ភ្នំពេញ ៖ ខ្មាន់កាំភ្លើងម្នាក់ជិះរថយន្តស៊េរីទំនើបមួយគ្រឿង មិនដឹងជាមានទំនាស់ពាក្យសម្តីអ្វីជាមួយនឹងបុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ ស្រាប់តែបើករថយន្តដេញតាមពីក្រោយ រួចបើកកញ្ចក់ដកកាំភ្លើងបាញ់រះទៅលើម៉ូតូកង់បី ចំនួន៥គ្រាប់ បណ្តាលឱ្យត្រូវ១គ្រាប់ ចំម៉ូតូកង់បី សំណាងល្អ មិនមានគ្រោះថ្នាក់ដល់អ្នកបើកម៉ូតូកង់បី ចំណែកខ្មាន់កាំភ្លើង ក្រោយបាញ់រះរួច ក៏បើករថយន្តគេចខ្លួនបាត់។

ហេតុការណ៍បាញ់បោះសេរីខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី កែងផ្លូវ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូកង់បី១គ្រឿង ពណ៌លឿង និងរថយន្តស៊េរីទំនើប ម៉ាករ៉ុលរ៉យ ពណ៌ស មួយគ្រឿង មិនចាំស្លាកលេខ ដោយធ្វើដំណើរចុះពីស្ពានអាកាស ៧មករា ក្នុងទិសដៅពីលិចទៅកើត (ស្របទិសគ្នា) ដោយមិនដឹងថាភាគីទាំងពីរមានទំនាស់គ្នារឿងអ្វីនោះទេ។

លុះមកដល់ចំណុចកើតហេតុ ខាងម៉ូតូកង់បីនៅខាងមុខ ឯរថយន្តនៅខាងក្រោយ បញ្ឆិតគ្នា ស្រាប់តែខ្មាន់កាំភ្លើងដែលជិះក្នុងរថយន្តស៊េរីទំនើប បានបើកកញ្ចក់រថយន្ត ដកកាំភ្លើងបាញ់រះទៅលើអ្នកបើកបរម៉ូតូកង់បី ចំនួន៥គ្រាប់ បណ្តាលឱ្យ១គ្រាប់ ត្រូវម៉ូតូកង់បី ធ្លុះ។ ភ្លាមៗនោះ ខ្មាន់កាំភ្លើងបានឈប់រថយន្តមួយភ្លែត ហើយក៏បិទកញ្ចក់រថយន្តវិញ រួចបើកគេចចេញបាត់ភ្លាមៗ។

បុរសរងគ្រោះ ជាម្ចាស់ម៉ូតូកង់បី មិនបានប្រាប់ពីមូលហេតុអ្វីឱ្យពិតប្រាកដនោះទេ គ្រាន់តែបានប្រាប់ថា ខ្មាន់កាំភ្លើងជិះរថយន្ត ម៉ាករ៉ុលរ៉យ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កម្ពុជា …។ បន្ទាប់មក បុរសជាអ្នកបើកម៉ូតូកង់បីរូបនោះ ក៏បន្តដំណើរទៅមុខបាត់ទៅ ដោយមិនបានដាក់ពាក្យបណ្តឹងអ្វីទាំងអស់។

ក្រោយកើតហេតុ លោកសុខ ហេង អធិការខណ្ឌទួលគោក បានដឹកនាំកម្លាំងចុះមកពិនិត្យទីតាំងកើតហេតុ ព្រមទាំងរកឃើញសំបកការ៍ទុស្ស ចំនួន៤គ្រាប់ និងធ្វើការសួរនាំនៅនឹងកន្លែងកើតហេតុ ងាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវរកជនបង្កហេតុ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕