Thursday, August 21, 2025
Homeព័ត៌មានជាតិរូបរាងស្អាតបាត ហេតុអីប្រឌិតរឿងផ្អើលសមត្ថកិច្ចបែបនេះ?

រូបរាងស្អាតបាត ហេតុអីប្រឌិតរឿងផ្អើលសមត្ថកិច្ចបែបនេះ?

ភ្នំពេញ ៖ ស្ត្រីរូបស្រស់ជាជនជាតិចិនម្នាក់ បានស្រែកឆោឡោរត់ទៅប្តឹងសមត្ថកិច្ចដោយអះអាងថា នាងត្រូវបានចោរឆក់កាបូបអស់លុយពីខ្លួន លុះសមត្ថកិច្ចធ្វើការស្រាវជ្រាវល្អិតល្អន់ ទើបដឹងថា គឺជារឿងប្រឌិត មូលហេតុដោយសារស្ត្រីខាងលើអត់មានលុយវិលត្រឡប់ទៅស្រុកកំណើតប្រទេសចិន វិញ ក៏ប្រឌិតរឿងនេះឡើង ក្រែងមានអ្នកអាណិតអាសូរផ្តល់លុយកាក់ខ្លះវិលទៅស្រុកវិញ។

យោងតាមសេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទិ២៧ ខែតុលា ឆ្នាំ២០២០ ថា ករណីស្ត្រីជនជាតិចិនម្នាក់ ដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ត្រូវបានចោរឆក់កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នោះ ជាព័ត៌មានមិនពិត ជាក់ស្តែងគឺមិនមានករណីឆក់កើតឡើងដូចស្ត្រីចិន រូបនេះលើកឡើងឡើយ។

បន្ទាប់ពីធ្វើការសហការស្រាវជ្រាវរវាងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ការិយាល័យអនុវត្តនីតិវិធី នៃផែនអន្តោប្រវេសន៍ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ អស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ច បានរកឃើញស្ត្រីជនជាតិចិន ឈ្មោះ ZHAO YUNYAN ហើយបាននាំយកមកធ្វើការសាកសួរ និងបំភ្លឺចំពោះករណីដែលគាត់បានលើកឡើងថា មានករណីចោរឆក់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ។

ក្រោយពីធ្វើការសាកសួរ ស្ត្រីរូបនេះបានសារភាពថា មិនមានករណីចោរឆក់កើតឡើងមកលើរូបនាងនោះទេ ដោយសារតែនាងចង់បានលុយដើម្បីត្រឡប់ទៅប្រទេសចិន វិញ ទើបប្រឌិតរឿងនេះឡើង។ ម៉្យាងវិញទៀត ដោយមានការសង្ស័យថា ស្ត្រីរូបនេះប្រើប្រាស់សារធាតុញៀន មន្ត្រីជំនាញបានធ្វើតេស្តទឹកនោមស្ត្រីជនជាតិចិនរូបនេះ ជាលទ្ធផល បានបង្ហាញថា ស្ត្រីរូបនេះពិតជាបានប្រើប្រាស់សារធាតុញៀនប្រាកដមែន។

ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប៉ុស្តិ៍នគរបាលរដ្ឋចតុមុខ នៃអធិការដ្ឋាននគបាលខណ្ឌដូនពេញ កំពុងរៀបចំឯកសារបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសុំគោលការណ៍ពីថ្នាក់ដឹកនាំ ត្រៀមបណ្តេញស្ត្រីជនជាតិចិនរូបនេះ ចេញពីប្រទេសកម្ពុជា។

សមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវដល់សារព័ត៌មាន ដើម្បីចូលរួមសហការទប់ស្កាត់ព័ត៌មានមិនពិត មុននឹងធ្វើការចុះផ្សាយទាក់ទងទៅនឹងករណីអ្វីមួយដែលមិនមានប្រភពច្បាស់លាស់ សូមធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីកុំឱ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសការចុះផ្សាយព័ត៌មានមិនពិតមួយចំនួន អាចក្នុងគោលបំណងអាក្រក់ដើម្បីបំពុលបរិយាកាសសង្គមផងដែរ៕

RELATED ARTICLES