Thursday, April 25, 2024
Homeព័ត៌មានជាតិប្រពន្ធ​កូន​លោក​កែម ឡី អំពាវ​នាវ​ជាថ្មី

ប្រពន្ធ​កូន​លោក​កែម ឡី អំពាវ​នាវ​ជាថ្មី

ភ្នំពេញ ៖ បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ បានផ្លាស់ប្តូរចិត្ត អនុញ្ញាតឱ្យមានការរៀបចំ ពិធីបុណ្យ១០០ថ្ងៃ លោកបណ្ឌិតកែម ឡី នៅ ក្នុងបរិវេណវត្តចាស់វិញនោះ អ្នកស្រីប៊ូ រចនា រួមនិងកូនៗទាំង៥នាក់ ដែលត្រូវជាភរិយា និង កូនៗរបស់លោកបណ្ឌិតកែម ឡី បានធ្វើការ អំពាវនាវសាជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានឱ្យអញ្ជើញចូលរួមឱ្យបានកុះករក្នុង ពិធីបុណ្យខួបគំរប់១០០ថ្ងៃរបស់លោកបណ្ឌិត  កែម ឡី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ រហូត ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបរិវេណវត្តពោធិយារាម ហៅវត្តចាស់ មានទីតាំង ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ត្រើយខាងកើត រាជធានីភ្នំពេញ។

ទន្ទឹមនឹងការអំពាវនាវនេះ អ្នកស្រីប៊ូ រចនា ភរិយាលោកបណ្ឌិតកែម ឡី បានសម្តែងនូវការ សោកស្តាយយ៉ាងខ្លាំងបំផុត ដែលមិនអាចចូលរួមក្នុងពិធីបុណ្យ១០០ថ្ងៃស្វាមីបាន ដោយសារ តែអ្នកស្រីទើបនឹងសម្រាលកូនទី៥ បានប៉ុន្មាន ថ្ងៃប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ អ្នកស្រីប៊ូ រចនា ភរិយា លោកបណ្ឌិត កែម ឡី ក្រោយពីបានផ្ញើសារនឹករលឹកស្វាមី និងបង្ហាញអារម្មណ៍ក្តុកក្តួល ពេលឃើញរូបសំណាកស្វាមី អ្នកស្រីក៏បានសំពះអំពាវនាវពី ចម្ងាយដល់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ចូល រួមបុណ្យ១០០ថ្ងៃរបស់ស្វាមីអ្នកស្រី ទាំងនៅ រាជធានីភ្នំពេញ និងនៅខេត្តតាកែវ។

សេចក្តីអំពាវនាវរបស់អ្នកស្រីប៊ូ រចនា ទាំងតាមរយៈសំណេរ និងវីដេអូឃ្លីបបង្ហោះតាម ប្រព័ន្ធហ្វេសប៊ុករបស់អ្នកស្រី មានខ្លឹមសារថា “ជម្រាប សួរបងប្អូន! នាងខ្ញុំឈ្មោះប៊ូ រចនា គឺ ជាភរិយារបស់លោកកែម ឡី នាងខ្ញុំសុំអំពាវនាវ ដល់ពុក ម៉ែ បងប្អូន យុវជន យុវតីទាំងអស់ ជនរួមជាតិទាំងអស់ គ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង ទាំងអស់ ទាំងក្នុងនិងក្រៅប្រទេសទាំងអស់ មេត្តា អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ របស់ប្តីនាងខ្ញុំ ដែលប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤, ១៥, ១៦, ១៧ ខែ១០ ឆ្នាំ២០១៦។ ថ្ងៃទី១៤ និង១៥ ធ្វើនៅវត្តចាស់ត្រើយខាង កើតស្ពានជ្រោយចង្វា ដែលជាទីកន្លែងដដែល កាលពីពេលធ្វើបុណ្យសពប្តីរបស់នាងខ្ញុំ។ កម្មវិធីបុណ្យចំនួន២ថ្ងៃ នៅវត្តចាស់នេះ នៅវេលា រសៀល ទទួលភ្ញៀវទាំង២ថ្ងៃតែម្តង។ ប៉ុន្តែនៅ ព្រឹកថ្ងៃទី១៥ មានកម្មវិធីពិសេស រាប់បាត្រ ព្រះសង្ឃចំនួន ៥០០អង្គ។ នៅថ្ងៃទី១៦ វេលា ម៉ោង៧ព្រឹក ដង្ហែរូបសំណាកទៅកាន់បូជនីយដ្ឋាននៃសពនៅខេត្តតាកែវ។ នៅល្ងាចថ្ងៃដដែល មានកម្មវិធីសាសនា លុះព្រឹកឡើងថ្ងៃទី១៧ ធ្វើកម្មវិធីសាសនាបន្តបន្ទាប់វេរភត្តាហារប្រគេន ព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។ នាងខ្ញុំប៊ូ រចនា ជាភិយាលោកបណ្ឌិតកែម ឡី សូមគោរពអញ្ជើញ ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ រួមមានឯកឧត្តម លោកជំទាវ, លោក, លោកស្រី, បញ្ញវន្ត, និស្សិត, យុវជន, យុវតី ទាំងអស់ពីចម្ងាយ ដោយក្តី សន្តោសនិងក្តីអនុគ្រោះ ហើយនាងខ្ញុំសោកស្តាយណាស់ ដែលក្នុងរយៈពេលធ្វើបុណ្យប្តី នា ពេលប៉ុន្មានថ្ងៃខាងមុខនេះ នាងខ្ញុំអត់បានទៅ ទេ ដោយនាងខ្ញុំទើបតែឆ្លងទន្លេហើយ មិនអាច ធ្វើដំណើរឆ្ងាយបាន។ អ៊ីចឹងមានតែម្រាមដៃ ដប់ សុំអំពាវនាវដល់ពុកម៉ែ បងប្អូនទាំងអស់ ពីចម្ងាយ ចូលរួមធ្វើពិធីបុណ្យនេះឱ្យបានច្រើន កុះករ”។

ជាមួយគ្នានេះដែរ ព្រះតេជគុណប៊ុត ប៊ុនតិញ តំណាងគណៈកម្មការរៀបចំបុណ្យ១០០ថ្ងៃ សពលោកបណ្ឌិតកែម ឡី ក៏បានអំពាវនាវដល់ មហាជនទូទៅដែលគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី មេត្តាចូលរួមបុណ្យ១០០ថ្ងៃនៃសព លោកបណ្ឌិតនៅវត្តចាស់ និងហែរូបសំណាកទៅ កាន់ទីបញ្ចុះសពនៅខេត្តតាកែវ ឱ្យបានច្រើន កុះករ។

ចំណែកគណៈកម្មការបុណ្យខួប១០០ថ្ងៃ នៃសពលោកបណ្ឌិតកែម ឡី បានចេញផ្សាយ លិខិត និមន្ត យាង និងគោរពអញ្ជើញចូលរួម បុណ្យខួបគម្រប់១០០ថ្ងៃ នៃសពលោកបណ្ឌិត កែម ឡី ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដែលមានខ្លឹមសារថា “ខ្ញុំព្រះកុរណាអាត្មាភាព យើងខ្ញុំទាំងអស់គ្នាជាគណៈកម្មការបុណ្យខួប ១០០ថ្ងៃនៃសពលោកបណ្ឌិតកែម ឡី មាន កិត្តិយស សូមនិមន្ត យាង និងគោរពអញ្ជើញ ព្រះតេជព្រះគុណ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងសប្បុរសជនជិតឆ្ងាយ គ្រប់និន្នាការនយោបាយទាំងអស់ ព្រះមេត្តា និងមេត្តា និមន្តយាង និងអញ្ជើញ ចូលរួមពិធីបុណ្យខួប១០០ថ្ងៃនៃសពលោកបណ្ឌិតកែម ឡី ឱ្យបានច្រើនកុះករ តាមកម្មវិធី និងទីកន្លែង ដែលបានកំណត់ដូចមានភ្ជាប់មក ខាងក្រោមនេះ។

សូមបញ្ជាក់ថា ៖ សាលារាជធានីភ្នំពេញ បានអនុញ្ញាតឱ្យគណៈកម្មការបុណ្យខួប១០០ ថ្ងៃនៃសពលោកបណ្ឌិតកែម ឡី រៀបចំធ្វើពិធី បុណ្យនេះ ទៅតាមកម្មវិធីដែលបានគ្រោងទុក”។

យោងតាមគណៈកម្មការបុណ្យខួប១០០ ថ្ងៃនៃសពលោកបណ្ឌិតកែម ឡី បានបញ្ជាក់ ថា ពិធីបុណ្យ១០០ថ្ងៃលោកបណ្ឌិតកែម ឡី រៀបចំធ្វើនៅថ្ងៃទី១៤ ១៥ និង១៦ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបរិវេណវត្តចាស់ ស្ថិតក្នុង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ត្រើយ ខាងកើត រាជធានីភ្នំពេញ។ នៅថ្ងៃទី១៦ តុលា នឹងមានការដង្ហែរូបសំណាកលោកបណ្ឌិតកែម ឡី ឆ្ពោះទៅកាន់ទីបញ្ចុះសពនៅស្រុកកំណើត របស់លោក ឯភូមិអង្គតាកុប ឃុំលាយបូរ ស្រុក ត្រាំកក់ ខេត្តតាកែវ។

គួររំព្ញកថា លោកបណ្ឌិតកែម ឡី ត្រូវបាន ឃាតករដៃឆៅម្នាក់បាញ់ប្រហារ២គ្រាប់ បណ្តាល ឱ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម កាល ពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាត ស្ថានីយ ប្រេងឥន្ធនៈកាល់តិច (ស្តុបបូកគោ) តាម បណ្តោយមហាវិថីព្រះមុនីវង្ស កែងមហាវិថី ម៉ៅសេទុង ស្ថិតក្រុម៧៦ ភូមិ១៣ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ខណៈដែលលោក កំពុងអង្គុយទទួលទានកាហ្វេនៅទីនោះ។ ជនដៃដល់ជាខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់លោក បណ្ឌិតកែម ឡី ចំនួន២គ្រាប់ ចំក្បាល១គ្រាប់ និងចំដើមដៃធ្លាយមកក្រោមដោះខាងស្តាំ១ គ្រាប់នោះ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន បានភ្លាមៗក្រោយពេលជនដៃដល់ បានព្យាយាម រត់ដោយថ្មើរជើង រហូតមកដល់ផ្សារទំនើប អ៊ីអន តាមផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងដកហូតកាំភ្លើងខ្លី ម៉ាកឡុក១៩ ផលិតនៅប្រទេសចិន១ដើម ពណ៌ ខ្មៅ និងបង់ចំនួន២។

ក្រោយឃាត់ខ្លួនភ្លាមៗ ជនសង្ស័យជា ឃាតករបានអះអាងថា ខ្លួនមានឈ្មោះជួប សម្លាប់ អាយុ៣២ឆ្នាំ មុខរបរកម្មករបាញ់ថ្នាំសត្វល្អិត នៅស្រុកស្រះកែវ ប្រទេសថៃ និងមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ហើយការ បាញ់សម្លាប់លោកកែម ឡី ដោយសារតែជនរងគ្រោះជំពាក់លុយចំនួន៤ពាន់ដុល្លារ អស់រយៈ ពេល១ឆ្នាំ ហើយមិនព្រមសង ហើយបើទោះ ជាមានការអះអាងថា សាវតារជាតិរបស់ជនសង្ស័យមាន ឈ្មោះអឿង អាង អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅភូមិទន្លេសរ ឃុំនគរភាស ស្រុកអង្គរជុំ យ៉ាងណា ក៏ជនសង្ស័យជាឃាតករ រូបនេះ នៅតែរក្សាចម្លើយសារភាពដដែលជា ដដែលថា ខ្លួនមានឈ្មោះជួប សម្លាប់ និងបាញ់ សម្លាប់លោកកែម ឡី ព្រោះខឹងជំពាក់ប្រាក់ មិនសង។

ជនសង្ស័យដែលប្រើរហស្សនាម ជួប សម្លាប់ នោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ហើយត្រូវបានតុលាការ សម្រេចចោទប្រកាន់ ពីបទ “មនុស្សឃាតគិតទុកជាមុន និងប្រើអាវុធ ដោយគ្មានការអនុញ្ញាត” រួចត្រូវបានតុលាការ សម្រេចឱ្យឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៦។ យ៉ាងណា សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកអ្នកនៅពីក្រោយអំពើឃាតកម្មដ៏សាហាវ នេះ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាម ច្បាប់៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES