នេះពុំមែនជាលើកទី១នោះទេ ដែលថ្នាក់ដឹកនាំចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយសារមិត្តភាពរាប់ពាន់ឆ្នាំ មិនអាចកាត់ផ្តាច់បាន ពោលគឺ កាលពីសម័យមុន ក៏មានថ្នាក់ដឹកនាំចិន ក៏ដូចជាពាណិជ្ជករ អ្នកស្រាវជ្រាវ អ្នកការទូតចិន បានមកដល់កម្ពុជា ជាបន្តបន្ទាប់។ ទស្សនកិច្ចលោកប្រធានាធិបតីស៊ី ជីនពីង ក៏មិនខុសពីទស្សនកិច្ចលោកប្រធានាធិបតី លីវ ចាវជី កាលពីសម័យសង្គមរាស្ត្រនិយម នោះឡើយ សុទ្ធតែផ្តល់ផលប្រយោជន៍ផ្នែកនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ដល់ប្រជាជាតិទាំងពីរ កម្ពុជា–ចិន ដែល “នគរធំ” សូមលើកពី “នយោបាយចិន មកលើកម្ពុជា” មកធ្វើប្រធានបទបរិយាយ ថ្ងៃនេះ…។
មហាប្រទេសចិន ដែលមានឈ្មោះជាផ្លូវការថា “សាធារណរដ្ឋប្រជាមានិតចិន” មានទំហំដីជាង៩,៦លានគីឡូម៉ែត្រក្រឡា ដោយមានប្រជុំកោះយ៉ាងច្រើនក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិក យ៉ាងធំធេង។ មហាប្រទេសនេះ មានទីក្រុងប៉េកាំង ជារដ្ឋធានី បែងចែកជាក្រុងធំៗ៤ ភូមិភាគស្វយ័ត៥ ខេត្ត២៣ (រួមទាំងតៃវ៉ាន់) និងតំបន់រដ្ឋបាលពិសេស២។ ជាទឹកដីសម្បូរធនធានរ៉ែ ធនធានធម្មជាតិ វាលខ្សាច់ ដោយមានទន្លេធំៗ ហូរកាត់ជាច្រើនខ្សែ ប្រែក្លាយដែនដីដែលធ្លាប់ឱនថយឱ្យទៅជាតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម ជាប់លំដាប់ថ្នាក់ជាមហាអំណាចក្នុងពិភពលោក។ មហាប្រទេសនេះ មានប្រជាជនច្រើនមហិមា ចំនួនជាង ១,៣៥ពាន់លាននាក់ យោងតាមស្ថិតិឆ្នាំ២០១៣ ដោយចែកជា៥៦ជនជាតិ ក្នុងនោះ “ជនជាតិហាន” មានចំនួនច្រើនជាងគេ ស្មើនឹង៩៩% នៃចំនួនប្រជាជនចិន ទូទាំងប្រទេស។ ពីដើម ចិន កាន់របប “សម្បូណ៌ាជ្ញាសិទ្ធិរាជ” អំណាចគ្រប់បែបយ៉ាងនៅ លើអធិរាជ និងអធិរាជិនី ប៉ុន្តែ ក្រោយបដិវត្តន៍ដឹកនាំដោយវេជ្ជបណ្ឌិតស៊ុន យ៉ាតសេន បានរឹបអូសយកអំណាច ប្រគល់ ជូនប្រជាជនវិញ ដោយផ្លាស់ប្តូរជា “របបកុម្មុយនិស្តនិយម” ឯកបក្ស ប៉ុន្តែ មានការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំប្រទេស រួមមានប្រធានគណបក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រី យ៉ាងទៀងទាត់ រៀងរាល់១០ឆ្នាំម្តង ដោយជ្រើសតាំងឥស្សរជន ចាស់វស្សា មានបទពិសោធន៍ផ្នែកនយោបាយ សេដ្ឋកិច្ចច្បាស់លាស់ ឱ្យឡើងកាន់តំណែង មិនជ្រើសយកក្មេងស្រករក្រោយ ឡើងតាមពូជ ដូចកូរ៉េខាងជើង នោះទេ។
យោងតាមប្រវត្តិសាស្ត្រចារទុកថា ប្រទេសចិន បានចាប់អារម្មណ៍មកលើភូមិភាគអាស៊ី–អាគ្នេយ៍ តាំងពីរាប់ពាន់ឆ្នាំមក ហើយ ដោយបានលើកកងទ័ពវាយយកដែនដីតុងកឹង (វៀតណាមខាងជើង) ដាក់ក្រោមអាណានិគមរបស់ខ្លួន តាំងពីឆ្នាំ ១០១ មុន គ.ស រហូតដល់ឆ្នាំ៩៣៩ នៃគ.ស ទើបវៀតណាម រំដោះខ្លួនរួច។ នៅពាក់កណ្តាលសតវត្សទី៣ នៃ គ.ស បេសកជន ចិន២នាក់ គឺលោកកាំង ថៃ (Kang Tai) និងលោកឈូ យីង (Tchou Ying) បានមកស្នាក់នៅអាណាចក្រភ្នំ ជាច្រើនឆ្នាំ លុះពួកលោកត្រឡប់ទៅវិញ ក៏បានចេញផ្សាយកំណត់ហេតុទាក់ទងដល់ប្រពៃណីទំនៀមទម្លាប់ខ្មែរ នាសម័យនោះ។ លុះ ចូលមកដល់សតវត្សទី៧ នៃគ.ស ពុទ្ធសាសនិកជនចិន ២រូប គឺលោកស្យុន សាង (Hiuan Tsang) និងលោក យី ស៊ីង (Yi Tsing) បានសរសេរកំណត់ហេតុពាក់ព័ន្ធនឹងជំនឿព្រះពុទ្ធសាសនានៅកម្ពុជា។ ក្នុងចំណោមឯកសារចិន ដែលល្បីជាងគេ គឺឯកសាររបស់លោកជីវ តាក្វាន់ (Tcheou ta-kouan) មានចំណងជើងថា “កំណត់ហេតុស្តីពីទំនៀមទម្លាប់ នៃប្រទេស ចេនឡា” ដោយបានពិពណ៌នាពីរាជធានីអង្គរ ពីជីវភាព ទំនៀមទម្លាប់អ្នកស្រុក និងស្ថាប័នសង្គម នារជ្ជកាលព្រះបាទជយវរ្ម័ន ទី៨។ ឯកសារដ៏សំខាន់នេះ បកប្រែដោយលោកលី ធាមតេង អតីតប្រធានសមាគមអ្នកនិពន្ធខ្មែរ ដែលបានទៅទស្សនា ប្រទេសចិន នៅឆ្នាំ១៩៦២ ដែលឯកសារនេះ បានក្លាយជាប្រទីបដ៏សែនភ្លឺ សម្រាប់អ្នកសិក្សាស្រាវជ្រាវ ជ្រោងមើលតថភាព សង្គមខ្មែរ នាចុងសម័យអង្គរ។
ការលើកឡើងដោយត្រួសៗនេះ បង្ហាញថា ជនជាតិចិន បានមកដល់កម្ពុជា មុនជនជាតិឥណ្ឌា ទៅទៀត ហើយសូម្បី ព្រះនាមព្រះមហាក្សត្រខ្មែរ ក៏ចិនកត់ត្រាតាមសំនៀងភាសាចិន ដែរ ដូចជា ព្រះបាទហ៊ុន ទៀន ព្រះនាងលីវ យី ព្រះបាទ ហ្វាន់ ចេម៉ាន់ (ស្រីមារៈ) និងព្រះបាទហ្វាន់ ស៊ីយុន ជាដើម។ ព្រះមហាក្សត្រខ្មែរ បានទ្រង់ប្រោសប្រណីដល់ជនជាតិចិន អន្តោប្រវេសន៍ ស្ទើរតែគ្រប់រជ្ជកាល ដោយអនុញ្ញាតឱ្យតាំងលំនៅ បានរៀបការជាមួយនារីខ្មែរ និងប្រោសប្រទានបុណ្យស័ក្តិ តាមការគួរ។ នារជ្ជកាលព្រះបាទស្រីធម្មរាជា ហៅព្រះរាជសម្ភារ មានការតែងតាំងជនជាតិចិន ៤នាក់ ឱ្យឡើងជាមេកង ក្នុងអង្គភាពកងទ័ពជើងទឹក រួមមានលោកចិន ចាន់តុក, ឡុក ចុងអៀ, សាម ចាន់ទៀវ និងចៀវ ចាន់កុក។ ចំណែកព្រះបាទ អង្គឌួង ក៏បានតែងតាំងគហបតីចិន៨រូប ឱ្យឡើងជាឧកញ៉ាដែរ ដូចជា “ឧកញ៉ាភោគាកៃ” ជាដើម។ ឧកញ៉ាចិន ទាំងនោះ កាន់ទំនៀមចិនសុទ្ធ ដោយកោរសក់ខាងលើថ្ងាស តែទុកកំប៉ោយទៅក្រោយ និងក្រងដូចសក់ស្រី ដូចយើងធ្លាប់ឃើញក្នុង ខ្សែភាពយន្តចិន។ ពេលឡើងគាល់ស្តេច ឧកញ៉ាចិន ទាំងនោះ ត្រូវស្លៀកសំពត់ចងក្បិនដូចមន្ត្រីខ្មែរដែរ តែមិនអាចលុបបំបាត់ សក់កំប៉ោយបានឡើយ ក៏ជាប់ជាពាក្យថា “កំប៉ោយចិន ក្បិនខ្មែរ” រហូតមក។
ចូលមកដល់សម័យសង្គមរាស្ត្រនិយម កាន់តែបើកទូលាយឱ្យជនជាតិចិន បានរស់នៅដោយស្រួល ក្នុងការប្រកបអាជីវកម្ម តាមជំនាញ។ ជនជាតិចិន កាន់តែមានចំនួនច្រើនឡើងនៅកម្ពុជា ប៉ុន្តែ សំខាន់មានតែ៤ពូជប៉ុណ្ណោះ គឺចិនកន្តាំង, ចិនទាជីវ, ចិនហៃណាំ និងចិនហុកកៀន។ ជនជាតិចិន ទាំងអស់ គេអាចស្គាល់គ្នាបានតាមរយៈគោត្តនាម ដែលរួមមាន១៣ត្រកូល ដូចជា ត្រកូលឡោ, យ៉ាង, ស៊ុនអ៊ី, តាំង, គួច, លី, អ៊ឹង, ហ្គូវ, សេង, ស្រេង, ជីវ ជាដើម។ ទំនាក់ទំនងមិត្តភាព រវាងសម្តេចឪ ព្រះបរមរតនកោដ្ឋ ជាមួយថ្នាក់ដឹកនាំចិន មានលោកម៉ៅ សេទុង, ជូ អេនឡាយ, តេង ស៊ាងពីង, ចេន យី, លី ប៉េង ជាដើម បានចម្លងយករបៀបពីបុរាណកាលទាំងអស់ ដោយហេតុថា ព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ មិនដែលបោះបង់ មិត្តភាពរវាងកម្ពុជា–ចិន។
បើនិយាយពីរឿង “នយោបាយចិន មកលើកម្ពុជា” យើងកត់សម្គាល់បានថា ថ្នាក់ដឹកនាំចិន គ្រប់ជំនាន់ តែងបង្កភាព ស្និទ្ធស្នាលជាមួយរដ្ឋាភិបាលកម្ពុជា ដោយមិនរើសបុគ្គល។ ជាក់ស្តែង កាលសម្តេចឪ កាន់អំណាច ចិនរាប់អានសម្តេចឪ យ៉ាងស្និទ្ធស្នាលបំផុត លុះប៉ុល ពត កាន់អំណាច ចិនក៏ងាកទៅចាប់ដៃប៉ុល ពត។ សព្វថ្ងៃ ខណៈដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងដឹកនាំប្រទេស យើងឃើញចិន បង្កភាពស្និទ្ធស្នាលជាមួយសម្តេច ក៏ដូចសមាជិករាជរដ្ឋាភិបាលខ្លាំងណាស់ បានទាំងផ្តល់ជំនួយឥណទាន ក៏ដូចជំនួយឥតសំណងដល់កម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់។ ទោះជាចិន បង្កភាពស្អិតល្មួត ជាមួយរដ្ឋាភិបាល ក៏មិនដែលឮអ្នកដឹកនាំចិន ឬមន្ត្រីទូតចិន រិះគន់បក្សប្រឆាំងនៅកម្ពុជា នោះឡើយ ដោយសារចិន អនុវត្ត គោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គេ។ ដូច្នេះឧបមាថា ទៅអនាគត លោកសម រង្ស៊ី, លោកកឹម សុខា, សម្តេចក្រុមព្រះនរោត្តម រណប្ញទ្ធិ, លោកសួន សេរីរដ្ឋា, លោកពេជ្រ ស្រស់ ឬលោក ញឹក ប៊ុនឆៃ ក៏ដូចជាមេបក្សឯទៀត ឈ្នះឆ្នោតបានដឹកនាំប្រទេស ច្បាស់ជាចិន ងាកទៅចាប់ដៃពួកលោកទាំងនោះ យ៉ាងស្និទ្ធស្នាលមិនខានឡើយ។
សព្វថ្ងៃ ដោយសារចិន ប្រើនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ទើបសូម្បីតែបក្សប្រឆាំង ក៏គាំទ្រចិន ដែរ ជាក់ ស្តែង លោកសម រង្ស៊ី លោកកឹម សុខា ធ្លាប់សរសើរចិន ថា ជាមហាមិត្តដ៏ឧត្តម។
សរុបទៅ “នយោបាយចិន មកលើកម្ពុជា” គឺផ្តោតទស្សនវិស័យទៅលើការយោគយល់គ្នាជាភាតរភាពនេះឯង។ ចិន ចូលចិត្តតែអ្វីដែលមានភាពទន់ភ្លន់ ដូចបញ្ហាសមុទ្រចិនខាងត្បូង ជាដើម នៅពេលរាជរដ្ឋាភិបាល ក៏ដូចបក្សប្រឆាំង នៅ កម្ពុជា រក្សាជំហរអព្យាក្រឹតនោះ ធ្វើឱ្យចិន ពេញចិត្តណាស់។ ផ្ទុយទៅវិញ បើសិនជាកម្ពុជា ថ្កោលទោសចិន ពាក់ព័ន្ធដល់ ចំណុចរសើបនោះ ច្បាស់ជាចិន កាត់បន្ថយជំនួយ ឬការគាំទ្រមិនខានឡើយ។ យើងមានជំនឿថា ទស្សនកិច្ចលោកស៊ី ជីនពីង ប្រធានាធិបតីចិន នៅកម្ពុជា ចំណងមិត្តភាពកម្ពុជា–ចិន នឹងកាន់តែស្និទ្ធស្នាលស្អិតល្មួតទ្វេឡើង៕
ដោយ ៖ អាចារ្យថាំ