រឆាំងទេ ទៅមុខទៀត ក៏មានខាងគណបក្សកាន់អំណាចផងដែរ គឺ យើងធ្វើដូចគ្នា ប៉ុន្តែយើងមិនទាន់កំណត់ថា អ្នកណាមួយឱ្យច្បាស់លាស់ទេ តាមរបាយការណ៍ និងអ្វីដែលយើងស្រាវជ្រាវឃើញ អាហ្នឹងយើង រៀបយន្តការបន្តទៅទៀត ដើម្បីកែទម្រង់សង្គម យើងឱ្យបានល្អទាំងអស់គ្នា។ គឺដូចគ្នា ចំពោះ គណបក្សនយោបាយ មុនការជ្រើសតាំងតំណាងរាស្ត្រ គឺយើងចង់ឱ្យគ្រប់ភាគីគណបក្សទាំងអស់ ដែលជាបេក្ខជននាយករដ្ឋមន្ត្រីក្តី ជាបេក្ខជន ឈរតំណាងរាស្ត្រក្តី គឺត្រូវប្រកាសទ្រព្យសម្បត្តិ ទាំងអស់គ្នា បង្ហាញជូនជនរួមជាតិទាំងអស់គ្នា បានដឹង។

នគរធំ ៖ ប៉ុន្តែការត្រៀមប្តឹងនេះ អាចជា ការដាក់សម្ពាធនយោបាយលើលោកកឹម សុខា ថែមទៀតទេ ខណៈដែលលោកកឹម សុខា កំពុង រងនូវនីតិវិធីតុលាការ?

លោករស់ សារ៉ុម ៖ ជាការយល់ឃើញ របស់សមាគមជ័យលាភីបញ្ញាជនកម្ពុជា យើង អត់គិតអ៊ីចឹងទេ បើយើងធ្វើរឿងត្រឹមត្រូវ មាន អីជាការដាក់បន្ទុក មានតែលើកកិត្តិយសទៅ វិញទេ បើរឿងត្រឹមត្រូវ។ ប៉ុន្តែបើរឿងមិន ត្រឹមត្រូវ យើងគិតគូរចំពោះមុខច្បាប់ទៅ។ ខ្ញុំ យល់ថា អង្គភាពប្រឆាំងអំពើពុករលួយ ក៏មាន យន្តការនៅក្នុងការអនុវត្តទាក់ទងនឹងបញ្ហាហ្នឹង សំខាន់លើភ័ស្តុតាង។ អ៊ីចឹងភ័ស្តុតាងដែលយើង មាន តើវាអាចដាក់បន្ទុកសមរម្យ ដើម្បីឱ្យ អង្គភាពប្រឆាំងអំពើពុករលួយ ធ្វើបានឬអត់? ព្រោះអ្វីដែលយើងធ្វើ យើងធ្វើតាមផ្លូវច្បាប់ ដែលមាននៅក្នុងច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ។

នគរធំ ៖ ចុងក្រោយ លោកមានអីបន្ថែម ទេ លើបញ្ហាហ្នឹង?

លោករស់ សារ៉ុម ៖ ជាយន្តការរួម យើង ចង់ឃើញគណបក្សប្រឆាំង ជាគណបក្សមួយ ដែលគំរូ ព្រោះយើងប្រឆាំង ខ្លាចគេពុករលួយ អ៊ីចឹងយើងចង់ឃើញថា អ្នកដែលប្រឆាំងគេ ហ្នឹងពុករលួយដែរឬអត់? បើសិនយើងចោទគេ ពុករលួយ យើងពុករលួយដែរ អាហ្នឹងវាគោ ដំបៅខ្នងហើយ អ៊ីចឹងសង្គមយើង មានថ្ងៃណា ដែលនីតិរដ្ឋបាន? វាអត់មានសង្គមនីតិរដ្ឋ មិន នីតិរដ្ឋ វាអាស្រ័យលើអ្នកដឹកនាំ បើអ្នកដឹកនាំ គិតពីនីតិរដ្ឋ វានីតិរដ្ឋហើយ បើសិនជាអ្នកដឹកនាំជំពាក់ចំពិនអ៊ីចឹងទៅហើយ សួរថា ថ្ងៃ ក្រោយ ដឹកនាំធ្វើឱ្យជាតិរីកចម្រើនទេ? ទៅអត់ រួចទេ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES