ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ៖ យោងទៅតាមការសិក្សាស្រាវជ្រាវដែលត្រូវបានធ្វើឡើងនៅប្រទេស ស្វីស និងត្រូវបានបោះពុម្ពផ្សាយដោយព្រឹត្តិបត្រផ្នែកវិទ្យាសាស្រ្តបរិស្ថាននិងបច្ចេកវិទ្យា នៃសង្គមគីមី សាស្ត្ររបស់ហរដ្ឋអាមេរិក (American Chemical Society) នៅថ្ងៃទី0១ ខែមករា ឆ្នាំ២០០៦ ជារួមមក ទោចក្រយានយន្តបញ្ចេញនូវសារធាតុអ៊ីដ្រូកាបូន ប្រមាណជាង១៦ដង សារធាតុកាបូនម៉ូណូអុកស៊ីត ប្រមាណជាង៣ដង និង សារធាតុពុលក្នុងអាកាសដទៃទៀត ដែលមានគម្លាតមិនសមាមាត្រច្រើនជាងរថយន្តអ្នកដំណើរ។
សារធាតុអ៊ីដ្រូកាបូន ដែលបញ្ចេញដោយទោចក្រយានយន្តកង់ពីរនេះ មានភាពទាក់ទងទៅនឹងការកើនឡើងនៃកម្តៅផែនដី និងត្រូវបានសង្ស័យថា បង្កនូវជម្ងឺមហារីក ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្សជាតិ។

រឿងចាំបាច់ដែលត្រូវធ្វើនៅពេលនេះ គឺការផ្លាស់ប្តូរទៅរកការប្រើប្រាស់ទោចក្រយានយន្ត ដែលយកចិត្តទុកដាក់ទៅលើបរិស្ថាន និងមិនប៉ះពាល់ដល់សុខភាពមនុស្សជាតិ។ ទោចក្រយានយន្តដែលប្រើប្រាស់អគ្គិសនី គឺជាចម្លើយតែមួយគត់ ហើយក្រុមហ៊ុន OYIKA គឺមានដំណោះស្រាយមួយដើម្បីកាត់បន្ថយនូវ រនាំងក្នុងការចាប់ផ្តើមប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី (e-motorbike)។
OYIKA គឺជាក្រុមហ៊ុនដែលត្រូវបានវិនិយោគដោយក្រុមបណ្តាក់ទុនរួមរបស់ប្រទេសសិង្ហបុរី ហើយបានចាប់ផ្តើមធ្វើឱ្យគំនិតក្នុងការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយ សម្រាប់ទោចក្រយានយន្តលេចជារូបរាងឡើងនៅឆ្នាំ២០១៨។

ក្រុមហ៊ុន OYIKA បានចូលមកព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៩ និងត្រូវបានដឹកនាំដោយលោកប្រធាន Carl Wong។ គេឃើញមានយានយន្តដែលបានចុះបញ្ជី ជាង៥លានគ្រឿង ដែល៨៥% គឺជាទោចក្រយានយន្ត ហើយមានតិចជាង០.១% ដែលប្រើប្រាស់ថាមពលអគ្គិសនី។
យោងទៅតាមតួលេខរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅឆ្នាំ២០១៩ យានយន្តជាង៦៤០.១៨៣ ត្រូវបានចុះបញ្ជី ហើយទោចក្រយានយន្តមាន៥៣១.២៦៩។

លោក Carl បានមានប្រសាសន៍ថា “យើងបានចាប់ផ្តើមដោយមានស្ថានីយ ចំនួន១០ នៅរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយបានផ្តល់ដល់អ្នកជិះនូវគម្រោងបង់ប្រាក់ក្នុងតម្លៃ៦៩ដុល្លារ ក្នុង១ខែ ដោយផ្តល់ជូននូវទោចក្រយានយន្តអគ្គិសនីមួយគ្រឿង និងគម្រោងផ្លាស់ប្តូរអាគុយ សំរាប់ការធ្វើដំណើរចម្ងាយ ១៥០០ គីឡូម៉ែត្រ ក្នុង១ខែ” ។
លោក Carl បន្តថា “និយាយឱ្យត្រង់ ការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយ វាដំណើរការទៅមិនរលូនពេកនោះទេ។ ពីព្រោះមនុស្សភាគច្រើននៅស្រឡាញ់ចូលចិត្ត ទោចក្រយានយន្តដែលបញ្ចេញចំហេះខាងក្នុងរបស់ពួកគេ ហើយពួកគេនៅមិនទាន់ទុកចិត្តទៅលើទោចក្រយានយន្តអគ្គិសនី។ ដូច្នេះយើងបានចាប់ផ្តើមនូវ Go2 ដែលជាសេវាកម្មធ្វើដំណើរដោយការចែករំលែក ដែលជាគម្រោងបង់ប្រាក់នៅពេលចេញដំណើរតែប៉ុណ្ណោះ ហើយមិនតម្រូវឱ្យមានកិច្ចសន្យា មិនមានការបង់ប្រាក់ជាមុន និងប្រាក់កក់ឡើយ។ យើងចាប់ផ្តើមវានៅខែឧសភា ឆ្នាំនេះ ដែលការចាប់ផ្តើមនេះមានចំណុចវិជ្ជមានជាច្រើន ហើយយើងមានបំណងបង្កើនឱ្យមានការប្រើប្រាស់វាច្រើនជាងនេះនៅឆ្នាំក្រោយ!”។

លោក Carl បន្តទៀតថា “ការធ្វើដំណើរជាទូទៅ ត្រូវចំណាយប្រហែលជា០.៧៥ដុល្លាប៉ុណ្ណោះ សម្រាប់ចម្ងាយ ៦គីឡូម៉ែត្រ។ វាជាការធ្វើដំណើរដោយខ្លួនឯង។ ហើយមនុស្សអាចប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី នៅពេលដែលត្រូវការ និងអាចទុកវានៅតាមគោលដៅស្ថានីយនីមួយៗដែលមាន”។
លោក Carl បន្ថែមថា “រឿងដែលសំខាន់នោះគឺ ការធ្វើដំណើរដោយចែករំលែកជាមួយនឹងការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយ បានចូលរួមកាត់បន្ថយនូវរនាំងក្នុងការចាប់ផ្តើមប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី ផងដែរ”។

ក្រុមហ៊ុន OYIKA ទទួលបាននូវប្រាក់ឧបត្ថម្ភពីកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (United Nations Development Programme: UNDP) ដើម្បីពង្រីកនូវការសាកល្បងក្នុងការធ្វើដំណើរដោយការចែករំលែកនៅ រាជធានីភ្នំពេញ ដែលចូលរួមឱ្យការចាប់ផ្តើមរបស់វាអាចដំណើរការទៅបាន ហើយសង្ឃឹមថា អាចនឹងពង្រីក ឱ្យបានទូលំទូលាយទៅកាន់តំបន់ដាច់ស្រយាលនានា នៃព្រះរាជាណាចក្រកម្ពុជា៕